(កំពង់ចាម)៖ លោកឧត្តមសេនីយ៍ឯក ឯក មនោសែន អនុប្រធានបណ្ឌិត្យសភា នគរបាលកម្ពុជា និងជាប្រធាននាយកដ្ឋានបណ្ដុះបណ្ដាល បានដឹកនាំគណប្រតិភូ សំណេះសំណាល និងសួរសុខទុក្ខ សិស្សនាយនគរបាល និងនាយនគរបាលរងចំនួន១៩០នាក់ កំពុងសិក្សាវគ្គបណ្ដុះបណ្ដាលកម្រិត បឋមវិជ្ជាជីវៈនគរបាល នៅសាលានគរបាលជាតិភូមិភាគ២ នាខេត្តកំពង់ចាម។
នាឱកាសនោះ ឧត្តមសេនីយ៍ឯក ឯក មនោសែន បានជំរុញដល់សិស្សនគរបាលទាំងអស់ ត្រូវយកចិត្តទុកដាក់សិក្សារៀនសូត្រ ដោយធ្វើស្វ័យសិក្សាទាំងទ្រឹស្តី និងការអនុវត្តជាក់ស្ដែង មានវត្តមានគ្រប់ពេលសិក្សា និងពេលប្រជុំជួរ និងគោរពវិន័យឲ្យបានខ្ជាប់ខ្ជួន និងហាមនដាច់ខាត ចំពោះការប្រព្រឹត្ត នូវសកម្មភាពខុសច្បាប់ និងត្រូវប្រកាន់ខ្ជាប់ នូវទស្សនៈរៀនឲ្យចេះ មិនមែនរៀនឲ្យចប់ គុណភាពមិនអាចសម្របសម្រួលបានឡើយ។
លោកឧត្តមសេនីយ៍ឯក បានសង្ឃឹមថា សិស្សនគរបាលដែលបានបញ្ចប់ការសិក្សា ត្រឡប់ទៅបម្រើការងារវិញ ត្រូវចេះបង្ហាញពីឥរិយាបថការងារថ្មី ជាមន្ត្រីនគរបាល ដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ មានសីលធម៌ល្អ មានការទទួលខុសត្រូវ លើការងារ មានភាពស្មោះត្រង់ ដើម្បីឲ្យថ្នាក់នាំផ្ដល់ជំនឿទុកចិត្តមកលើខ្លួន។
ក្នុងឱកាស ចុះសំណេះសំណាលនេះ លោកឧត្តមសេនីយ៍ឯក ឯក មនោសែន ក៏បានពិនិត្យ លើដំណើរការបណ្ដុះបណ្ដាល ប្រៀបធៀបជាមួយកម្មវិធី បណ្ដុះបណ្ដាល និងផែនការគ្រប់គ្រងវគ្គ ស្វែងយល់ ពីសុខទុក្ខ ទទួលសំណូមពរ និងលើកទឹកចិត្តមន្ត្រីនគរបាល ដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់, ពីវិជ្ជាជីវៈ នគរបាលកម្រិតបឋមមានចំណេះដឹង, មានការយល់ដឹកអំពីតួនាទី ភារកិច្ច និងកាតព្វកិច្ចរបស់កងកម្លាំង, មានស្មារតីទទួលខុសត្រូវលើការងារ, គោរប្រតិបត្តិច្បាប់, គោរពវិន័យ គោរពក្រមសីលធម៌វិជ្ជាជីវៈ និងគោរពសិទ្ធិមនុស្ស មុននឹងត្រូវបានតាំងស៊ប់ ក្នុងក្របខ័ណ្ឌមន្ត្រីនគរបាលកម្ពុជា ៕