(បន្ទាយមានជ័យ)៖ កម្លាំងអាវុធហត្ថស្រុកអូរជ្រៅ ក្រោមការបញ្ជាផ្ទាល់ពី លោកឧត្តមសេនីយ៍ត្រី ឱ បូរិន្ទ មេបញ្ជាការកងរាជអាវុធហត្ថខេត្ត បានឃាត់ខ្លួនក្មេងទំនើងម្នាក់ នៅយប់ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៧នេះ ដែលបានបង្កជម្លោះ និងបាញ់រះយ៉ាងអាណាធិបតេយ្យ។
មន្ដ្រីអាវុធហត្ថបានឲ្យដឹងថា ក្មេងទំនើងដែលចាប់បាននេះ ឈ្មោះ បាង វីង អាយុ១៧ ឆ្នាំ រស់នៅក្នុងភូមិកូបតូច ឃុំគត្តសត ស្រុកអូរជ្រៅ។
មន្ដ្រីដដែលបញ្ជាក់ថា ជនសង្ស័យបានបង្កជម្លោះ កាលពីថ្ងៃទី០៧ ខែមេសា ឆ្នាំ២០១៧កន្លងទៅ នៅចំណុចភូមិនិមិត្ត១ សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ហើយបានឈានទៅដល់ការបាញ់រះ ទៅលើគូជម្លោះផងដែរ ប៉ុន្ដែបានបង្កឲ្យពលរដ្ឋណាម្នាក់ រងគ្រោះនោះទេ។
បច្ចុប្បន្នជនសង្ស័យ ត្រូវបានបញ្ជូនខ្លួនទៅបញ្ជាការដ្ឋានអាវុធហត្ថខេត្ត ដើម្បីធ្វើការស្រាវជ្រាវរកប្រភពអាវុធ ដែលជនសង្ស័យបានប្រើប្រាស់ និងស្វែងរកបក្ខពួក យកមកផ្តន្ទាទោតាមច្បាប់៕