(ភ្នំពេញ)៖ ប្រមុខការទូតកម្ពុជាលោក ប្រាក់ សុខុន នឹងដឹកនាំគណៈប្រតិភូ នឹងទៅចូលរួម «កិច្ចប្រជុំពិសេសរដ្ឋមន្រ្តីការបរទេសអាស៊ាន-សហរដ្ឋអាមេរិក» នៅថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០១៧ នាទីក្រុងវ៉ាស៊ីនតោន សហរដ្ឋអាមេរិក នេះបើយោងតាមលិខិតជូនដំណឹងរបស់ក្រសួងការបរទេស ដែលទើបទទួលបាននៅរសៀលថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៧នេះ។

នេះជាកិច្ចប្រជុំលើកទី១ រវាងរដ្ឋមន្រ្តីការបរទេសអាស៊ាន និងរដ្ឋមន្រ្តីការបរទេសអាមេរិក ចាប់តាំងពីរដ្ឋបាលថ្មីរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ ចូលកាន់អំណាច កាលពីខែមករា ឆ្នាំ២០១៧កន្លងទៅ។​

ក្រសួងការបរទេសកម្ពុជា មានការរំពឹងថា កិច្ចប្រជុំនេះនឹងបញ្ជាក់អះអាងឡើងវិញនូវបំណងរួម នឹងរឹងមាំរបស់ភាគីទាំងពីរក្នុងការពង្រឹង និងធ្វើឲ្យស៊ីជម្រៅ ទំនាក់ទំនងដៃគូសន្ទនារវាងអាស៊ាន និងសហរដ្ឋអាមេរិក ដែលត្រូវបានថ្នាក់ដឹកនាំអាស៊ានតម្លើងមកជាដៃគូយុទ្ធសាស្រ្ត កាលពីខែវិច្ឆិកា ឆ្នាំ២០១៥។ នៅក្នុងសេចក្តីជូនដំណឹងរបស់ក្រសួងការបរទេសកម្ពុជា បានបញ្ជាក់ អាមេរិកជាដៃគូពាណិជ្ជកម្មធំបំផុតទី៤ របស់អាស៊ាន។

នៅក្នុងអំឡុងពេលស្នាក់នៅរដ្ឋធានីវ៉ាស៊ីនតោន ទេសរដ្ឋមន្រ្តី ប្រាក់ សុខុន ក៏នឹងមានជំនួបទ្វេភាគីជាមួយ រដ្ឋមន្រ្តីសន្តិសុខមាតុភូមិរបស់អាមេរិកផងដែរ៕