(កំពង់ធំ)៖ លោក សុខ លូ ប្រធានគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ធំ បានចុះជួបសំណេះសំណាលជាមួយសមាជិក-សមាជិការ គណបក្សប្រជាជនកម្ពុជា ដើម្បីណែនាំពីការងារពង្រឹងបក្ស និងការងារឆ្ពោះទៅកាន់ ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ នៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៧ខាងមុខនេះ។
ពិធីសំណេះសំណាលនេះ ត្រូវបានធ្វើឡើង នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៧នេះ នៅសង្កាត់ដំរីជាន់ខ្លា ក្រុងស្ទឹងសែន ដោយមានការចូលរួមពី សមាជិក-សមាជិការ ប្រមាណ២០០នាក់។
ថ្លែងក្នុងឱកាសនោះ លោក សុខ លូ បានសង្កត់ធ្ងន់ថា មិនមែនបុគ្គលណាម្នាក់រាប់ទាំងរូបលោកផងដែរ ដែលអាចបណ្តើមយកជ័យជំនះជូនបក្សបាន ដោយគ្មានកម្លាំងសាមគ្គីភាពនោះឡើយ ដើម្បីបក្ស និងដើម្បីការពារសុខសន្តិភាព ដែលមានសព្វថ្ងៃនេះឲ្យបានគង់វង្ស សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ខំប្រឹងប្រែងខ្លាំងណាស់។
លោកបន្ដថា អាស្រ័យហេតុដូច្នេះហើយទាំងអស់គ្នា ត្រូវតែរួមសាមគ្គីកៀកស្មាគ្នា ចុះទៅពន្យល់ដល់បងប្អូនប្រជាពលរដ្ឋនៅតាមខ្នងផ្ទះ រាប់ទាំងសាច់ញាតិរបស់ខ្លួនផងដែរ ឲ្យពួកគាត់នាំគ្នាបោះឆ្នោត ជូនគណបក្សប្រជាជនកម្ពុជា ដើម្បីឲ្យសម្តេច បានដឹកនាំ និងអភិវឌ្ឍប្រទេសជាតិ ឲ្យមានរីកចម្រើនបន្តទៀត៕
លោកបានបញ្ជាក់ថា រឿងកំហុសតូចតាច របស់មន្ត្រី គឺពិតជាមាន តែសូមបងប្អូនពិចារណាថា គ្រួសារមួយមានកូនពីរបីនាក់ មានម្នាក់ខូច ម្នាក់ល្អ ចុះទំរាំសម្តេចគ្រប់គ្រងលើមនុស្សរាប់លាននាក់ គង់អីនឹងមានអ្នកខូចខ្លះ ជាមិនខាននោះទេ ហើយលោកផ្ដាំផ្ញើទៅសមាជិក-សមាជិការ សូមកុំជឿតាមពួកបក្ស ដែលលាបពណ៌ឲ្យសោះ។
ចុងក្រោយបញ្ចប់ លោក បានឧបត្ថម្ភដល់សមាជិកបក្ស នៅក្នុងសង្កាត់ដំរីជាន់ខ្លា ចំនួន១៧០នាក់ ដោយក្នុងម្នាក់ៗទទួលបាន ថវិកា២០,០០០រៀល៕