(បាត់ដំបង)៖ អតីតសមាជិកគាំទ្របក្សប្រឆាំងម្នាក់ បានប្រាប់ពលរដ្ឋក្នុងឃុំភ្នំសំពៅថា កុំចាញ់បោកឃោសនា បក្សប្រឆាំងដូចគាត់ទៀត ដោយនាំគ្នាគាំទ្របក្សប្រជាជនកម្ពុជាវិញ ទើបមានការរីកចម្រើនជាក់ស្តែងពិតៗ ដល់ពលរដ្ឋមូលដ្ឋាន។
លោក ម៉េង ទូច អាយុជាង៧០ឆ្នាំ អតីតសមាជិកគាំទ្របក្សប្រឆាំង បានលើកឡើងថា «សូមបងប្អូនឈប់ជឿឃោសនាបក្សប្រឆាំងទៀតទៅ គ្មានបានប្រយោជន៍ទេ រូបខ្ញុំផ្ទាល់បានចូលបម្រើបក្សប្រឆាំង លើកទាំងស្លាក់គណបក្សឲ្យទៀតសន្យាថា ចាំគេឲ្យលុយ១០០ដុល្លារ តែលុយនោះមេបក្សប្រឆាំងស្រុកបានកុហក់ មិនបានឲ្យខ្ញុំនោះទេ។ រហូតដល់ខ្ញុំសម្រេចចិត្តទម្លាក់ស្លាកគណបក្សនោះចោលតែម្តង»។
លោក ម៉េង ទូច បានលើកឡើងបែបនេះ ក្នុងឱកាសដែលលោកសម្រេចចិត្តចាក់ចេញពីបក្សប្រឆាំង មករួមរស់ជាមួយបក្សប្រជាជនកម្ពុជា និងបានចូលរួមក្នុងពិធីសំណេះសំណាល ជាមួយប្រធាន អនុប្រធានក្រុមបក្សមូលដ្ឋានចំនួន៣ភូមិ ក្នុងឃុំភ្នំសំពៅ នៅព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៧នេះ ក្រោមអធិបតីភាព លោក ហែម ថេង ប្រធានក្រុមការងារ CPP ចុះជួយឃុំភ្នំសំពៅ ស្រុកបាណន់។
លោក ហែម ថេន បានលើកឡើងក្នុង ពិធីសំណេះសំណាលនោះថា ដោយមានការណែនាំជាប្រចាំ របស់លោក សុខ ផល ប្រធានក្រុមការងារចុះជួយស្រុកបាណន់ លោកនិងសហការីតែងតែបានដឹកនាំក្រុមការងារ ចុះកសាងនិងផ្តល់ជូននូវ សមិទ្ធិផលជាច្រើនមានដូចជា ជួយជីកប្រឡាយ ធ្វើផ្លូវថ្នល់កសាង និងជួសជុលសាលារៀនក្នុងភូមិ ធ្វើបុណ្យចូលបច្ច័យ កសាងវត្តនានា អំណោយមនុស្សធម៌ផ្សេងៗទៀត ចែកជូនដល់ក្មេងកំព្រា ស្រ្តីម៉េម៉ាយ ចាស់ជរាឥតទីពឹង អ្នកផ្ទុកនិងអ្នកកើតជម្ងឺអេដស៍ជាដើម។
លោក ហែម ថេង បានបញ្ជាក់ថា ក្នុងនាមប្រធាន-អនុប្រធានក្រុមបក្សទាំងអស់ ត្រូវធ្វើបច្ចុប្បន្នភាពអ្នកចុះឈ្មោះបោះឆ្នោត ឲ្យបានត្រឹមត្រូវជាក់លាក់ ដើម្បីត្រៀមរៀបចំខ្លួន ទៅបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ រយៈពេលដ៏ខ្លីខាងមុខនេះ។
នៅក្នុងឱកាសនោះ លោកប្រធានបានក្រើនរំលឹកដល់ ប្រធានក្រុមបក្សទាំង៣ភូមិ និងបេក្ខភាពក្រុមប្រឹក្សាឃុំថា យើងត្រូវពន្យល់បន្ថែមដល់ពលរដ្ឋតាមខ្នងផ្ទះ នៅពេលឃោសនាថា ក្នុងប្រវត្តិសាស្រ្តមិនដែល មានគណបក្សណា មកបម្រើរាស្រ្តសព្វបែបយ៉ាង ដូចបក្សប្រជាជនកម្ពុជានោះឡើយ ហើយក៏មិនដែលសន្យាអ្វីជាមួយពលរដ្ឋទេ តែបានធ្វើជាក់ស្តែង ដោយកសាងសមិទ្ធិផលជាច្រើន ជូនដល់ពលរដ្ឋក្នុងមូលដ្ឋាន មិនដូចបក្សប្រឆាំងសន្យាខ្យល់បោកប្រាស់ ភូតកុហក់រាស្រ្ត។ បច្ចុប្បន្នរាស្រ្តក៏គេលែងជឿបក្សប្រឆាំងទាំងនោះទៀតហើយដែរ។
ក្នុងកិច្ចសំណេះសំណាលនេះ លោក ហែម ថេន បានសងលុយថ្លៃចំណាយលើក ស្លាកគណបក្សប្រឆាំង ចំនួន១០០ដុល្លាភ្លាមៗ ជូនដល់លោក ម៉េង ទូច។
ក្រៅពីនេះ ក៏បានជួយដាក់លូបង្ហូរទឹកចំនួន៤កន្លែង ក្នុង១កន្លែង៦កង់មានមុខ១ម៉ែត្រ នៅក្នុងភូមិគោកអំពិល និងផ្តល់ថវិកាកំដរដៃដល់ប្រធានក្រុមបក្សទាំង៣ភូមិ គឺភូមិចែងក្តា ភូមិកំប៉ូវ និងភូមិគោកអំពិល សរុបមានគ្នា២១៥នាក់ ម្នាក់ៗទទួលបាន២ម៉ឺនរៀលស្មើនិង៤លាន៣សែនរៀល និងឧបត្ថមប្រធានក្រុមបក្សម្នាក់ ដែលពិការជើងម្ខាងចំនួន៥០ដុល្លារទៀត៕