(កំពង់ឆ្នាំង)៖ យ៉ាងហោចណាស់មនុស្ស៤នាក់ស្លាប់ និង៧នាក់ផ្សេងទៀតរងរបួស ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្ដ Camry បុកជាមួយរថយន្ដក្រុងដឹកអ្នកដំណើរ រួចបន្ដទៅបុករថយន្ដធុនធំមួយគ្រឿងទៀត នៅម៉ោង១០៖១០នាទីយប់ ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៧ តាមបណ្ដោយផ្លូវជាតិលេខ៥ ចន្លោះគីឡូម៉ែត្រលេខ៤៨-៤៩ ស្ថិតក្នុងភូមិស្ពានពោធិ ឃុំសេដ្ឋី ស្រុកសាមគ្គីមានជ័យ។
របាយការណ៍របស់នគរបាលចរាចរណ៍បញ្ជាក់ថា មុនពេលកើតហេតុ ឃើញរថយន្តម៉ាក TOYOTA CAMRY ពណ៌ប៉ៃតងចាស់ ពាក់ផ្លាកលេខ ភ្នំពេញ 2A-5416 បើកបរដោយ បុរសម្នាក់ឈ្មោះ ផន ភារី អាយុ២២ឆ្នាំ ក្នុងទិសដៅពីជើងទៅត្បូង ដោយមានដឹកអ្នកដំណើរ ជាក្រុមគ្រួសារចំនួន៧នាក់ (ស្រី៣នាក់) បានបើកវ៉ារថយន្តដឹកទំនិញធុនធំ១គ្រឿង ស្រាប់តែទៅបុករថយន្តក្រុងម៉ាក HYUNDAI ពណ៌ស-ខៀវ ពាក់ផ្លាកលេខ ភ្នំពេញ 3C-9712 ក្នុងទិសដៅច្រាស់គ្នា ហើយក៏បានខ្ទាតទៅបុករថយន្តធំ១គ្រឿងទៀត ម៉ាក FUSO ពណ៌ស្លែ ពាក់ផ្លាកលេខតាកែវ 3A-0590 ដែលកំពុងបើកបរមកពីក្រោយរថយន្តម៉ាក CAMRY ទើបរថយន្ដទៅមុខលែងរួច។
ក្នុងហេតុការណ៍ដ៏អាក្រក់នេះ បានសម្លាប់មនុស្ស៤នាក់ (ស្រីម្នាក់) របួសធ្ងន់ស្រាល៧នាក់ (ស្រី៤នាក់) និងខូចខាតរថយន្ត៣គ្រឿង។
ក្រោយកើតហេតុសមត្ថកិច្ចបានប្រគល់សព ទៅឲ្យក្រុមគ្រួសារ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី។ ចំណែកឯវត្ថុតាងយកមករក្សាទុក នៅអធិការដ្ឋាននគរបាលស្រុកសាមគ្គីមានជ័យ ដើម្បីដោះស្រាយតាមច្បាប់៕