(ភ្នំពេញ)៖ តារាសម្ដែង និងជាប្រធានសមាគម «មិត្តសិល្បៈស្ម័គ្រចិត្តជួយសង្គម» អ្នកនាង ចន ច័ន្ទលក្ខិណា បានបញ្ចេញសារមួយគួរឲ្យភ្ញាក់ផ្អើល សម្រាប់មហាជនទូទៅ ខណៈដែលនាងនិយាយសម្ដី​ទៅលោក សុវណ្ណ មករា ដែលជាស្វាមីរបស់អតីតពិធីការិនី អ្នកនាង ឈិន ច័ន្ទសុធារី បន្ទាប់ពីបានដឹងរឿងបែកបាក់ របស់អ្នកសិល្បៈមួយគូនេះ រហូតហ៊ាននិយាយសម្ដៅចំៗថា លោក សុវណ្ណ មករា ក្បត់ប្រពន្ធ គឺដោយសារតែប្រពន្ធមិនបានទទួលដិតដល់ក្នុងរឿងម្យ៉ាង ទើបលោក សុវណ្ណ មករា យកលេសខឹងសុំលែងប្រពន្ធតែម្ដង។ បើទោះបីអ្នកនាង ចន ច័ន្ទលក្ខិណា មិនបាននិយាយចំថា «រឿងម្យ៉ាង» ជាអ្វី ប៉ុន្តែមហាជនគេដឹងថា រឿងលើគ្រែ។

ថ្មីៗនេះ នៅក្នុងចង្កោមអ្នកសិល្បៈបានបន្តផ្ទុះឡើងនូវរឿងរ៉ាវមួយចំនួន គួរឲ្យចាប់អារម្មណ៍ ជាពិសេសរឿងរ៉ាវជួបទុក្ខធំ របស់តារាចម្រៀង រិន សាវ៉េត បានក្លាយជាទីចាប់អារម្មណ៍ខ្លាំងដល់មហាជន។ ស្របពេលជាមួយគ្នា ងាកមកអតីតពិធីការិនី អ្នកនាង ឈិន ច័ន្ទសុធារី ក៏កំពុងផ្ទុះឡើងនូវរឿងរ៉ាវប្រេះស្រាំ ក្នុងរង្វង់គ្រួសាររហូតស្វាមីគឺលោក សុវណ្ណ មករា សុំលែងលះដែលត្រូវបានចាត់ទុកថា នាង ឈិន ច័ន្ទសុធារី កំពុងតែជួបទុក្ខ មិនចាញ់នឹងលោក រិន សាវ៉េត នោះដែរ។

ចាប់តាំងពីថ្ងៃដែល លោក សុវណ្ណ មករា ជាស្វាមី បានសរសេរសារបង្ហោះជាសាធារណៈ ដើម្បីសុំលែងលះភរិយារបស់ខ្លួន ​គឺអ្នកនាង ឈិន ច័ន្ទសុធារី រួចមកបានធ្វើឲ្យរូបនាង ឈឺចិត្តស្អិតទ្រូង ដេកមិនលក់បក់មិនល្ហើយ សម្រក់ទឹកភ្នែករាល់រាត្រី ព្រោះតូចចិត្តនឹងប្ដីរបស់ខ្លួន ដែលហ៊ានប្រើពាក្យថា «អតីត» ខណៈដែលកំពុងតែរស់នៅជាមួយគ្នាបែបនេះ។

ឈិន ច័ន្ទសុធារី បានបង្ហាញខ្លួន ក្នុងឱកាសអញ្ជើញទៅចូលរួមពិធីបុណ្យគម្រប់៧ថ្ងៃ ភរិយារបស់តារា​ចម្រៀង លោក រិន សាវ៉េត នៅឯខេត្តតាកែវ ជាមួយនឹងអ្នកសិល្បៈច្រើននាក់ទៀត ក្នុងទឹកមុខស្រងូតស្រងាត់បំផុត។ ទុក្ខព្រួយក្នុងចិត្ត និងទឹកមុខស្រងូតស្រងាត់នេះ មិនមែនបង្ហាញការ ចូលរួមរំលែកទុក្ខ សពប្រពន្ធលោក រិន សាវ៉េត ឡើយ ពោលគឺ ឈិន ច័ន្ទសុធារី កំពុងតែបៀមទុក្ខ ព្រោះតែប្ដីសុំលែងលះ។

ងាកមកអ្នកនាង ចន ច័ន្ទលក្ខិណា ពេលបានជួប ឈិន ច័ន្ទសុធារី នាងបានបង្ហាញសារ គួរឲ្យចាប់អារម្មណ៍ថា «ចេញពីបុណ្យ ៧ថ្ងៃសពប្រពន្ធលោក រិន សាវ៉េត ឥឡូវមកកំដរអ្នកខូចចិត្ត !!!! មនុស្សស្រីទោះស្អាត ទោះឆ្លាត ទោះពូកែ ពេលមានប្តី មានកូន ក៏ប្តីនៅតែក្បត់ ប្រហែលជាទាល់តែយើងពូកែរឿងម៉្យាងទៀត ទើបប្តីមិនក្បត់ចិត្ត ក្បត់កាយ..! តែតួនាទីប្រពន្ធ មិនមានពេលចាំតែកំដរអារម្មណ៍លោកប្តី បានគ្រប់ពេលទេ ហើយនាមជាប្តី ក៏គួរតែចេះទប់អារម្មណ៍ ពេលប្រពន្ធនឿយហត់ និងការងារដែរ !!!! សូមប្តីទាំងឡាយយល់ចិត្តប្រពន្ធផង ពេលខ្លះម្ហូបថ្មី ប្លែក ហើយឆ្ងាញ់ក៏មិនប្រាកដថា ញ៉ាំតែយើងម្នាក់ដែរ!»។ ជាការពិតបើដូចសម្ដីរបស់អ្នកនាង ចន ច័ន្ទលក្ខិណា និយាយមែននោះ លោក សុវណ្ណ មករា គឺជាមនុស្សល្មោភតណ្ហា។

តាមរយៈការបង្ហាញសាររបស់អ្នកនាង ចន ច័ន្ទលក្ខិណា ត្រូវបានអ្នកលេងបណ្ដាញសង្គម Facebook សន្និដ្ឋានបានថា លោក សុវណ្ណ មករា ជាមនុស្សខិលខូច មានស្រីញីក្រៅផ្ទះ ក្បត់ចិត្តប្រពន្ធ រហូតលែងគិតរឿងប្រពន្ធកូន។ ជាក់ស្ដែងកាលពីប៉ុន្មានខែមុននេះ លោក សុវណ្ណ មករា ធ្លាប់ផ្ទុះឡើងនូវរឿងអាស្រូវស្នេហាជាមួយ តារាសម្ដែងវ័យក្មេងស្រករក្រោយម្នាក់ រហូតល្បីពេញក្នុងចង្កោមអ្នកសិល្បៈ ប៉ុន្តែរឿងនោះត្រូវបាន ស្ងប់ស្ងាត់ទៅវិញ បន្ទាប់ពីភាគីខាងស្រីចេញមុខបដិសេធ៕