(តាកែវ)៖ លោក ស្វាយ ស៊ីថា រដ្ឋលេខាធិការ ប្រធានអង្គភាពព័ត៌មាន និងប្រតិកម្ម នៃទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះមូលដ្ឋានឃុំកុមារាជា ស្រុកបាទី ខេត្តតាកែវ នៅព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៧នេះ រួមជាមួយសមាជិកក្រុមប្រឹក្សាឃុំ ប្រជាពលរដ្ឋ និងក្រុមការងារ បានចូលរួមប្រារព្ធពិធីបញ្ចុះបឋមសិលាសាងសង់ អនុវិទ្យាល័យមួយកន្លែង ស្ថិតក្នុងឃុំកុមារាជា ស្រុកបាទី ខេត្តតាកែវ។
លោក ស្វាយ ស៊ីថា ក្នុងនាមសម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាល ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា និងក្នុងនាមឧបនាយរដ្ឋមន្ដ្រីប្រចាំការ ប៊ិន ឈិន រដ្ឋមន្ត្រីស្តីទីទទួលបន្ទុក ទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយខេត្តតាកែវ បានចាត់ទុកដំណើរការ នៃការបញ្ចុះបឋមសិលា បើកការដ្ឋានសាងសង់ អនុវិទ្យាល័យក្រាំពង្រ ដែលមានអគារ១ខ្នង២ជាន់១០បន្ទប់ នៅពេលនេះ បង្ហាញឲ្យឃើញនូវការយកចិត្តទុកដាក់ខ្ពស់ របស់រាជរដ្ឋាភិបាលដែលដឹកនាំដោយ គណបក្សប្រជាជនកម្ពុជា ដែលជានិច្ចកាលតែងតែ យកចិត្តទុកដាក់ខ្ពស់ក្នុងការពង្រឹងវិស័យអប់រំ សិក្សា ដើម្បីការបណ្តុះបណ្តាលធនធានមនុស្សសម្រាប់បន្តវេន។
លោក ស្វាយ ស៊ីថា បានបន្ថែមថា អនុវិទ្យាល័យក្រាំងពង្រ គឺជាសមិទ្ធផលថ្មី ដែលមិនធ្លាប់មាននៅក្នុងឃុំកុមារាជា ពីព្រោះកន្លងមកក្នុងឃុំនេះ អនុវិទ្យាល័យត្រូវបានខ្ចីទីតាំង បញ្ជ្រៀតគ្នា នៅក្នុងសាលាបឋមសិក្សាក្រាំងពង្រ ដែលមានលក្ខណៈចង្អៀត ហើយចាស់ទ្រុឌទ្រោមទៀត ដែលបណ្តាលឲ្យមានផលវិបាកជាខ្លាំង ដល់សិស្សានុសិស្សក្នុងឃុំ ត្រូវធ្វើដំណើរផ្លូវឆ្ងាយ ដើម្បីទៅរៀនសូត្រនៅតាមអនុវិទ្យាល័យ ដែលនៅក្នុងឃុំជាប់នោះ។
ដូច្នេះ យ៉ាងយូរឆ្នាំក្រោយបន្ទាប់ពីអនុវិទ្យាល័យនេះ បានសាងសង់រួចរាល់ នឹងជួយសម្រួលដល់ការលំបាកធ្វើដំណើរ របស់ក្មួយៗទាំងអស់គ្នា នេះជាកត្តាសំខាន់ នៃការកាត់បន្ថយទាំងពេលវេលា និងថវិកា ក្នុងការធ្វើដំណើរផ្លូវឆ្ងាយផងដែរ។
ថវិកាសម្រាប់ការសាងសង់ អនុវិទ្យាល័យនេះ ដែលមានទឹកប្រាក់ប្រមាណជាង២០ម៉ឺនដុល្លារ ជាការចំណាយរបស់រាជរដ្ឋាភិបាល តាមរយៈក្រសួងអប់រំ យុវជន និងកីឡា ក្រុមការងារថ្នាក់ជាតិ ក្រុមប្រឹក្សាឃុំ ជាពិសេស ក៏មានកិច្ចសហការ របស់បេក្ខជនក្រុមប្រឹក្សាឃុំ ដែលតែងតែចូលរួមគិតគូរជានិច្ច ក្នុងភូមិឃុំ ដើម្បីការចូលរួមធានារក្សា បាននូវសុខសន្តិភាព ការអភិវឌ្ឍ ក៏ដូចជាការលើកកម្ពស់ជីវភាពរស់នៅ និងកាត់បន្ថយនូវភាពក្រីក្រ ជូនប្រជាពលរដ្ឋបានមួយកម្រិត។
ក្នុងឱកាសនោះ លោក ស្វាយ ស៊ីថា ក៏បានលើកទឹកចិត្តដល់ប្អូនៗ សិស្សានុសិស្សប្រមាណជិត៣០០នាក់ ដែលបានចូលរួមបញ្ចុះបឋមសីលា សាងសង់អនុវិទ្យាល័យ ត្រូវខិតខំរៀនសូត្រ និងធ្វើជាពលរដ្ឋល្អ ដើម្បីអនាគតដ៏រុងរឿងរបស់ខ្លួនម្នាក់ៗ ដោយលោក បានចាត់ទុក ឃុំកុមារាជា ជាមួយនឹងពាក្យ១ឃ្លាថា «ឃុំកុមារាជា គឺជាបេះដូងរបស់ខ្ញុំ»។
បន្ទាប់ពីបញ្ចុះបឋមសិលាសាងសង់ អនុវិទ្យាល័យរួចហើយ លោក ស្វាយ ស៊ីថា និងក្រុមការងារ សមាជិកក្រុមប្រឹក្សាឃុំ ប្រជាពលរដ្ឋ យុវជន និងប្រជាការពារក្នុងឃុំ ក៏បានបន្តកម្មវិធីទី២ គឺបើកការដ្ឋានជួសជុលផ្លូវមួយខ្សែ ជាផ្លូវអាទិភាពក្នុងឃុំ ដែលពីមុនមកដល់បច្ចុប្បន្ននេះ ផ្លូវនោះដាច់ខូចខាត និងជង្ហុកខ្លាំង ពិបាកដល់ការធ្វើដំណើរ របស់ប្រជាពលរដ្ឋ។ ផ្លូវមួយខ្សែពីវត្តក្រាំងពង្រ ឆ្លងកាត់ភូមិសិរីមានជោគ ភូមិព្រៃស្លែង និងឃុំសូភី ឆ្ពោះទៅផ្លូវជាតិលេខ៣ រួមទាំងផ្លូវក្នុងភូមិចំនួន២ខ្សែទៀត ដែលត្រូវជួសជុល គឺជាការចំណាយរបស់ក្រុមការងារថ្នាក់ជាតិ ចុះជួយឃុំកុមារាជា និង សប្បុរសជន រួមជាមួយថ្នាក់ដឹកនាំ នៃស្រុកបាទី។
ជាការឆ្លើយតប លោកតា សុន សំអុល និងលោក អៀម អុន តំណាងអ្នកភូមិព្រៃស្លែង បានថ្លែងអំណរគុណដល់ក្រុមការងារ ដោយបានរៀបរាប់ពីការលំបាក ក្នុងការធ្វើដំណើរកន្លងមកលើផ្លូវដែលដាច់ខូចនេះ ប៉ុន្តែលោកបានសម្តែងការសប្បាយចិត្តជាខ្លាំង ដែលបានឃើញគ្រឿងចាក់ កំពុងឈូសឆាយជួសជុលផ្លូវ ឲ្យល្អឡើងវិញ។ ជាមួយនឹងការសប្បាយចិត្ត លោកទាំងពីរ បានប្តេជ្ញានឹងការពារសមិទ្ធផលនេះ ឲ្យបានយូរអង្វែង និងបន្តបោះឆ្នោតគាំទ្រ រាជរដ្ឋាភិបាលបន្តទៀត ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា។
បន្ទាប់មកលោក ស្វាយ ស៊ីថា ក៏បានជួបសំណេះសំណាលជាមួយ បេក្ខជនក្រុមប្រឹក្សាឃុំ ដោយបានណែនាំឲ្យបេក្ខជនទាំងអស់ ត្រូវគោរពឲ្យបានត្រឹមត្រូវនូវច្បាប់ និងបទដ្ឋានគតិយុត្តនានា ជាពិសេសក្នុងអំឡុងពេល នៃយុទ្ធនាការឃោសនាបោះឆ្នោតខាងមុខ និងក៏ត្រូវតែពង្រឹងកិច្ចសហការ និងការឯកភាពផ្ទៃក្នុងគ្នាឲ្យបានល្អប្រសើរ និងត្រូវតែខិតខំយកចិត្តទុកដាក់ខ្ពស់បំផុតក្នុងការជួយសម្រួល និងដោះស្រាយបញ្ហានានាជូនប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា។
បន្ទាប់មក លោក ស្វាយ ស៊ីថា និងក្រុមការងារយុវជន ក្រុមប្រឹក្សាឃុំ និងប្រជាការពារ ក៏បានជួបជុំគ្នាពិសារនំបុ័ងសម្លរការី រួមគ្នា ក្នុងបរិយាកាសរីករាយ ស្និទ្ធស្នាលជាភាតរបំផុត៕