(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានដឹកនាំគណៈប្រតិភូត្រឡប់មកដល់មាតុប្រទេសជាទីស្រឡាញ់របស់សម្តេចវិញហើយនៅវេលាម៉ោង១០៖៤០នាទី ថ្ងៃអាទិត្យ ទី៣០ ខែមេសា ឆ្នាំ២០១៧នេះ បន្ទាប់ពីបានចំណាយពេលពេញថ្ងៃម្សិលមិញដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៣០ នៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន។

ជាមួយនឹងដំណើរមកដល់មាតុប្រទេសវិញនេះ នៅឯព្រលានយន្តហោះអន្តរជាតិភ្នំពេញ មន្រ្តីជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជាជាច្រើនរូប បានចេញទៅទទួលដំណើរនិវត្តន៍របស់សម្តេចតេជោ ហ៊ុន សែន និងគណៈប្រតិភូ ដែលបានខិតខំបំពេញការងារ ដើម្បីនាំមកនូវកិត្តិយស និងកេត្យានុភាពជាតិនៅក្នុងតំបន់។

សូមបញ្ជាក់ថា កិច្ចប្រជុំកំពូលអាស៊ានលើកទី៣០ ដែលធ្វើឡើងនៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៧ម្សិលមិញ បានប្រព្រឹត្តទៅក្រោមបរិយាកាសដ៏ស្និទ្ធស្នាល និងផ្អែមល្ហែម ព្រមទាំងសម្រេចបានលទ្ធផលល្អប្រសើរ។ ថ្នាក់ដឹកនាំប្រទេសសមាជិកអាស៊ាន ទាំង១០ បានសម្រេចចេញសេចក្តីថ្លែងការណ៍ចំនួន ១២៤ចំណុច ស្មើនិងប្រមាណ ២៥ទំព័រ។

សេចក្តីថ្លែងការណ៍រួមនេះ ក្រៅពីការនិយាយអំពីបញ្ហា និងគោលដៅរបស់អាស៊ានទៅ ក៏បាននិយាយអំពីបញ្ហាក្នុងតំបន់ដូចជាបញ្ហាជម្លោះសមុទ្រចិនខាងត្បូង និងបញ្ហានៅឧបទ្វីបកូរ៉េផងដែរ។  សេចក្តីថ្លែងការណ៍បានបង្ហាញកង្វល់ខ្លាំងចំពោះបញ្ហាឧបទ្វីបកូរ៉េ និងស្នើគ្រប់ភាគីមានការអត់ធ្មត់ និងស្វែងរកការដោះស្រាយដោយសន្តិវិធី។

សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា លើទំព័រ Facebook របស់សម្តេចថា នៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន ប្រមុខដឹកនាំនៃប្រទេសអាស៊ានទាំង១០ បានឯកភាពគ្នាក្នុងពង្រឹងសន្តិសុខ ទប់ស្កាត់រាល់នូវអំពើភេរវកម្ម និងការជួញដូរគ្រឿងញៀនគ្រប់ប្រភេទ ដើម្បីថែរក្សាសន្តិភាព និងខិតខំពង្រឹងសេដ្ឋកិច្ចក្នុងតំបន់ឲ្យកាន់តែរីកលូតលាស់ ដែលនាំមកនូវផលប្រយោជន៍សម្រាប់ប្រជាជាតិទាំងអស់។

សម្តេចតេជោថា កម្ពុជាមានមោទនភាពក្នុងនាមជាសមាជិក ដែលតែងតែចូលរួម និងគាំទ្រនូវសេចក្តីសម្រេចនានារបស់អាស៊ាន ដែលនាំមកនូវសន្តិភាព ស្ថេរភាព និងការរីកចម្រើនរួមគ្នានៅក្នុងតំបន់ និងក្នុងពិភពលោកទាំងមូល៕