(កណ្តាល)៖ លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានក្រុមការងារ ថ្នាក់ជាតិចុះជួយស្រុកកោះធំ ខេត្តកណ្តាល បានថ្លែងរំលឹកប្រជាពលរដ្ឋ «សុខសន្តិភាព» ដែលកំពុងគ្រប់ដណ្តប់ទូទាំង ផ្ទៃប្រទេសកម្ពុជានាពេលបច្ចុប្បន្ន គឺជាមូលដ្ឋានគ្រឹះ និងមានសារៈសំខាន់បំផុតសម្រាប់ការអភិវឌ្ឍ និងការរីកចម្រើន របស់ប្រទេសជាតិ និងធ្វើឲ្យជីវភាពប្រជាពលរដ្ឋកាន់តែល្អប្រសើរ។
ការក្រើនរំលឹករបស់លោកទេសរដ្ឋមន្រ្តី បានធ្វើឡើងក្នុងពេលរូបលោកអញ្ជើញជាអធិបតីក្នុងពិធីបញ្ចុះខណ្ឌសីមា នៅព្រះវិហារវត្តសំពៅមាសកែវមុនី ស្ថិតនៅឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្តាល នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៧ ដោយមានការចូលរួមពី ប្រជាពលរដ្ឋប្រមាណ ១,០២៤នាក់។
លោក ស៊ុន ចាន់ថុល បានថ្លែងថា ជាពិសោធន៍ដែលពលរដ្ឋខ្មែរចាំមិនភ្លេចនោះ ភ្លើងសង្រ្គាមដែលបានកើតមាន លើផ្ទៃប្រទេសកម្ពុជា កាលពីអតីតកាល បានធ្វើឲ្យប្រទេសជាតិរងការបំផ្លេចបំផ្លាញគ្មានសល់ ប្រជាពលរដ្ឋរងនូវទុក្ខវេទនា និរាសព្រាត់ប្រាស់ និងស្លាប់រង្គាលរាប់លាននាក់។
«បើប្រទេសយើងគ្មានសុខសន្តិភាព និងគ្មានស្ថេរភាពនយោបាយដែលទទួលបាន ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា យើងមិនអាចកសាង ហេដ្ឋារចនាសម្ព័ន្ធស្ពានថ្នល់ សាលារៀន មន្ទីរពេទ្យ។ល។ និងមិនអាចទាក់ទាញអ្នកវិនិយោគឲ្យមកបណ្តាក់ទុន ដើម្បីបង្កើតការងារជូនប្រជាពលរដ្ឋ និងមិនអាចទាក់ទាញទេសចរណ៍មកលេងកម្ពុជាដូចសព្វថ្ងៃនេះឡើយ»។ លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានគូសបញ្ជាក់។
លោកទេសរដ្ឋមន្រ្តី បានឲ្យដឹងទៀតថា ព្រោះតែសុខសន្តិភាព និងស្ថេរភាពនយោបាយនេះ បានធ្វើឲ្យកម្ពុជាក្លាយជា ម្ចាស់ផ្ទះក្នុងការរៀបចំវេទិកាសេដ្ឋកិច្ចពិភពលោក ដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃទី១០ ១១ និង១២ ខែឧសភាឆ្នាំ២០១៧ខាងមុខ។ ព្រឹត្តិការណ៍នេះនឹងនាំមកមេដឹកនាំនយោបាយ និងមេដឹកនាំធុរកិច្ច សង្គមស៊ីវិល និងអ្នកសិក្សាស្រាវជ្រាវសំខាន់ៗប្រមាណ ៦០០រូប ដែលជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រមិនធ្លាប់កើតមានពីមុនមកនៅកម្ពុជា។
លោកទេសរដ្ឋមន្រ្តីថា ព្រឹត្តិការណ៍នេះ បានលើកកម្ពស់មុខមាត់ និងកេត្យានុភាពរបស់កម្ពុជា នៅលើឆាកអន្តរជាតិថែមទៀត។
លោក ស៊ុន ចាន់ថុល ក៏បានបញ្ជាក់ប្រាប់ប្រជាពលរដ្ឋថា សុខសន្តិភាព ដែលកំពុងមាននេះ គឺកើតចេញពីការដឹកនាំដ៏ត្រឹមត្រូវ របស់រាជរដ្ឋាភិបាលមកពីគណបក្សប្រជាជនកម្ពុជា មានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខ។ លោក ស៊ុន ចាន់ថុល ក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋទាំងអស់ទៅចូលបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី០៤ ខែមិថុនា ដើម្បីបន្តជ្រើសយក និងរក្សានូវសុខសន្តិភាពក្រោមមាគ៌ាដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា៕