(ភ្នំពេញ)៖ លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៧នេះ បានថ្លែងយ៉ាងទទូចសារជាថ្មី អំពាវនាវទៅដល់ប្រជាពលរដ្ឋខ្មែរគ្រប់ទិសទី ត្រូវចូលរួមត្រូវរួមគ្នាការពារសន្តិភាព ស្ថិរភាពឲ្យខាងតែបាន ដើម្បីបន្តការអភិវឌ្ឍប្រទេស ឲ្យកាន់តែរីកចម្រើនថែមទៀត និងបានជំរុញឲ្យប្រជាពលរដ្ឋ ទៅបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ នៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៧ ខាងមុខឲ្យបានគ្រប់ៗគ្នា។
ការអំពាវនាវបែបនេះ ក្នុងកម្មវិធីពិនិត្យសុខភាពដោយឥតគិតថ្លៃរបស់សម្ព័ន្ធក្រុមគ្រូពេទ្យស្មគ្រ័ចិត្ត សហភាពសហព័ន្ធយុវកម្ពុជា ជូនប្រជាពលរដ្ឋនៅខណ្ឌចំការមន ដែលរៀបចំឡើងដោយ សហភាពសម្ព័ន្ធសហជីពជាតិកម្ពុជា សហការជាមួយសង្កាត់ទាំង១២ នៃខណ្ឌចំការមន។ ប្រជាពលរដ្ឋដែលទទួលបានសេវាពិនិត្យ និងព្យាបាលជំងឺ មានចំនួន ៥,៣៥៦នាក់។
លោកថ្លែងយ៉ាងដូច្នេះថា «សូមឱ្យប្រជាពលរដ្ឋខ្មែរយើងទាំងអស់ ត្រូវរួមគ្នាការពារសន្តិភាព ស្ថិរភាពឲ្យគង់វង្ស ដើម្បីបន្តការអភិវឌ្ឍប្រទេសឲ្យកាន់តែសម្បូរសប្បាយថែមទៀត និងសូមប្រុងប្រៀបត្រៀមខ្លូនទៅបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ នៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៧ ខាងមុខ ឲ្យបានគ្រប់ៗគ្នា»។
ថ្លែងសំណេះសំណាលក្នុងឱកាសនោះ លោកបានថ្លែងអំណរគុណ ដល់អាជ្ញាធរខណ្ឌចំការមន, ចៅសង្កាត់ទាំង១២, សហភាពសហព័ន្ធយុវជនកម្ពុជា ដែលមានប្រធានក្រុមប្រឹក្សាភិបាលសម្ព័ន្ធគ្រូពេទ្យ ស.ស.យ.ក លោក ហេង សុខគង់ តំណាងឲ្យលោក ហ៊ុន ម៉ានី ជាប្រធាន, សម្ព័ន្ធគ្រូពេទ្យស្ម័គ្រចិត្ត សហភាពសហព័ន្ធយុវជនកម្ពុជា និងសភាសម្ព័ន្ធសហជីពជាតិកម្ពុជា ដែលមានលោក សោម អូន ជាប្រធាន និងសហការី, លោកវេជ្ជបណ្ឌិត និងក្រុមគ្រូពេទ្យ ដែលបានចូលរួមកម្មវិធីពិនិត្យសុខភាពដោយឥតគិតថ្លៃ របស់ក្រុមគ្រូពេទ្យស្មគ្រ័ចិត្តជូនប្រជាពលរដ្ឋ និងកម្មករ-កម្មការិនី ក្នុងខណ្ឌចំការមន។
លោករដ្ឋមន្ត្រីមានលើកឡើងថា នេះជាសកម្មភាពមនុស្សធម៌ និងជាអំពើល្អមួយ ដែលលោកវេជ្ជបណ្ឌិត លោកគ្រូពេទ្យស្មគ្រ័ចិត្ត បានផ្ដល់ជូនប្រជាពលរដ្ឋនៅខណ្ឌចំការមន។ សុខភាពពិតជាមានតម្លៃណាស់ សម្រាប់មនុស្សគ្រប់គ្នា។
រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានយកចិត្តទុកដាក់ណាស់ដល់បញ្ហាសុខភាពប្រជាពលរដ្ឋ ហើយវិស័យសុខាភិបាលបានរីកចម្រើនខ្លាំង មានពេទ្យ មានមន្ទីរពេទ្យ ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាជន។
ក្រុមគ្រូពេទ្យស្មគ្រ័ចិត្ត ដែលឧបត្ថម្ភដោយលោក ហ៊ុន ម៉ានី បានធ្វើសកម្មភាពមនុស្សធម៌ជាច្រើន ដើម្បីជួយដល់ប្រជាជន ដោយមិនប្រកាន់និន្នាការនយោបាយ ដែលកន្លងមកបានចុះទៅតាមកន្លែង ជាច្រើន ជួយដល់ប្រជាជន និងកម្មករនិយោជិតរាប់ម៉ឺននាក់ ប្រកបដោយប្រសិទ្ធភាព។ វេជ្ជបណ្ឌិតលោកគ្រូពេទ្យស្មគ្រ័ចិត្ត ទាំងអស់សុទ្ធតែមានសមត្ថភាព និងទេពកោសល្យ ជាគ្រូពេទ្យជំនាញពិតៗ ប្រជាពលរដ្ឋជឿជាក់ ពីព្រោះពួកគាត់សុទ្ធតែជាអ្នកធ្វើការនៅតាមមន្ទីរពេទ្យ។
លោកបញ្ជាក់ថា ឆ្នាំនេះប្រជាពលរដ្ឋខ្មែរ នឹងកម្មករនិយោជិតនៅក្នុងប្រទេស និងក្រៅប្រទេស បានធ្វើបុណ្យចូលឆ្នាំខ្មែរ យ៉ាងសប្បាយរីករាយ ដោយសារមានសុខសន្តិភាព ស្ថិរភាពនយោបាយ និងសណ្តាប់ធ្នាប់សង្គម ហេដ្ឋារចនាសម្ព័ន្ធរីកចម្រើន ផ្លូវស្ពាន អាគារខ្ពស់ៗ ផលិតផលស្រូវបរិបូរណ៍ កំណើនសេដ្ឋកិច្ចជាតិជាមធ្យមប្រចាំឆ្នាំ៧% អត្រាភាពក្រីក្ររបស់ប្រជាជន ត្រូវបានកាត់បន្ថយមកត្រឹម ១៣.៥% និងអត្រាមានការងារធ្វើចំនួន ៩៩.៣%។
ការដំឡើងប្រាក់ឈ្នួលអប្បរមា សម្រាប់កម្មករនិយោជិតចំនួន ១៥៣ដុល្លារ រួមនិងប្រាក់អត្ថប្រយោជន៍ផ្សេងៗបានទទួលពី ១៧០ដុល្លារ ទៅ ១៨១ដុល្លារ សម្រាប់ឆ្នាំ២០១៧។ ការលើកលែងការបង់ពន្ធលើប្រាក់អត្ថប្រយោជន៍ ផ្សេងៗរបស់កម្មករនិយោជិត។
ការតបណ្តាញទឹក និងអគ្គីសនីក្នុងតម្លៃថោកតាមផ្ទះជួលរបស់កម្មករនិយោជិត សិស្ស និស្សិត ការផ្តល់នូវអត្ថប្រយោជន៍ ផ្សេងៗ តាមរយៈបេឡាជាតិរបបសន្តិសុខសង្គម ដូចជា របបហានិភ័យការងារ របបថែទាំសុខភាព និងរបបសោធននិវត្ត នៅពេលខាងមុខ ការដំឡើងប្រាក់បៀវត្សមន្រ្តីរាជការឱ្យបានយ៉ាងតិច ១លានរៀល លើកលែងការបង់ពន្ធក្នុងការ ផ្ទេរទ្រព្យសម្បត្តិពីឪពុកម្តាយទៅកូន លើកលែងការបង់ថ្លៃប្រថាប់ត្រា ការធ្វើសំបុត្រកំណើត សំបុត្រមរណភាព អត្តសញ្ញាណបណ្ណ សៀវភៅស្នាក់នៅ និងសៀវភៅគ្រួសារ និងលិខិតបញ្ជាក់នានា ដោយឥតបង់ថ្លៃ ការកាត់បន្ថយអត្រាប្រាក់កម្ចីនៅត្រឹម ១៨% និងការគិតគូរដល់ការផ្តល់សេវា និងភាពងាយស្រួលជូនប្រជាជន កាន់តែច្រើនថែមទៀត ដែលទាំងអស់នេះ ជានយោបាយដ៏ត្រឹមត្រូវ និងការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្ដេចតេជោ ហ៊ុន សែន។
គួរបញ្ជាក់ផងដែរថា ការពិនិត្យ និងព្យាបាលជំងឺដោយឥតគិតថ្លៃ ជូនប្រជាពលរដ្ឋ ក្នុងរយៈពេល០១ថ្ងៃពេញនេះសរុបចំនួន៥,៣៥៦ក្នុងនោះមានជំងឺ ៖
១៖ ជំងឺទូទៅ ៧៥០នាក់
២៖ ជំងឺបេះដូង និងសរសៃឈាម ២៣០នាក់
៣៖ ជំងឺមនុស្សចាស់ ៣១៨នាក់
៤៖ ជំងឺត្រចៀក ច្រមុះ បំពង់ក ២៩៨នាក់
៥៖ ជំងឺភ្នែក ២៨៨នាក់
៦៖ ជំងឺសើស្បែក និងកាមរោគ៣៧៥នាក់
៧៖ ជំងឺផ្លូវចិត្ត ៨៥នាក់
៨៖ ជំងឺកុមារ ២៧០នាក់
៩៖ ជំងឺវះកាត់ និងរោគសន្លាក់ ២៣០នាក់ (វះបានចំនួន១៤នាក់)
១០៖ ជំងឹមាត់-ធ្មេញ ២១០នាក់
១១៖ ពិនិត្យអេកូសាស្ត្រ ២៧៨នាក់
១២៖ រោគស្ត្រី និងពិនិត្យផ្ទៃពោះ ២៨០នាក់
១៣៖អប់រំសុខភាពសាធារណៈ ១៥៨នាក់
១៤៖ ជំងឺតម្រង់នោម ២៣៣នាក់
១៥៖ ពិនិត្យបឋម និងវាស់សំពាធឈាម ១,១៨៣នាក់
១៦៖ផ្នែកមន្ទីរពិសោធន៍ ១៥៥
១៧៖បានបញ្ជូនទៅមន្ទីរពេទ្យនៅរាជធានីភ្នំពេញ ០១នាក់៕