(កំពង់ធំ)៖ ដោយសារតែឆ្អែតឆ្អន់ ជាមួយគណបក្សសង្គ្រោះជាតិ ដែលជាបក្សភូតភរ កុហស បោកប្រាស់ សកម្មជន និងគតិតែប្រយោជន៍បុគ្គល បក្ខពូកនិយម, សកម្មជន ៣២៤នាក់ នៅឃុំក្រយា និងឃុំសាគ្រាម ស្រុកបាសាទបល្ល័ង្ក បានផ្លាស់ប្ដូរផ្នត់គំនិត ដោយសុំរួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា ដែលកំពុងកាន់អំណាច ក្រោមការដឹកនាំរបស់ សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្ស។
ជាក់ស្ដែង នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៧នេះ លោក ជា អឿង ប្រធានក្រុមការងារចុះជួយស្រុកប្រាសាទបល្ល័ង្ក បានអញ្ជើញប្រកាសបញ្ជូលសមាជិកថ្មីចំនួន ៣២៤នាក់ មកពីគណបក្សសង្គ្រោះជាតិ ដែលមកពីឃុំក្រយា ចំនួន១៧៧នាក់ និងឃុំសាគ្រាម ចំនួន១៣៧នាក់។
ក្នុងឱកាសនោះ លោក ជា អឿង បានថ្លែងអំណរគុណ បងប្អូនទាំងអស់ដែលបានមករួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា ជាមហាគ្រួសារតែមួយ ព្រោះថាគណបក្សប្រជាជនកម្ពុជា អ្នកណាក៏អាចមករួមរស់ជាមួយបានដែរ។ លោកបន្តទៀតថា សូមឲ្យសមាជិកទាំងអស់ត្រូវស្មោះស្ម័គ្រ ជាមួយគណបក្សមានភាពជឿជាក់ ហើយបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីបន្តថែរក្សាសន្តិភាព និងការអភិវឌ្ឍន៍ បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា គឺបោះឆ្នោតឲ្យខ្លួនឯង។
បន្ថែមពីនេះ លោកបានណែនាំដល់ក្រុមការងារ ត្រូវសហការជាមួយបេក្ខជនឈរឈ្មោះ សាខាបក្សភូមិ យុវជនភូមិ ត្រូវផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ ឲ្យយល់ពីសន្តិភាព ត្រូវពង្រឹងការគ្រប់គ្រង និងសាមគ្គីផ្ទៃក្នុង ចំពោះសមាជិក ក្រុមប្រឹក្សាឃុំ-សង្កាត់ ក្នុងមុខតំណែងរបស់ខ្លួន ឲ្យមានភាពរឹងមាំ ដើម្បីឈានឆ្ពោះទៅ ដណ្តើមជោគជ័យក្នុងការបោះឆ្នោត។
លោក ជា អឿង ផ្តាំផ្ញើដល់ថ្នាក់ដឹកនាំគណបក្សមូលដ្ឋានគ្រប់លំដាប់ថ្នាក់ និងក្រុមការងារទាំងអស់ ត្រូវអនុវត្តឲ្យ បានត្រឹមត្រូវនូវគោលនយោបាយ របស់គណបក្សប្រជាជន គឺដើម្បីប្រជាជន និងផលប្រយោជន៍របស់ប្រជាជន ត្រូវយកចិត្តទុកដាក់ទៅលើប្រជាពលរដ្ឋ ដែលជួបការលំបាក និងជួយដោះស្រាយនូវបញ្ហាប្រឈមជូនគាត់។ ជាមួយគ្នានេះដែរ លោកប្រធានក្រុមការងារ បាននាំយកសម្ភារៈមួយចំនួន ចែកជូនដល់ពលរដ្ឋក្នុងពិធីនេះផងដែរ។
ឆ្លៀតឱកាសនោះ លោក បានចុះពិនិត្យស្ពានឈើនៅភូមិព្រិច ដែលនឹងគ្រោងដាក់សម្ភោធឲ្យប្រើប្រាស់ជាផ្លូវការ នៅពេលខាងមុខនេះ៕