(ភ្នំពេញ)៖ គិតមកត្រឹមព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៧នេះ តុលាការមិនទាន់សម្រេចឃុំខ្លួន ជនជាតិអ៊ីស្រាអែល ដែលស៊ីដាច់លុយ ធនាគារ «អេស៊ីលីដា» ជាង១.៣លានដុល្លារនោះទេ ខណៈលេចឮដំណឹងថា មានគេកំពុងរត់ការ ដើម្បីអន្ដរាគមន៍កុំឲ្យឃុំខ្លួនជនបរទេសរូបនេះ។
ពាក់ព័ន្ធករណីស៉ីដាច់លុយជាង១លានដុល្លារនេះ មេធាវីការពារក្តីរបស់ធនាគារ «អេស៊ីលីដា» សំណូមពរឲ្យស្ថាប័នតុលាការឃុំខ្លួនជនត្រូវចោទ។
សូមរំលឹកថា បុរសជនជាតិអ៊ីស្រាអែលម្នាក់ ក្រោយស៊ីដាច់លុយធនាគារ «អេស៊ីលីដា» អស់ជាង១លាន៣០ម៉ឺនដុល្លារ ត្រូវព្រះរាជអាជ្ញារង លោក សៀង សុខ បញ្ជាឲ្យចូលខ្លួន នៅនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃក្រសួងមហាផ្ទៃ រហូតត្រូវបានឃាត់ខ្លួន នៅព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៧។
យោងតាមពាក្យបណ្ដឹងរបស់ធនាគារ «អេស៊ីលីដា» បញ្ជាក់ថា ជនជាតិអ៊ីស្រាអែល ត្រូវកម្លាំងនគរបាលឃាត់ខ្លួននេះ ឈ្មោះ DAN GOLDSHTIEN អាយុ៥៩ឆ្នាំ កាន់លិខិតឆ្លងដែនលេខ ២០៧៥៤៧១៤ ស្នាក់នៅផ្ទះលេខ៣០១E ផ្លូវជាតិលេខ៦A ភូមិកៀនឃ្លាំង សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា។
ភាគីដើមបណ្ដឹង ក៏បានប្ដឹងទាមទារសំណងជំងឺចិត្ត១០ម៉ឺនដុល្លារផងដែរ៕