(កំពង់ធំ)៖ នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៧ លោករដ្ឋមន្ដ្រី ថោង ខុន ប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តកំពង់ធំ សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជន និងជាប្រធានក្រុមការងារចុះជួយស្រុកបារាយណ៍ បានដឹកនាំកិច្ចប្រជុំដើម្បីត្រួតពិនិត្យការងារគ្រប់គ្រង និងកសាងសមាជិកបក្ស ឆ្ពោះទៅកាន់ការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំអាណត្តិទី៤ខាងមុខ ដោយមានការចូលរួមពីក្រុមការងារថ្នាក់កណ្តាល ថ្នាក់ក្រសួង ថ្នាក់ខេត្ត គណបក្សស្រុក និងគណបក្សឃុំ។
លោក ថោង ខុន បានស្នើឲ្យក្រុមការងារ អាជ្ញាធរ និងសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ យកចិត្តទុកដាក់ផ្សព្វផ្សាយ និងត្រួតពិនិត្យការអនុវត្តសារាចរ និងគោលនយោបាយថ្មីៗ ទាំងឡាយរបស់រាជរដ្ឋាភិបាល ពិសេសពាក់ព័ន្ធនឹងការផ្តល់សេវាសាធារណៈនៅមូលដ្ឋាន ឲ្យបានលឿន រហ័ស និងមានតម្លាភាព។
បន្ថែមពីនេះ លោក ក៏បានណែនាំដល់ក្រុមការងារគ្រប់លំដាប់ថ្នាក់ សហការជាមួយសាខាបក្សភូមិ យុវជនភូមិ ពិសេសបេក្ខភាពក្រុមប្រឹក្សាឃុំ ចុះឲ្យដល់ភូមិ ជួបប្រជុំជាមូយក្រុមបក្ស សមាជិកបក្ស និងយកចិត្តទុកដាក់ពិនិត្យ ត្រៀមរៀបចំឯកសារបញ្ជាក់អត្តសញ្ញាណ បម្រើឲ្យការបោះឆ្នោតចំពោះប្រជាពលរដ្ឋ ដែលពុំទាន់មានអត្តសញ្ញាណប័ណ្ណ ព្រមទាំងត្រៀមលក្ខណៈសម្បត្តិ បម្រើដល់យុទ្ធនាការបោះឆ្នោតឲ្យបានល្អ។
រដ្ឋមន្ដ្រី ថោង ខុន បានផ្តាំផ្ញើដល់សមាជិកក្រុមការងារគ្រប់លំដាប់ថ្នាក់ យកចិត្តទុកដាក់អប់រំ ដល់ប្រជាពលរដ្ឋគ្រប់រូបអំពីកត្តាសន្តិភាព និងស្ថេរភាពនយោបាយ ដែលជាមូលដ្ឋានគ្រឹះដ៏សំខាន់ ក្នុងការអភិវឌ្ឍប្រទេសជាតិ។ ដូច្នេះបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា គឹធានានូវសុខសន្តិភាព និងការអភិវឌ្ឍ ហើយបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា គឺបោះឆ្នោតឲ្យខ្លួនឯង។
បន្ទាប់មក នៅពេលរសៀលថ្ងៃដដែល លោក ថោង ខុន បានបន្តចុះត្រួតពិនិត្យការងារជាក់ស្តែងនៅឃុំច្រនាង ស្រុកបារាយណ៍ ដើម្បីជម្រុញការកសាងសមាជិកបក្ស និងត្រួតពិនិត្យការអនុវត្តគោលនយោបាយរបស់បក្ស រាជរដ្ឋាភិបាល ពិសេសពាក់ព័ន្ធនឹងការ ផ្តល់សេវាសាធារណៈនៅមូលដ្ឋាន៕