(បន្ទាយមានជ័យ)៖ ឧបនាយករដ្ឋមន្ដ្រី កែ គឹមយ៉ាន ប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយខេត្តបន្ទាយមានជ័យ នៅពឹ្រកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៧នេះ ដឹកនាំគណៈប្រតិភូ ចុះជួបសំណេះសំណាល និងសួរសុខទុក្ខ ជាមួយសមាជិក-សមាជិកា គណបក្សប្រជាជនកម្ពុជា ស្ថិតនៅក្នុងឃុំភ្នំតូច ឃុំអូរប្រាសាទ ឃុំបន្ទាយនាង ស្រុកមង្គលបុរី ប្រមាណ៥,៤០០នាក់។
ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន បាននាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា, សម្ដេចចក្រី ហេង សំរិន, សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ និង សម្ដេចក្រឡាហោម ស ខេង និងថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជាដទៃផ្សេងទៀត ដែលតែងតែគិតគូរចំពោះសុខទុក្ខ និងការរស់នៅរបស់សមាជិក គណបក្សប្រជាជនកម្ពុជា ទាំងអស់នៅគ្រប់ទីកន្លែង។
ឧបនាយរដ្ឋមន្ដ្រី បានសម្ដែងនូវការកោតសរសើរខ្ពស់ ចំពោះស្មារតីអង់អាចក្លាហាន ប្រកបដោយវីរៈភាពរបស់សមាជិក-សមាជិកាទាំងអស់ ដែលស្ថិតនៅទូទាំង ខេត្តបន្ទាយមានជ័យ ដែលបានយកអស់កម្លាំងកាយចិត្ត និងការចូលរួមអភិវឌ្ឍប្រទេសជាតិ ឲ្យមានការរីកចម្រើនលើគ្រប់វិស័យ។
ប្រធានក្រុមការងាររូបនេះ បញ្ជាក់ថា «ពិធីសំណេះសំណាលរបស់យើងនាពេលនេះ ស្ថិតនៅក្នុងស្ថានភាព នៃសភាពការណ៍របស់ប្រទេសជាតិ ដែលកំពុងតែមានការរីកចម្រើនក្រកបដោយសន្តិភាព ស្តិរភាព ការអភិវឌ្ឍ និងកិច្ចសហប្រតិបត្តិការ ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា»។
លោក កែ គឹមយ៉ាន បានអំពាវនាវឲ្យសមាជិក-សមាជិកាទាំងអស់ អញ្ជើញទៅបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ នៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៧ នាពេលខាងមុខឲ្យបានគ្រប់ៗគ្នា។
ក្នុងឱកាសនោះដែរ ឧបនាយករដ្ឋមន្ដ្រី កែ គឹមយ៉ាន បានឧបត្ថម្ភ ដល់សមាជិក-សមាជិកា ក្នុងម្នាក់ៗទទួលបាន សារុង១, ក្រុមគ្រូពេទ្យឃុំ៥០ម៉ឺនរៀល, គណបក្សឃុំភ្នំតូច ឃុំអូរប្រាសាទ ឃុំបន្ទាយនាង ក្នុងមួយឃុំៗ ទទួលបានថវិកា១លានរៀល ផងដែរ៕