(ព្រះវិហារ)៖ ថ្លែងចេញពីខេត្តព្រះវិហារ លោក ហ៊ុន ម៉ាណែត តំណាងសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានបម្រើប្រជាពលរដ្ឋ ផ្ដល់ឱកាសឲ្យពលរដ្ឋរស់នៅក្នុងសុខសន្ដិភាព ភាពសប្បាយរីករាយ និងមានឱកាសចូលរួមអភិវឌ្ឍប្រទេស ឲ្យឆ្ពោះទៅកាន់ ការអភិវឌ្ឍន៍ រីកចម្រើន កាន់បន្ថយភាពក្រីក្រ។
ថ្លែងបែបនេះរបស់លោក ហ៊ុន ម៉ាណែត ត្រូវបានធ្វើឡើងនៅព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៧នេះ ក្នុងពិធីបញ្ចុះខណ្ឌសីមាព្រះវិហារ និងសម្ពោធសមិទ្ធិផលនានា ក្នុងវត្តសុវណ្ណគីរី ស្ថិតក្នុងភូមិឆែបលិច ឃុំឆែប ស្រុកឆែប ខេត្តព្រះវិហារ។
លោក ហ៊ុន ម៉ាណែត បានឡើងជាសំនួរទៅកាន់ពលរដ្ឋថា «តើការកសាងសមិទ្ធិផលនានា មកដល់ពេលនេះ កើតឡើងដោយសារអ្វី? អ្វីៗទាំងអស់នេះ កើតឡើងដោយសារប្រទេសជាតិទទួលបានសុខសន្តិភាព ជាក់ស្តែងខេត្តព្រះវិហារធ្លាប់ជាទីកន្លែងវាយប្រយុទ្ធគ្នា ប៉ុន្តែពេលទទួលបានសុខសន្តិភាព នៅរយៈពេលចុងក្រោយនេះ»។
លោកបន្ថែមថា ព្រះពុទ្ធសាសនាបានដើរតួនាទីសំខាន់ណាស់ សម្រាប់ការរស់នៅរបស់មនុស្ស ហើយសាសនាបានអប់រំចិត្ត និងនិស្ស័យមនុស្ស ឲ្យជឿលើបុណ្យបាប ធ្វើអំពើល្អ បង្រៀនអប់រំសីលធម៌ គុណធម៌ ពិសេសសាសនាបានបង្រៀនមនុស្សដឹងគុណ ការទទួលយកការពិត ព្រោះស្គាល់ដឹងគុណ ការទទួលយកការពិតនេះ គឺជាគុណធម៌របស់មនុស្ស។
លោក ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា នៅក្នុងជីវិតរបស់ប្រជាពលរដ្ឋ និងការដឹកនាំរបស់រាជរដ្ឋាភិបាល គឺពឹងផ្អែកលើព្រះពុទ្ធសាសនា គឺធ្វើល្អបានល្អ ធ្វើអាក្រក់បានអាក្រក់ មិនដើរភូតកុហក មិនដើរសន្យាចោលជាមួយ ប្រជាពលរដ្ឋធ្វើច្រើន បានបុណ្យច្រើន ធ្វើឲ្យមនុស្សស្គាល់បុណ្យស្គាល់បាប និងជៀសវាងអំពើអបាយមុខផ្សេងៗ ហើយសាសនាពិតជាបានចូលរួមអភិវឌ្ឍសង្គម ឲ្យមានការរីកចម្រើន។
បន្ថែមពីនេះ លោកបានរំលឹកថា «ការជ្រើសរើសមេដឹកនាំប្រទេស មិនដូចជាការចាក់ឆ្នោតនោះ បើយើងជ្រើសរើស ត្រូវមានឱកាសរស់នៅ ក្នុងសុខសន្តិភាព យើងខិតខំកែលម្អ ខិតខំអភិវឌ្ឍប្រទេសកាន់តែរីកចម្រើន តែបើយើងជ្រើសរើសខុស ប្រទេសនឹងក្រឡាប់ចាក់ ដូចប្រទេសមួយចំនួន នៅលើពិភពលោកសព្វថ្ងៃ»។
លោក ហ៊ុន ម៉ាណែត សូមថ្លែងអំណរគុណប្រជាពលរដ្ឋដែលបានជ្រើសរើស គាំទ្រ និងជឿទុកចិត្តការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ដែលនេះ គឺជាការផ្តល់យុត្តិធម៌ និងតម្លៃដល់អ្នកធ្វើពិតប្រាកដ ខិតខំធ្វើគ្រប់បែបយ៉ាង ដើម្បីប្រជាពលរដ្ឋ ហើយសូមប្រជាពលរដ្ឋបន្តគាំទ្រ និងជឿទុកចិត្តការដឹកនាំរបស់សម្តេចតេជោ បន្តទៀតដើម្បីបម្រើពលរដ្ឋ និងអភិវឌ្ឍប្រទេសឲ្យមានការរីកចម្រើនជាបន្តទៀត៕