(ភ្នំពេញ)៖ បុរសជាម្ចាស់ថៅកែហ្គារ៉ាស់សាំង យីហោ «លី លីន» និងជាម្ចាស់ផ្ទះសំណាក់យីហោ «ភូមិមាស» បានយកកែវ និងផើងផ្កាវាយ និងគប់ មកលើស្ត្រីម្នាក់ដែលជាមិត្តភក្តិរបស់ប្រពន្ធខ្លួន បណ្តាលឲ្យរងរបួស ហើយប្រពន្ធ និងមិត្តភក្តិផ្សេងទៀត ចូលទៅឃាត់រងរបួសស្រាល បន្ទាប់ពីបង្កហេតុហើយជនដៃដល់ បានរត់គេចខ្លួនបាត់ស្រមោល។
ហេតុការណ៍អំពើហិង្សា នេះកើតឡើងនៅវេលាម៉ោង ១០និង២៧នាទីយប់ ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៧ នៅក្នុងផ្ទះ
សំណាក់យីហោ «ភូមិមាស» ស្ថិតក្នុងភូមិតាងួន សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ។
មន្ត្រីនគរបាលប៉ុស្តិ៍កាកាប បានឲ្យដឹងថា ស្ត្រីជាជនរងគ្រោះឈ្មោះ សន និមល អាយុ២៦ មុខរបរលក់ថ្នាំពេទ្យ ស្នាក់នៅផ្ទះលេខ២៣០ ភូមិស្លែងរលើង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។ ចំណែកបុរស ជាជនដៃដល់ ឈ្មោះ លី លីនន អាយុ៣៨ឆ្នាំ។
តាមសម្តីស្រ្តីរងគ្រោះបានឲ្យដឹងថា នៅមុនកើតហេតុ រូបនាងត្រូវមិត្តភក្តិជាប្រពន្ធរបស់ជនបង្ក ហៅមកផឹកសុីជាមួយ នៅផ្ទះសំណាក់កើតហេតុ រួមជាមួយមិត្តភក្តិស្រីៗ៤នាក់ទៀត ហើយបានអង្គុយផឹកបណ្តើរជជែកគ្នាលេងបណ្តើរ ខណៈមកដល់ម៉ោងកើតហេតុ ស្រាប់តែបុរសដែលជាជនបង្ករូបនោះ បានជិះរថយន្តម៉ាក «Vigo» ពណ៌ស មិនចាំស្លាកលេខមក ដល់ក៏ចុះពីលើរថយន្តភ្លាម ឃើញនាងកំពុងអង្គុយផឹកជាមួយប្រពន្ធ និងមិត្តភក្តិផ្សេងទៀត ក៏ស្ទុះទៅទះកំភ្លៀងលើរូបនាង រួចហើយថែមទាំងទាញកែវ និងផើងផ្កាដេញគប់លើរូបនាង បណ្តាលឲ្យរងរបួសកជើង និងដងខ្លួនយ៉ាងដំណំ ឃើញបែបនេះប្រពន្ធ និងមិត្តភក្តិម្នាក់ទៀត ចូលទៅជួយឃាត់ក៏ត្រូវបុរសជនបង្ក វាយបណ្តាលឲ្យរងរបួសផងដែរ។
ស្ត្រីរងគ្រោះបន្តទៀតថា ក្រោយពេលកើតហេតុ រូបនាងដែលជាជនរងគ្រោះបានខលហៅសមត្ថកិច្ច ដើម្បីឲ្យជួយអន្តរាគមន៍ ស្រាប់តែបុរសជាជនបង្កបានឆក់យកទូរស័ព្ទពីនាង យកទៅបោកចោលខ្ទេចថែមទៀត រួចក៏បានឡើងលើរថយន្តបើករត់គេចខ្លួនបាត់ស្រមោលតែម្តង។
យ៉ាងណាមិញ សមត្ថកិច្ចបានបង្ហើបថា កន្លងមកស្ត្រីជនរងគ្រោះ និងបុរសជនបង្ក ធ្លាប់មានជម្លោះជាមួយគ្នាតាមទូរស័ព្ទ ដោយជេរប្រទិចគ្នាយ៉ាងខ្លាំង ទើបធ្វើឲ្យជនសង្ស័យមានគំនុំគុំគួន រហូតមកដល់ម៉ោងកើតហេតុ ជនសង្ស័យបានជិះរថយន្តមកផ្ទះសំណាក់ខាងលើ ស្រាប់តែឃើញស្រ្តីរងគ្រោះ កំពុងអង្គុយផឹកជាមួយប្រពន្ធ ហើយក៏ស្ទុះទៅវាយតែម្ដងទៅ។
ជាមួយគ្នានេះដែរ សមត្ថកិច្ចលួចបង្ហើបឲ្យដឹងថា ស្រ្តីរងគ្រោះដែលត្រូវ ថៅកែហ្គារ៉ាសាំងវាយនេះ ធ្លាប់មានរឿងរ៉ាវឈ្នះ និងប្តឹងផ្តល់គ្នាជាមួយប្តីរបស់ខ្លួន ជាច្រើនលើកច្រើនសារមកហើយ ដោយសប្បាយនឹងការផឹកស៊ី ដើរលេងជាមួយនឹងក្រុមជនបង្ក ជាហៅកែហ្គារ៉ាសាំងខាងលើនេះ៕