(កណ្ដាល)៖ លោករដ្ឋមន្ដ្រី លឹម គានហោ ប្រធានគណៈពង្រឹងមូលរដ្ឋានស្រុកពញ្ញាឮ និងលោកស្រី នៅព្រឹកទី៣០ ខែមេសា ឆ្នាំ២០១៧នេះ រួមជាមួយក្រុមកាងារ គណៈពង្រឹងមូលរដ្ឋានស្រុក បានចុះជួបសំណេះសំណាល និងសួរសុខទុក្ខចៅៗ របស់លោក ចំនួន៧,០៣៥នាក់នៅស្រុកពញាឮ។
ពិធីនេះក៏មានការចូលរួមពី ក្រុមកាងារពង្រឹងមូលរដ្ឋាន អាជ្ញាធរដែនដី ស្ត្រីជាម្តាយ និងចៅៗ ដែលប្រារព្ធនៅក្នុងបរិវេណ តារាងបាល់ទាត់ស្នាក់ការគណបក្សប្រជាជនកម្ពុជា ស្រុក។
ដើម្បីចូលរួមសម្រាលទុកលំបាក រស់នៅរបស់ប្រជាពលរដ្ឋនៅទូទាំងស្រុកពញាឮ ដែលបានសម្រាលកូន លោក លឹម គានហោ និងលោកស្រី រួមជាមួយសប្បុរសជន មួយចំនួនទៀតបានបង្កើត មូលនិធិសប្បុរសជន មួយសម្រាប់ ជួយដល់បងប្អូនប្រជាពលរដ្ឋ ដែលសម្រាលកូន។
លោក លឹម គានហោ បានបញ្ជាក់ថា សកម្មភាពមនុស្សធម៌នេះ បានបង្កើតឡើងក្នុងគោលបំណង ជួយសម្រួលមួយផ្នែកដល់ជីវភាពប្រជាពលរដ្ឋ ក្នុងស្រុកពញាឮទាំងមូល ពិសេសសម្រាប់ស្ត្រីឆ្លងទន្លេ។ មូលនិធិសប្បុរសជននេះបាន លោក រួមនិងថ្នាក់ដឹកនាំដទៃទៀត បានបង្កើតឡើងកាលពីឆ្នាំ២០១៤ គិតមកដល់ពេលនេះ មានរយៈពេលជាង៣ឆ្នាំមកហើយ លោកមានចៅៗ ៧,០៣៥នាក់។
លោករដ្ឋមន្ត្រី បានបន្ថែមថា មូលនិធិសប្បុរសជននេះ មិនប្រកាន់និន្នាការបក្សនយោបាយអ្វីឡើយ រាល់ពលរដ្ឋនៅទូទាំង ស្រុក គ្រួសារណាមានផ្ទះពោះ មូលនិធិ របស់លោក ជួយឧបត្ថម្ភ ប្រាក់ចំនួន២០ម៉ឺនរៀល កូនភ្លោះ៣០ម៉ឺនរៀល ហើយនេះជាលើកទី២ ដែលលោកបានជួបសំណេះសំណាលផ្ទាល់មុខ ជាមួយចៅៗ។
រដ្ឋមន្ដ្រីរូបនេះ ក៏បានអំពាវនាវដល់ស្ត្រី ជាម្តាយទាំងអស់ សុំបង្កើតការប្រុងប្រយ័ត្ន ពីបញ្ហាអាកាសធាតុក្តៅខ្លាំង សូមនាំចៅៗ ទៅរកកន្លែងម្លប់ និងហូបទឹកឲ្យបានគ្រប់គ្រាន់ បើកុមារក្តៅខ្លួនខ្លាំង ត្រូវទៅរកពេទ្យនៅក្បែរផ្ទះ និងហៅមកកាន់លេខទូរស័ព្ទ ១១៥ ប្រសីនបើមានករណីសង្គ្រោះបន្ទាន់។
ក្នុងឱកាសនោះ លោក និងលោកស្រី បានចែកជូនក្នុងមួយគ្រួសារនូវ សម្ភារៈប្រើប្រាស់កូនក្មេងចំនួន១ឈុត រួមមាន៖ ខោអាវ ១ឈុត, ស្រោមដៃស្រោមជើង១ឈុត, មួក១, ដបទឹកដោះគោ១, ម្សៅលាបខ្លួន១, កន្សែងងូតទឹក១, នំ១កញ្ចប់ និងកន្ត្រកដាក់ឥវ៉ាន់ ព្រមទាំងថវិកា១ម៉ឺនរៀល។
យ៉ាងណាមិញ លោក តុង ស៊ីវមី អភិបាលស្រុកពញាឮ ក្នុងនាមប្រជាពលរដ្ឋ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់សប្បុរសជន ពិសេស លោករដ្ឋមន្ត្រី និងភរិយា ដែលជានិច្ចកាលតែងតែជួយសម្រាល ការខ្វះខាតរបស់ប្រជាពលរដ្ឋ ពេលឆ្លងទន្លេ៕