(សៀមរាប)៖ លោកស្រី គួយ ណាលីន ឃឹម ប៊ុនសុង អនុប្រធានគណៈកម្មាធិការ សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នៅព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៧នេះ បានដឹកនាំក្រុមការងារ ចុះយកអំណោយចែកជូនគ្រួសារសព ដែលរងគ្រោដោយសាររន្ទះបាញ់ នៅក្នុងភូមិបឹងង៉ត ឃុំតាយ៉ែក ស្រុកសូទ្រនិគម។
លោក ឌិត ដន ប្រធានកិត្តិយសអនុសាខាកាកបាទក្រហមស្រុកសូទ្រនិគម បានឲ្យដឹងថា នៅយប់ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៧ មានភ្លៀងធ្លាក់ដោយលាយឡំទៅដោយខ្យល់ និងផ្គររន្ទះ បានធ្វើឲ្យបងប្អូនប្រជាពលរដ្ឋ ក្នុងភូមិបឹងង៉តនេះ ទទួលរងគ្រោះស្លាប់ និងរងរបួសដោយរន្ទះបាញ់ ក្នុងពេលដែលបានធ្វើដំណើរចេញពីផ្ទះនៅពេលយប់ ដោយបណ្តាលឲ្យយុវជនឈ្មោះ តិក សំ អាយុ១៨ឆ្នាំ បានស្លាប់ និងស្រីម្នាក់ឈ្មោះ ឌុច ហ៊ីង អាយុ៦៦ឆ្នាំ រងរបួសធ្ងន់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ និងក្មេងតូច២នាក់ទៀត រងរបួសស្រាល។
ក្នុងនាមសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងលោក ឃឹម ប៊ុនសុង ប្រធានគណៈកម្មាធិការ សាខាកាកបាទក្រហមកម្ពុជាខេត្ត និងជាអភិបាលខេត្ត, លោកស្រី គួយ ណាលីន បានសម្តែងនូវក្តីសោកស្តាយ ចំពោះការបាត់បង់នូវអាយុជីវិតរបស់ក្មួយប្រុស ដោយបាតុភូតគ្រោះធម្មជាតិ ដែលជាកូនទីស្រឡាញ់របស់ឪពុកម្តាយ និងសូមឧទ្ទិសដល់ដួងវិញ្ញាណក្ខន្ធ សូមឲ្យបានទៅកាន់សុខគតិភព។
លោកស្រី បានធ្វើការណែនាំដល់បងប្អូនប្រជាពលរដ្ឋ ដែលបានមកចូលរួមក្នុងពិធីបុណ្យសព សូមឲ្យយកចិត្តទុកដាក់ និងមានការប្រុងប្រយ័ត្នខ្ពស់ អំពីសុខសុវត្ថិភាពក្នុងក្រុមគ្រួសារ នៅពេលដែល មានភ្លៀង ខ្យល់ ផ្គររន្ទះ ត្រូវរត់រកទីកន្លែងមានសុវត្ថិភាព ក្នុងការការពារនូវអាយុជីវិតរបស់ខ្លួន និងក្រុមគ្រួសារ។ ម៉្យាងទៀតនៅពេលដែលមេឃរកកលភ្លៀងនោះ បងប្អូនមិនត្រូវប្រើប្រាស់គ្រឿងអេឡិចត្រូនិច នៅតាមទីវាល ក្រោមដើមឈើ ដែលបង្កឲ្យមានការចម្លងចរន្ត ពីព្រោះថានៅដើមរដូវវស្សានេះ នាពេលរាល់ឆ្នាំបងប្អូនប្រជាពលរដ្ឋ តែងតែជួបនូវឧបទ្ទេវហេតុនេះ នៅគ្រប់ទីកន្លែង ហើយទាំងនេះ ក៏ដោយការបម្រែបម្រួលអាកាសធាតុផងដែរ។
លោកស្រី និងក្រុមការងារ បានប្រគល់អំណោយដល់ក្រុមគ្រួសារសព រួមមាន៖ អង្ករ៥០គីឡូក្រាម, ឃីត១កញ្ចប់, ទឹកសុទ្ធ៥យូរ និងថវិកា៣៨ម៉ឺនរៀលផងដែរ៕
សូមបញ្ជាក់ថា តាមរបាយការណ៍របស់គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៧ មានករណីរន្ទះបាញ់ និងខ្យល់កន្ត្រាក់ ដែលធ្វើឲ្យមនុស្សស្លាប់៤នាក់ រលំផ្ទះជាច្រើនខ្នង និងគោ១១ក្បាលផងដែរ៕