(ភ្នំពេញ)៖ អនុប្រធានវិទ្យុអាស៊ីសេរី ផ្សាយជាខេមរភាសា លោក ជុន ច័ន្ទបុត្រ ដែលកំពុងញ៉ាំញីដោយរឿងក្ដី បន្លំខ្លួនចូលពន្ធនាគារ កាលពីពេលកន្លងទៅថ្មីៗនេះ បានបង្ហាញសារ នៅលើ Facebook របស់លោក ពីទីក្រុងបាងកក នាល្ងាចថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៧នេះថា លោកបានទទួលមេរៀនថ្មី ក្នុងសំណុំរឿងរបស់ខ្លួននៅតុលាការ ប៉ុន្ដែលោកមិនបានបញ្ជាក់ អំពីការវិលមកចូលបំភ្លឺឡើយ។
អនុប្រធានវិទ្យុអាស៊ីសេរីរូបនេះ បានលើកឡើងយ៉ាងដូច្នេះថា «ព្រឹត្តិការណ៍ប៉ុន្មានថ្ងៃនេះ ធ្វើឲ្យខ្ញុំរៀនសូត្របទពិសោធន៍ថ្មីៗ បានច្រើនទៀតណាស់។ គឺផ្អែកលើបទពិសោធន៍នានា ក្នុងជីវិតនេះហើយ ដែលជួយឲ្យយើងធ្វើការសម្រេចចិត្តត្រូវ។ សូមអរគុណប្រិយមិត្ត និងជនរួមជាតិទាំងនៅគ្រប់ទិសទី ដែលបានខ្វល់ខ្វាយ និងជួយបន់ស្រន់ឲ្យខ្ញុំមានសេចក្តីសុខ។ ខ្ញុំបាទសង្ឃឹមថា សេចក្តីសុខប្រាកដជាកើត ដល់យើងគ្រប់គ្នា បើយើងចេះស្រឡាញ់គ្នា និងខ្វល់ខ្វាយពីគ្នាបែបនេះ។ អរគុណ»។
សូមបញ្ជាក់ថា ជនសង្ស័យ ជុន ច័ន្ទបុត្រ បានចាកចេញពីកម្ពុជាទៅកាន់ទីក្រុងបាងកក ប្រទេសថៃ តាមជើងហោះហើរក្រុមហ៊ុនអាកាសចរណ៍ Thai Airway នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៧ ម៉ោង១៥៖០៤នាទី។ ថ្លែងប្រាប់ពីទីក្រុងបាងកក ប្រជាពលរដ្ឋខ្មែរម្នាក់បានប្រាប់បណ្តាញព័ត៌មាន Fresh News ពីប្រទេសថៃឲ្យដឹងថា រូបលោកបានឃើញ ជុន ច័ន្ទបុត្រ ផ្ទាល់ពាក់មួកនិងវ៉ែតា អង្គុយហូបអាហារជាមួយបុរសម្នាក់ទៀត នៅក្នុងហាងមួយ ម្ដុំតំបន់ដែលខ្មែររស់នៅ ឈ្មោះ «ប៉ាត់ទូណាម» នៅទីក្រុងបាងកក ប្រទេសថៃ។
សូមរំលឹកថា កាលពីព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៧ តំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ លោកស្រី មូរ សុខហួរ និងលោក ឡុង រី បាននាំលោក ហួត វុទ្ធី ហៅជុន ច័ន្ទបុត្រ អនុប្រធានវិទ្យុអាស៊ីសេរី ដោយបន្លំខ្លួនជាជំនួយការរបស់ពួកគាត់ចូលទៅពន្ធនាគារព្រៃស ដើម្បីចុះសួរសុខទុក្ខ សកម្មជនរបស់គណបក្សសង្រ្គោះជាតិ ចំនួន១៦នាក់ ដែលកំពុងជាប់ឃុំ នៅក្នុងពន្ធនាគារព្រៃ។ ចំពោះករណីនេះតុលាការសម្រេចចេញដីកាកោះហៅជនសង្ស័យ ជុន ច័ន្ទបុត្រ មកបំភ្លឺនៅតុលាការនាថ្ងៃទី០២ ខែឧសភា ឆ្នាំ២០១៧ខាងមុខនេះ៕