(ភ្នំពេញ)៖ នៅព្រឹកថ្ងៃអាទិត្យ ទី៣០ ខែមេសានេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់របស់កម្ពុជា អញ្ជើញវិល ត្រឡប់មកកាន់កម្ពុជាវិញ ក្រោយពីកិច្ចប្រជុំកំពូលអាស៊ាន លើកទី៣០ នៅហ្វីលីពីន ត្រូវបានបិទបញ្ចប់។

សម្តេចតេជោ ហ៊ុន សែន បានផ្សាយនៅលើ Facebook របស់សម្តេចយ៉ាងដូច្នេះថា៖ «ថ្ងៃអាទិត្យទី ៣០ មេសានេះ ខ្ញុំនឹងដឹកនាំ គណៈប្រតិភូ ជាន់ខ្ពស់កម្ពុជា វិលត្រឡប់មកកាន់មាតុប្រទេសវិញ បន្ទាប់ពីបានចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី ៣០ នៅទីក្រុងម៉ានីឡា ប្រទេសហ្វីលីពីន កាលពីម្សិលមិញនេះ។ នៅក្នុងកិច្ចប្រជុំនេះ គឺប្រមុខដឹកនាំនៃប្រទេសអាស៊ានទាំង១០ បានឯកភាពគ្នាក្នុង ពង្រឹងសន្តិសុខ ទប់ស្កាត់រាល់នូវអំពើភេរវកម្ម និងការជួញដូរគ្រឿងញៀនគ្រប់ប្រភេទ ដើម្បីថែរក្សាសន្តិភាព និងខិតខំពង្រឹងសេដ្ឋកិច្ចក្នុងតំបន់អោយកាន់តែរីកលូតលាស់ ដែលនាំមកនូវផលប្រយោជន៌ សម្រាប់ប្រជាជាតិទាំងអស់។ ទន្ទឹមនឹងនេះ ប្រមុខដឹកនាំអាស៊ានក៏បានចុះហត្ថលេខារួមលើ សេចក្តីថ្លែងការណ៍ស្តីពីតួនាទីរបស់មុខងារសាធារណៈ ជាកាតាលីករដើម្បីឈានទៅសម្រេចបាននូវចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ២០២៥ ផងដែរ។ កម្ពុជាមានមោទនៈភាពក្នុងនាមជាសមាជិក ដែលតែងតែចូលរួម និងគាំទ្រនូវសេចក្តីសម្រេចនានារបស់ អាស៊ានដែលនាំមកនូវសន្តិភាព ស្ថេរភាព និងការរីកចម្រើនរួមគ្នានៅក្នុងតំបន់ និងក្នុងពិភពលោកទាំងមូល។ សូមជូនពរបងប្អូនជនរួមជាតិជួបតែសេចក្តីសុខ និងសំណាងល្អគ្រប់ៗគ្នា»៕