(ហ្វីលីពីន)៖ ថ្លែងនៅក្នុងជំនួបទ្វេភាគីរវាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងប្រធានាធិបតីហ្វីលីពីន នៅក្នុងកិច្ចប្រជុំកំពូល អាស៊ាន លើកទី៣០ នៅទីក្រុងម៉ានីល ប្រធានាធិបតីហ្វីលីពីន លោក ឌូដឺតេ បានវាយតម្លៃយ៉ាងខ្ពស់ចំពោះកម្ពុជា ដោយបានថ្លែងថា កម្ពុជាមិត្តដ៏ស្ម័គ្រស្មោះគួរឲ្យ ទុកចិត្តនិងជាមិត្តដ៏ល្អបំផុត។ នេះបើយោងតាមលោក កៅ គឹមហួន រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តីកម្ពុជា ថ្លែងប្រាប់អ្នកសារព័ត៌មាន នាយប់ថ្ងៃទី២៩ ខែមេសាពីទីក្រុងម៉ានីល។

នៅក្នុងជំនួបទ្វេភាគីរវាងមេដឹកនាំកំពូលនៃប្រទេសទាំងពីរ, ប្រធានាធិបតីហ្វីលីពីន បានថ្លែងថា លោកស្វាគមន៍និងបើកចំហរទូរស័ព្ទសម្រាប់ការពិភាក្សា គ្នាភ្លាមៗជាមួយសម្តេចតេជោ ហ៊ុន សែន នៅពេលមានការចាំបាច់អ្វីមួយដែលត្រូវពិភាក្សា ហើយលោកបានបញ្ជាក់ឲ្យដឹងថា លោកនឹងចូលរួមកិច្ចប្រជុំ កំពូលវេទិកាសេដ្ឋកិច្ចពិភពលោក ស្តីពីអាស៊ាន (World Economic Forum on ASEAN- WEF) ខែ១០-១២​ ខែឧសភា សណ្ឋាគារសុខាភ្នំពេញ រាជធានីភ្នំពេញ តាមការអញ្ជើញរបស់សម្តេចតេជោ ហ៊ុន សែន ប្រមុខដឹកនាំរបស់កម្ពុជា។

នៅក្នុងជំនួបប្រជុំទ្វេភាគីនោះ ប្រមុខដឹកនាំនៃប្រទេសទាំងពីរ បានពិភាក្សាគ្នា ដើម្បីពង្រឹងនូវចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ជាពិសសេសក្នុងការជំរុញនូវការវិនិយោគ និងពាណិជ្ជកម្ម ដែលនាំមកនូវផលប្រយោជន៍ដល់ប្រជាជាតិនៃប្រទេសទាំងពីរ។

នៅក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៣០ នៅរសៀលថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៧នេះ សម្ដេចតេជោ ហ៊ុន សែន បានអញ្ជើញចូលរួមក្នុង ពិធីចុះហត្ថលេខាជាមួយ បណ្ដាប្រមុខដឹកនាំអាស៊ានទាំង១០ លើសេចក្តីថ្លែងការណ៍ ដែលបានឯកភាពគ្នាជាធ្លុងមួយទទួលស្គាល់ នូវកម្រិតស្តង់ដារួមមួយ ដើម្បីលើកកម្ពស់សេវាសាធារណៈ នៅក្នុងតំបន់អោយកាន់តែល្អប្រសើរឡើង។

សេចក្តីថ្លែងការនេះគឺមានឈ្មោះថា «សេចក្តីថ្លែងការណ៍ស្តីពីតួនាទីរបស់មុខងារ សាធារណៈជាកាតាលីករ ដើម្បីឈានទៅសម្រេចបាននូវចក្ខុវិស័យ សហគមន៍អាស៊ានឆ្នាំ២០២៥» The Asean Declaration on the Role of Civil Service as a Catalyst for Achieving the Asean Community Vision 2025៕