(តាកែវ)៖ ក្នុងពិធីសំណេះសំណាលមួយក្នុងមូលដ្ឋានឃុំកំពែង ស្រុកព្រៃកប្បាស លោក ពេជ សោភ័ន អនុប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តតាកែវ និងជាសហប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកនេះ បានប្រកាសថា អ្នកដែលផ្លាស់ប្តូរពិតប្រាកដនៅក្នុងជំនាន់នេះ គឺគណបក្សប្រជាជនកម្ពុជា ដែលបានផ្តាស់ប្តូរជីវភាពប្រជាពលរដ្ឋពីក្រីក្រ មកមានជីវភាពល្អប្រសើរឡើង។
ថ្លែងទៅកាន់ប្រជាពលរដ្ឋឃុំកំពែងរាប់រយនាក់ កាលពីម្សិលមិញនេះ ពេជ សោភ័ន បានអះអាងថា កម្ពុជាក្រោមការដឹកនាំរបស់ សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានកសាងប្រទេសឱ្យមានភាពរីកចម្រើន និងផ្តល់ក្តីសង្ឃឹមជូនប្រជាពលរដ្ឋ មិនដូចគណបក្សដទៃ ដែលបានត្រឹមតែសន្យាហើយមិនធ្វើ។
រដ្ឋលេខាធិការក្រសួងការងាររូបនេះ បានបញ្ជាក់ទៀតថា រាជរដ្ឋាភិបាលកម្ពុជា នឹងនៅបន្តបំពេញភារកិច្ចរបស់ខ្លួន ក្នុងការកសាងប្រទេសឱ្យមានភាពរីកចម្រើន និងផ្តល់នូវក្តីសង្ឃឹមជូនប្រជាពលរដ្ឋ ក្នុងនោះបានដំឡើងប្រាក់ខែគ្រូបង្រៀនរៀងរាល់ឆ្នាំជាក់ស្តែងឆ្នាំ២០១៧ បានដំឡើងប្រាក់ខែជូនគ្រូបង្រៀនយ៉ាងតិច ១លានរៀល ក្នុងមួយខែ ។ ទន្ទឹមនឹងនោះ លោកថ្លែងទៀតថា រាជរដ្ឋាភិបាលក៏បានបន្តដំឡើងប្រាក់ខែអប្បបរមាដល់កម្មករនិយោជិត ដែលបច្ចុប្បន្ន ១៥៣ ដុល្លារ ក្នុងឆ្នាំ២០១៧ បូកបន្ថែមប្រាក់ អត្ថប្រយោជន៍ផ្សេងៗទៀត កម្មករនិយោជិតអាចទទួលបានជាមធ្យមពី ១៧០ ដុល្លារ ដល់ ១៨១ដុល្លារ ក្នុងមួយខែ ឱ្យកើនលើសពីនេះទៀត ។
លោកបានបន្តទៀតថា ក្នុងនោះរាជរដ្ឋាភិបាល ក៏បានបន្តផ្តល់ការធារារ៉ាប់រងគ្រោះថ្នាក់ការងារ និងរបបធានារ៉ាប់រងសុខភាព ជូនដល់កម្មករនិយាជិត និងរៀបចំផ្តល់ប្រាក់សោធននិវត្តជូនកម្មករ រួមទាំង ត្រៀមរៀបចំអនុវត្តការធារារ៉ាប់រងគ្រោះថ្នាក់ការងារ និងរបបធានារ៉ាប់រងសុខភាពជូនដល់មន្រ្តីរាជការផងដែរ ៕