(កំពង់ធំ)៖ ផ្ទះឈើមួយខ្នង ប្រក់ស័ង្កសី ត្រូវបានអគ្គិភ័យដ៏កំណាច់ លេបត្របាក់គ្មានសល់ នៅវេលាម៉ោង០៩៖២០នាទីព្រឹក ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៧នេះ ស្ថិតក្នុងភូមិត្រាច ឃុំកំពង់ចិនជើង ស្រុកស្ទោង ពោលគឺនៅជាប់នឹងអធិការដ្ឋាន នគរបាលស្រុកតែម្ដង ប៉ុន្ដែមិនមានការជួយអន្ដរាគមន៍ទាន់ពេលទៅវិញ។
ប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា មូលហេតុដែលនាំឲ្យមានគ្រោះអគ្គិភ័យនេះ បណ្ដាលមកពីភ្លើងចង្ក្រាននៅផ្ទះបាយ ទើបបណ្ដាលឲ្យមានហេតុការណ៍អាក្រក់នេះតែម្ដង ហើយអ្វីដែលគេកំពុងហួសចិត្តនោះ ផ្ទះនេះនៅជាប់អធិការដ្ឋាន នគរបាលស្រុក ប៉ុន្ដែបែរជាគ្មានការជួយអន្ដរាគមន៍ទាន់ពេលទៅវិញ។
ផ្ទះត្រូវអគ្គិភ័យបំផ្លាញនេះ មានទំហំ៨ម៉ែត្រ គុណ៥ម៉ែត្រ ប្រក់ស័ង្គសី ជញ្ជាំងក្តា ក្រាលក្តា មានម្ចាស់ឈ្មោះ ខន ផន អាយុ៤០ឆ្នាំ និងប្រពន្ធឈ្មោះ ខន សុកណាក់ អាយុ៣៩ឆ្នាំ មានកូន០៤នាក់ក្នុងបន្ទុក។ ម្ចាស់ផ្ទះបានបញ្ជាក់ថា សម្ភារៈដែលខូចខាតមាន៖ ស្រូវចំនួន២,០០០គីឡូក្រាម, អង្ករ១០០គីឡូក្រាម, លុយខ្មែរ១,២០០,០០០រៀល, ខ្សែដៃប្លាទីន១ខ្សែ តំលៃ៨០០,០០០រៀល និងសម្ភារៈប្រើប្រាស់ក្នុងផ្ទះមួយចំនួនទៀត។
ក្រោយអគ្គិភ័យនេះកើតឡើង គ្រួសាររងគ្រោះកំពុងធ្វើការអំពាវនាវ យកជំនួយសប្បុរសធម៌ ព្រោះថាពេលនេះ ពួកគាត់គ្មានអ្វីនៅក្នុងខ្លួនទៀតទេ ពោលគឺសល់តែខោអាវមួយចង្កះតែប៉ុណ្ណោះ៕