(ព្រៃវែង)៖ នាយឧត្តមសេនីយ៍ ឆៃ ស៊ីណារិទ្ធ អគ្គស្នងការរងនគរបាលជាតិ តំណាងនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានចូលរួមសម្ពោធអគារសិក្សាថ្មី ចំនួន២ខ្នង មាន៥បន្ទប់ ដាក់ឲ្យប្រើប្រាស់ជាផ្លូវការ និងបំពាក់គ្រឿងសង្ហារឹមមួយចំនួន ក្នុងសាលាបឋមសិក្សាសិរីមង្គល ស្ថិតនៅភូមិអូរកណ្ដាល ឃុំពួនដំរី ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង ព្រមទាំងបានពាំនាំនូវអំណោយ និងថវិកាមួយចំនួនជាវត្ថុកំដដៃ ឧបត្ថម្ភជូនសាលា និងចែកជូនប្រជាពលរដ្ឋនៅមូលដ្ឋាននោះផងដែរ។

ពិធីសម្ភោធនេះ ប្រារព្ធឡើងនៅ​ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៧​នេះ ដោយមានការចូលរួមពី លោកឧត្តមសេនីយ៍ឯក សៀង សេន ប្រធាននាយកដ្ឋានប្រឆាំងបទល្មើសល្បែងពាណិជ្ជកម្ម និងលោកប្រធានក្រុមការងារតាមឃុំមួយចំនួន នៃស្រុកស្វាយអន្ទរ ព្រមទាំងសហការីជាច្រើនរូបទៀត។

នាឱកាសនោះ លោកនាយឧត្តមសេនីយ៍ ឆៃ ស៊ីណារិទ្ធ បានថ្លែងអំណរគុណដល់សប្បុរសជន និងងក្រុមការងារ និងបានបំពាក់គ្រឿងឥស្សរិយយសដល់សប្បុរសជន និងចូលរួមដាំកូនឈើក្នុងទីធ្លាសាលាផងដែរ។

ជាការឆ្លើយតប មន្ត្រីរាជការ​ កងកម្លាំង​ប្រដាប់អាវុធ​ ព្រមទាំងព្រះសង្ឃ​ លោកគ្រូ​ អ្នកគ្រូ​ សិស្សានុសិស្ស​ និងប្រជាពលរដ្ឋ​ ក្នុងខេត្តព្រៃវែង ជាពិសេស​ប្រជាពលរដ្ឋ​ក្នុងភូមិអូរកណ្តោលខាងជើង ឃុំដំរីពួន ស្រុកស្វាយអន្ទរ​ បានថ្លែងអំណរគុណ ចំពោះនាយឧត្តមសេនីយ៍ ឆៃ ស៊ីណារិទ្ធ និងនាយឧត្តមសេនីយ៍ នេត សាវឿង យ៉ាងកក់ក្ដៅបំផុ។

ជាមួយគ្នានេះ លោកឧត្តមសេនីយ៍ឯក សៀង សេង ប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានឃុំដំរីពួន និងសហការី ក៏បានឧបត្ថម្ភថវិកាចំនួន ១៨,៦០០,០០០រៀល ព្រមទាំងព្រះសង្ឃ អាចារ្យ គណៈកម្មការទ្រទ្រង់សាលា លោកគ្រូ អ្នកគ្រូ និងសប្បុរសជន បានចូលរួមចំណែកជាថវិកាចំនួន ៣,០០០,០០០រៀល ដើម្បីចាក់បំពេញទីធ្លាសាលាបឋមសិក្សាសិររីមង្គលនេះ។

លោកអភិបាលស្រុកបានបន្តថា ការពារសន្តិសុខ និងសណ្ដាប់ធ្នាប់សាធារណៈ ជាទូទៅស្រុកស្វាយអន្ទរ បានរក្សាសុវត្ថិភាពជូនប្រជាពលរដ្ឋបានយ៉ាងល្អប្រសើរ ដោយប្រើប្រាស់កម្លាំងសមត្ថកិច្ច មធ្យោបាយ និងវិធានការ និងអនុវត្តគោលនយោបាយ ភូមិ ឃុំមានសុវត្ថិភាពបាន់យ៉ាងផុលផុសផងដែរ៕