(តាកែវ)៖ នាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង តំណាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានអញ្ជើញជាអធិបតី ក្នុងពិធីបញ្ចុះខ័ណ្ឌសីមា និងសម្ពោធសមិទ្ធិផលនានា ក្នុងវត្តចិញ្ចាត្រ័យ ហៅវត្តអំពិលបី និងជួបសំណេះសំណាល ជាមួយសមាជិកគណបក្សប្រជាជនស្រុកសំរោង និងស្រុកបាទី ប្រមាណ៤ពាន់នាក់។
ពិធីនេះ ត្រូវបានធ្វើឡើងនៅពឹ្រកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៧នេះ ដោយមានការចូលរួមពី លោក ម៉ុក ម៉ារេត ប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយស្រុកសំរោង និងមន្ដ្រីរាជការ កងកម្លាំងប្រដាប់អាវុធ ព្រមទាំងប្រជាពលរដ្ឋ ជាច្រើនរូបទៀតផងដែរ។
នាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង បាននាំនូវការផ្តាំផ្ញើការសាកសួរសុខទុក្ខ ដល់សមាជិក សមាជិកា ប្រជាពលរដ្ឋ សិស្សានុសិស្ស ពុទ្ធបរិសទទាំងអស់ ពីសំណាក់ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផងដែរ។
នាយឧត្តមសេនីយ៍ ក្នុងនាមលោក ម៉ុក ម៉ារេត ប្រធានក្រុមការងារថ្នាក់ជាតិ ប្រចាំស្រុកសំរោង បានសម្ដែងនូវការកោតសរសើរដល់ លោកអភិបាលស្រុក ព្រះចៅអធិការវត្ត ដែលបានខិតខំគៀងគរសប្បុរសជន ដើម្បីមកជួយកសាងអភិវឌ្ឍនូវសមទ្ធផលជាច្រើន នៅក្នុងវត្តដែលមានដូចពេលនេះ។
ក្នុងនោះ នាយឧត្តមសេនីយ៍ បានលើកឡើងពីប្រវត្តិដ៏ជូជត់ និងទុក្ខវេទនាបំផុត ដែលប្រជាពលរដ្ឋកម្ពុជាបានជួប ប្រទះក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត ជាក់ស្តែងនៅវត្តអំពិលបី នេះតែម្តងត្រូវបានបំផ្លាញខ្ទេចខ្ទី គ្មានសល់ទេ ហើយពេលនោះដែរ ពុំមានគណបក្សនយោបាយ ឬជនមួយចំនួនដែលអះអាងថា ជាអ្នកស្នេហាជាតិចេញមុខមកសង្គ្រោះជាតិនោះទេ គឺមានតែសម្តេចទាំងបី ដែលដឹកនាំរំដោះ និងកសាងប្រទេសជាតិ តាំងពីបាតដៃទទេ ពីគំនរផេះផង់ ហើយបាននាំសុខសន្តិភាព ស្ថិរភាព ពេញផ្ទៃប្រទេស។
នាយឧត្តមសេនីយ៍បានលើកឡើងយ៉ាងច្បាស់ថា ការពារដាច់ខាតមិនឲ្យមានបដិវត្តន៍ពណ៌ នៅលើទឹកដីប្រទេសកម្ពុជានោះទេ ទោះត្រូវចាយក្នុងតម្លៃណាក៏ដោយ ហើយលោកបញ្ជាក់ថា ក្រោមការដឹកនាំរបស់រាជរដ្ឋរាភិបាលកម្ពុជា បានខិតខំពុះពារ គ្រប់ឧបសគ្គ រក្សាបាននូវ សុខសន្តិភាព ស្ថេរភាព រហូតអភិវឌ្ឍ ប្រទេសជាតិឈានឆ្ពោះទៅរកការរីកចម្រើន។
នាយឧត្តមសេនីយ៍រូបនេះ សង្កត់ធ្ងន់ថា បើគ្មានគោលនយោបាយឈ្នះឈ្នះ របស់រាជរដ្ឋាភិបាលទេ សង្គ្រាមនៅកម្ពុជា មកដល់ពេលនេះក៏នៅមិនទាន់ចប់ផង សូមពុក ម៉ែ បងប្អូន ត្រូវយល់ពីបញ្ហានេះ កុំចាញ់បោកជនអគតិមួយចំនួន ដែលតែងតែញុះញុង ចង់បំផ្លាញសុខសន្តិភាពដែលទទួលបានយ៉ាងលំបាក។ ប៉ុន្តែមានជនមួយក្តាប់តូច តែងតែ លើកតម្កើងថ្ងៃ២៣ តុលា ដោយចោទរាជរដ្ឋាភិបាលថាបានរំលោភ កិច្ចព្រមព្រៀងសន្ធិសញ្ញាក្រុងបារីស ២៣តុលាទៅវិញ យ៉ាងណាក៏ដោយ បើគ្មានថ្ងៃ៧មករាទេ ក៏គ្មានកិច្ចព្រមព្រៀងសន្តិភាព២៣ តុលា ក៏គ្មានសិទ្ធមនុស្ស គ្មានសុខសន្តិភាព ស្ថេរភាព និងការអភិវឌ្ឍរីកចម្រើន លូតលាស់លើគ្រប់វិស័យ ដូចសព្វថ្ងៃនេះដែរ។
សូមរំលឹកថា នាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង សន្យាកសាងអាគារទីចាត់ការមួយខ្នង មាន៣បន្ទប់ និងកសាងបណ្ណាល័យ ១ខ្នងមាន៣បន្ទប់ ជូនវិទ្យាល័យសុខ អាន សំរោង កសាងក្នុងនាម សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងប្រគេនបច្ច័យ កសាងដល់វត្តចិញ្ចាត្រ័យ ហៅវត្តអំពិលបី ចំនួន៤០លានរៀល និងឧបត្ថម្ភថវិការទាំង៨ទិស ក្នុង១ទិស៥០ម៉ឺនរៀល និងទិសឥន្ទកិល១លានរៀល។
បន្ថែមពីនេះ លោកឧបត្ថម្ភ វិទ្យាល័យ សុខ អាន សំរោង, សាលាស្រុកសំរោង កុំព្យូទ័រយួដៃ៤គ្រឿង និងថវិកា១លានរៀល, សាលាស្រុកបាទី កុំព្យូទ័រ៤គ្រឿង និងថវិកា១លានរៀល, តំបន់ប្រតិបត្តិការសឹកតាកែវ កុំព្យួទ័រ០២គ្រឿង ព្រីនធ័រ០២គ្រឿង ព្រមទាំងចែកជូនអំណោយអនុស្សាវរីយ៍ ដល់តាជីយាយជី លោកគ្រូអ្នកគ្រូ ក្រុមប្រឹក្សាឃុំ ប្រជាពលរដ្ឋ សិស្សានុសិស្ស កងកម្លាំងប្រដាប់អាវុធ ផងដែរ៕