(ភ្នំពេញ)៖ លោក នុត ពុធដារ៉ា ប្រធានគណបក្សប្រជាជនកម្ពុជាខណ្ឌដង្កោ នៅព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៧នេះ ចូលរួមជាអធិបតី ក្នុងពិធីប្រកាសបញ្ចូលសមាជិកថ្មី របស់គណបក្សប្រជាជនកម្ពុជា ចំណុះឲ្យគណៈកម្មាធិការ គណបក្សសង្កាត់ដង្កោចំនួន៤០៨នាក់ ក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ។
លោក នុត ពុធដារ៉ា បានលើកឡើង និងវាយតម្លៃខ្ពស់ ចំពោះសមាជិកគណបក្ស ដែលទើបបញ្ចូលថ្មីទាំងអស់ អំពីការជ្រើសរើស ដ៏ត្រឹមត្រូវក្នុងការចូលរួមជីវភាពនយោបាយ ជាមួយគណបក្សប្រជាជនកម្ពុជា ជាគណបក្សដែលមានភាពចាស់ទុំខាងនយោបាយ បានរំដោះប្រទេស ពីរបបប្រល័យពូជសាសន៍ ប៉ុល ពត និងបានអភិវឌ្ឍន៍ប្រទេស ឲ្យរីកចម្រើនឥតឈប់ឈរ លើគ្រប់វិស័យពីមួយថ្ងៃទៅមួយថ្ងៃ មានសុខសន្តិភាពពេញលេញ មានស្ថិរភាពនយោបាយ និងធ្វើឲ្យជីវភាពប្រជាពលរដ្ឋមានភាពធូរធារ។
លោកបានផ្ដាំផ្ញើ ឲ្យសមាជិក សមាជិកាថ្មីទាំងអស់ ត្រូវតែគោរពឲ្យបាននូវលក្ខន្តិកៈគណបក្ស និងមានទំនាក់ទំនងល្អជាមួយគ្នា មានសមគ្គីភាពផ្ទៃក្នុងល្អ ធ្វើអំពើល្អជាមួយប្រជាពលរដ្ឋ និងរួមគ្នាបោះឆ្នោតជូន គណបក្សប្រជាជនកម្ពុជា នៅក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៤ ឆ្នាំ២០១៧ នាពេលខាងមុខ ដែលក្នុងសង្កាត់ដង្កោ គណបក្សប្រជាជនកម្ពុជា ស្ថិតនៅលេខរៀងទី៣ នៃបញ្ជីបោះឆ្នោត ដើម្បីឲ្យគណបក្សមានលទ្ធភាព ក្នុងការបន្តកសាង អភិវឌ្ឍន៍ប្រទេសជាតិ ។
លោក នុត ពុធដារ៉ា បញ្ជាក់ថា សមាជិកទាំងអស់ត្រូវជួយណែនាំ ដល់សមាជិកគ្រួសារ បងប្អូន មិត្តភក្តិ ឲ្យបានយល់អំពីគុណសម្បត្តិ របស់គណបក្សប្រជាជនកម្ពុជា ជៀសវាងការចាញ់ឧបាយកលបោកប្រាស់ ប្រជាភិថុត របស់គណបក្សប្រឆាំង៕