(ត្បូងឃ្មុំ)៖ លោក វ៉ា សារិទ្ធ សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជា ខេត្តត្បូងឃ្មុំ និងជាប្រធានក្រុមការងារ ចុះជួយឃុំគោកស្រុក ស្រុកតំបែរ ខេត្តត្បូងឃ្មុំ បានថ្លែងថា ប្រទេសកម្ពុជា ទទួលបានសុខសន្តិភាពជាង៣០ឆ្នាំកន្លងមក គឺគណបក្សប្រជាជនកម្ពុជា ខំរកមកបានទាំងលំបាក ដូច្នេះយើងទាំងអស់គ្នាត្រូវ ចូលរួមការពារសុខសន្តិភាពនេះជាមួយគ្នាបន្តទៀត។
ការថ្លែងបែបនេះរបស់លោក ធ្វើឡើងក្នុងឱកាសអញ្ជើញចុះ ជួបសំណេះសំណាលជាមួយសមាជិក សមាជិកា គណបក្សប្រជាជន ភូមិត្រពាំងឬស្សី ក្នុងឃុំគោកស្រុក ស្រុកតំបែរ ខេត្តត្បូងឃ្មុំ ចំនួន៣៣០នាក់ នៅព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៧នេះ។
លោកបានរម្លឹកនូវប្រវត្តិ រងគ្រោះនៃការផ្លាស់ប្តូរ ការដឹកនាំប្រទេស ដោយធ្វើរដ្ឋប្រហារ ទំលាក់ថ្នាក់ដឹកនាំ ដោយរបបលន់ នល់ និងការទទួលរងនូវភាពចលាចល ដោយការផ្លាស់ប្តូររបបនយោបាយ ពីទស្សវត្ស ឆ្នាំ៧០ ដល់៧៩ ក្នុងអំឡុងពេលនោះ អតីតកាលដ៏ខ្មៅងងឹតពោរពេញ ដោយការឈឺចាប់ខ្លោចផ្សារកទីបំផុតគ្មាន ដោយបង្កឡើងដោយសង្គ្រាម ធ្វើការកាប់សម្លាប់ជាតិសាស្ត្រខ្លួនឯង ដែលប្រជាជនកម្ពុជា ចង់ចាំមិនភ្លេចនោះ គឺអំពើប្រល័យពូជសាសន៍របស់ពួក ប៉ុល ពត ក៏ដូចជារម្លឹកទៅដល់ ប្រវត្តិនៃការផ្តួលរំលំរបបខ្មែរក្រហមនោះ ។
លោកបន្តថា ក្រោយថ្ងៃរំដោះ៧មករា ឆ្នាំ១៩៧៩ រហូតមកដល់ពេលនេះ ប្រទេសជាតិ បានទទួលសុខសន្តិភាព ជាង៣០ឆ្នាំទៅហើយ ដែលសន្តិភាពនេះ គឺទទួលបាន យ៉ាងលំបាក ក្រោមការតស៊ូ ពុះពារ លះបង់ ទាំងកម្លាំងកាយ កម្លាំចិត្តរបស់ឥស្សរជន ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ដែលមានសម្តេច ជា ស៊ីម សម្តេច ហេង សំរិន និងសម្តេច ហ៊ុន សែន ដោយកសាងប្រទេសជាតិ តាំងពីបាតដៃទទេ ពីគំនរផេះផង់ ដោយសារភ្លើងសង្គ្រាមមនោះ រហូតដល់មានការអភិវឌ្ឍន៍ជាបន្តបន្ទាប់ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខ ដោយអនុវត្តន៍នូវគោលនយោបាយ ឈ្នះឈ្នះ ដែលជាគោលនយោបាយ បង្រួបបង្រួមជាតិតែ១ ខ្មែរតែ១ ទើបទទួលបាននូវសុខសន្តិភាព ស្ថេរភាព ការអភិវឌ្ឍន៍ប្រទេសជាតិ មានការរីកចម្រើន លើគ្រប់វិស័យដូចសព្វថ្ងៃនេះ។
លោកក៍បានសង្កត់ធ្ងន់ថា «យើងទាំងអស់គ្នាត្រូវការពារ ឲ្យបានដាច់ខាត មិនឲ្យមានបដិវត្តន៍ពណ៌ ចូលមកបំផ្លាញសុខសន្តិភាព នៅលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ដែលពួកយើងទាំងអស់គ្នា ខិតខំថែរក្សាអស់ជាង៣០ឆ្នាំនោះទេ» ដោយក្នុងនោះ លោកបានលើកជាឧទាហរណ៍ ពីប្រទេសនៅមជ្ឈឹមបូពាណ៍ ដូចជា លីបី ស៊ីរី អ៊ីរ៉ាក់ និងស៊ូដង់ ជាដើមនោះ ពីមុនជាប្រទេសសុខសន្តិភាព មានការអភិវឌ្ឍន៍ រីកចម្រើន ប្រជាជនសម្បូរសប្បាយ តែបច្ចុប្បន្នបែរជាត្រូវលិចលង់ក្នុងភ្លើងសង្គ្រាម ដែលបណ្តាលមកពី បដិវត្តន៍ពណ៍នេះ ។
ជាមួយគ្នានោះដែរ លោក វ៉ា សារិទ្ធ ក្នុងនាមប្រធានក្រុមការងារចុះជួយឃុំគោកស្រុក បានបង្ហាញ និងក្រើនរំលឹកដល់បេក្ខជនឈរឈ្មោះក្រុមប្រឹក្សាឃុំ និងសមាជិកគណបក្សប្រជាជនកម្ពុជាទាំងអស់ ត្រូវបន្តយកចិត្តទុកដាក់ ក្នុងការបំពេញភារកិច្ចរបស់ខ្លួន ឱ្យបានល្អប្រសើរជូនដល់ប្រជាពលរដ្ឋ ព្រមទាំងធ្វើការថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅជូន ដល់បងប្អូនទាំងអស់ ដែលតែងតែបោះឆ្នោតគាំទ្រ គណបក្សប្រជាជនកម្ពុជា និងសូមបន្ត គាំទ្របន្តទៀត ដោយបោះឆ្នោតជូនបេក្ខជនក្រុមប្រឹក្សាឃុំសង្កាត់គណបក្សប្រជាជនកម្ពុជា នៅថ្ងៃបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ នៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៧ ខាងមុខនេះ៕