(កំពង់ធំ)៖ លោក ជា ចាន់តូ សមាជិកអចិន្ត្រៃយ៍ គណៈកម្មាធិការកណ្ដាល គណបក្សប្រជាជនកម្ពុជា និងអនុប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយខេត្តកំពង់ធំ បានអំពាវនាវឲ្យប្រជាពលរដ្ឋ ចូលរួមការពារសន្ដិភាព និងសមិទ្ធដែលបានខិតខំសាងឡើងយ៉ាងលំបាក និងបានសាងឡើងអស់រយៈពេលជាង៣៦ឆ្នាំហើយនោះ សូមរក្សាឲ្យបានគង់វង្ស។
ការអំពាវនាវបែបនេះ ធ្វើឡើងលើកឡើងនៅក្នុង ពិធីសំណេះសំណាលជាមួយ បេក្ខជនក្រុមប្រឹក្សាឃុំ អាណត្តិទី៤ និងសមាជិកសមាជិកា គណបក្សប្រជាជនកម្ពុជា ស្រុកស្ទោង នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៧ នៅទីស្នាក់ការបក្សស្រុកស្ទោង ខេត្តកំពង់ធំ។
លោក ជា ចាន់តូ បានលើកឡើងថា កម្ពុជាបានឆ្លងតាមកាត់របបនយោបាយ ជាច្រើនជំនាន់មកហើយ ដែលធ្វើឲ្យប្រទេសជាតិ មិនដែលទទួលបានសុខសន្តិភាព ដូចពេញលេញបរិបូណ៍ដូចបច្ចុប្បន្ននេះទេ។ ដូច្នេះប្រជាពលរដ្ឋយើងទាំង អស់ត្រូវចូលរួមថែរក្សាការពារសន្តិភាព ដែលមាននេះឲ្យបានគង់វង្ស ដើម្បីរួមគ្នាបន្តអភិវឌ្ឍប្រទេសជាតិ ឲ្យមានការរីកចម្រើនថ្មីៗបន្ថែមទៀត។
លោកបន្ថែមទៀតថា ដើម្បីឲ្យទឹកដីកម្ពុជា ទទួលបាននូវការរីកចម្រើន សម្បូររុងរឿងនិងរស់នៅ ដោយមានសេចក្ដីសុខសាន្តបន្តទៀតនោះប្រជាពលរដ្ឋយើង ត្រូវតែផ្តល់នូវការជឿជាក់ និងគាំទ្រទៅលើ ការដឹកនាំប្រកបដោយកិត្តិបណ្ឌិត របស់សម្ដេចតេជោ ហ៊ុន សែន ដែលបាននិងកំពុងដឹកនាំរាជរដ្ឋាភិបាលកម្ពុជា និងគណបក្សប្រជាជនកម្ពុជា នាបច្ចុប្បន្ននេះជាបន្តទៀត ។
នៅក្នុងឱកាសនោះ លោកបានស្នើឲ្យមន្ត្រីគណបក្សប្រជាជនទាំងអស់ ត្រូវបន្តធ្វើអំពើល្អឲ្យបានច្រើនថែមទៀត និងខិតខំបំរើប្រជាជនឲ្យអស់ពីចិត្តពីថ្លើម ព្រមទាំងរួមសាមគ្គីគ្នាថែក្សារាល់សមិទ្ធផល ដែលរាជរដ្ឋាភិបាល និងគណបក្សប្រជាជនកម្ពុជា សម្រេចឲ្យបានគង់វង្ស ពិសេសសុខសន្តិភាព ដើម្បីឲ្យកូនចៅជំនាន់ក្រោយៗ រស់នៅដោយសុខសាន្ត ក្នុងភាពសម្បូរសប្បាយ។
សូមបញ្ជាក់ថា សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ អាណត្តិទី៤ ឆ្នាំ២០១៧ បេក្ខជនជន ឈរឈ្មោះសម្រាប់ ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ នៅក្នុងស្រុកស្ទោងទាំងពេញសិទ្ធិ និងបម្រុងមានចំនួន២២៤នាក់ ក្នុងនោះស្ត្រី មានចំនួន៤០នាក់ និងមានការិយាល័យបោះឆ្នោតចំនួន១៨៣ ការិយាល័យក្នុង ឃុំទាំង១៣៕