(ព្រះសីហនុ)៖ កម្លាំងការិយាល័យអនុវត្តនីតិវិធី នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ក្រោមការបញ្ជាផ្ទាល់ពី លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការខេត្ត នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៧នេះ ឃាត់ខ្លួនជនជាតិអាមេរិកម្នាក់ ដែលស្នាក់នៅដោយគ្មានលិខិតឆ្លងដែន នៅចំណុចផ្ទះជួល ក្រុម១១ សង្កាត់២ ក្រុងព្រះសីហនុ។
មន្ដ្រីនគរបាលអន្ដោប្រវេសន៍ បានឲ្យដឹងថា ជនជាតិអាមេរិក ឃាត់ខ្លួននេះ ឈ្មោះ CHERVINSKY JOSEPT អាយុ៣៥ឆ្នាំ។ មន្ដ្រីដដែលបញ្ជាក់ថា រាល់ថ្ងៃរស់ នៅដោយពុំមានលិខិតឆ្លងដែនជាប់ខ្លួន មានតែរូបថតនៅក្នុងទូរស័ព្ទដៃប៉ុណ្ណោះ និងតាមការសង្កេតជនបរទេសរូបនេះ មានសតិពុំសូវជាប្រក្រតី និងពុំមានទីលំនៅច្បាស់លាស់ ដើរដេកតាមផ្ទះមិត្តភ័ក្រតែប៉ុណ្ណោះ។
ឆ្លងតាមការសាកសួរ ជនបរទេសរូបនេះ បានសារភាពប្រាប់សមត្ថកិច្ចថា ខ្លួនបានចូលមករស់នៅក្នុងខេត្តព្រះសីហនុ ជាង២ឆ្នាំមកហើយ ប៉ុន្តែលិខិតឆ្លងដែន ទើបបាត់ប្រហែលជា៦ខែប៉ុណ្ណោះ ហើយក៏ពុំបានប្តឹងសមត្ថកិច្ចដែរ។
បច្ចុប្បន្នការិយាល័យអនុវត្តនិតិវិធី កំពុងកសាងសំណុំរឿងជនបរទេសរូបនេះ ទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីបន្តនីតិវិធី៕