(ភ្នំពេញ)៖ លោក ប៉ា សុជាតិវង្ស សមាជិកគណៈកម្មាធិកណ្តាល និងជាប្រធានគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា និងលោក អូស្មាន ហាស្សាន់ សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានគណៈចលនាសាសនិកឥស្លាម របស់គណបក្សប្រជាជនកម្ពុជា នៅព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៧ បានអញ្ជើញក្នុងសំណេះសំណាល និងប្រកាសសម្រួលភារកិច្ច និងទទួលស្គាល់សមាសភាព ថ្នាក់ដឹកនាំ សមាជិក សមាជិកា គណៈចលនាសាសនិឥស្លាមគណបក្សប្រជាជនកម្ពុជា រាជធានីភ្នំពេញ។
សមាសភាព ក្រោយពីការកែសម្រួល និងត្រូវបានប្រកាសទទួលស្គាល់នៅពេលនេះ គឺមានសរុប៣៩រូប ដែលមកពីខណ្ឌចំនួន៣ នៅរាជធានីភ្នំពេញ គឺខណ្ឌជ្រោយចង្វារ ខណ្ឌឫស្សីកែវ និងខណ្ឌច្បារអំពៅ។ សមាសភាពទាំងនេះ មានភារកិច្ចធ្វើជាសេនាធិការគណៈអចិន្ត្រៃយ៍ គណៈចលនាសាសនិកឥស្លាម ដើម្បីចលនាសាសនិកឥស្លាមទូទាំងរាជធានី គាំទ្រគណបក្សប្រជាជនកម្ពុជា។
លោក អូស្មាន ហាស្សាន់ បានថ្លែងថា សមាសភាពគណៈចលនាទាំងអស់ ទាំងរាជធានីក្តី និងទូទាំងប្រទេសក្តី ត្រូវពង្រឹងសាមគ្គីក្នុងសហគមន៍ ឲ្យកាន់តែប្រសើរឡើងថែមទៀត ព្រោះការសាមគ្គីភាព គឺជាកម្លាំងចលករ នាំទៅរកសេចក្តីសុខក្សេមក្សាន្ត ភាពជោគជ័យ សម្រាប់សហគមន៍ សម្រាប់កម្ពុជា។ លោកបន្តថា ការសាមគ្គីជាថ្លុងមួយកន្លងមក បានធ្វើឲ្យមានអ្វីៗគ្រប់បែបយ៉ាង សម្រាប់សហគមន៍ ហើយប្រទេសជាតិទាំងមូល ត្រូវបានកសាងឲ្យមានការអភិវឌ្ឍន៍យ៉ាងលឿន មិននឹកស្មានដល់។
ជាមួយគ្នានោះ លោក ប៉ា សុជាតិវង្ស បានផ្តាំផ្ញើដល់សមាសភាពគណៈចលនាទាំងឡាយ ឲ្យពង្រឹងការប្រមូលផ្តុំកម្លាំមហាជន យុវជន និងពលរដ្ឋគ្រប់ស្រទាប់ ទៅបំពេញតួនាទីជាពលរដ្ឋមួយរូប គឺជាការអញ្ជើញបំពេញកាតព្វកិច្ច ក្នុងការចូលរួមបោះឆ្នោតឲ្យបានគ្រប់ៗគ្នា ដោយមិនត្រូវឲ្យមានការអាកខាន ដោយកត្តាផ្សេងៗ ជាពិសេសសម្រាប់អ្នកដែលទៅបំពេញការងារ ក្រៅប្រទេសក្តី រឺតាមខេត្តផ្សេងៗក្តី។
លោកបន្តថា ការបោះឆ្នោតមានសារៈសំខាន់ណាស់ ការជ្រើសរើសមេដឹកនាំដ៏ត្រឹមត្រូវ គឺវាជាការសម្រេចជោគវាសនាដ៏ត្រឹមត្រូវ តែការដែលមិនទៅបោះឆ្នោតសោះ រឺការសម្រេចជ្រើសរើសគណបក្សនយោបាយដែលខុស ដែលអសមត្ថភាព គឺខ្លួនឯងជាអ្នកដែលធ្វើ ឲ្យជោគវាសនាសម្រាប់ឆាកជីវិតយើងផ្ទាល់ ក្រុមគ្រួសារយើង និងពលរដ្ឋទាំមូលទទួលបរាជ័យ។
ក្នុងឱកាសនោះ លោក ប៉ា សុជាតិវង្ស ក៏បាននាំនូវថវិការជាអំណោយរបស់ សម្តេច សាយ ឈុំ អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈប្រចាំការ នៃគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ដើម្បីចែកជូនដល់សមាជិក សមាជិការគណៈចលនា និងអង្គពិធីចូលរួមមាន៦០០នាក់ ក្នុងម្នាក់ទទួលបានថវិកា៥ម៉ឺនរៀល៕