(ត្បូងឃ្មុំ)៖ រយៈពេលពេញ១ថ្ងៃ នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៧នេះ ក្រុមគ្រូពេទ្យស្ម័គ្រចិត្តរបស់សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានទទួលពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ លើជំងឺទូទៅមនុស្សចាស់ កុមារ ជំងឺវះកាត់តូច រោគស្ត្រី ជំងឺមាត់ធ្មេញ និងអេកូសាស្រ្ត ដោយមិនប្រកាន់សាសនា ឬនិន្នាការនយោបាយឡើយ នៅក្នុងបរិវេណសាលាបឋមសិក្សា ជ្រៃបិទមាស ស្ថិតក្នុងភូមិជ្រៃបិទមាស សង្កាត់សួង ក្រុងសួង ខេត្តត្បូងឃ្មុំ។
ក្រុមគ្រូពេទ្យស្ម័គ្រចិត្តនេះដឹកនាំដោយលោក កែវ វណ្ណៈ ប្រធានមន្ទីសុខាភិបាលខេត្តត្បូងឃ្មុំ និងលោក ឆន មុនី ប្រធានគណៈគ្រូពេទ្យខេត្តត្បូងឃ្មុំ រួមទាំងមានកិច្ចសហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជាផងដែរ។
លោក កែវ វណ្ណៈ អោយដឹងថា៖ ក្រុមគ្រូពេទ្យស្ម័គ្រចិត្តរបស់សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ចុះព្យាបាលនាពេលនេះគឺមិនប្រកាន់ជាតិសាស សាសនា ពណ៍សម្បុរ រឺនិន្នាការនយោបាយឡើយ ពោលគឺអោយតែប្រជាពលរដ្ឋរស់លើទឹកដីខ្មែរ ដោយធ្វើការពិនិត្យជូនរយៈពេលមួយថ្ងៃពេញ នៅថ្ងៃទី២៩នេះ។
លោកបន្តថា៖ ក្រុមគ្រូពេទ្យស្ម័គ្រចិត្តនេះបានបង្កើតឡើងតាំងពីឆ្នាំ2007 មកម្ល៉េះ ហើយតែងតែចុះពិនិត្យ និងព្យាបាលជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃនៅទូទាំងប្រទេស ដោយឡែកបន្ទាប់ពីពិនិត្យ និងព្យាបាល ក្នុងក្រុងសួងនេះទៅ ក្រុមការងារ និងជ្រើសរើសយកស្រុកពញាក្រែក ក្នុងខេត្តត្បូងឃ្មុំនេះ ដើម្បីពិនិត្យ និងព្យាបាលបន្តទៀត។
បើតាម ប្រជាពលរដ្ឋដែលមកទទួលសេវាពិនិត្យ និងព្យាបាលដោយមិនគិតថ្លៃ នាឪកាសនោះ វាសម្តែងនូវការត្រេកអរ សប្បាយរីករាយ ព្រមទាំងសំនូមពរអោយមានសកម្មភាពមនុស្សធម៍បែបនេះជាបន្ត អោយច្រើនបន្ថែមទៀត ។
ជាមួយនឹងការចុះពិនិត្យ និងព្យាបាលនេះ លោក កែវ វណ្ណៈ ក្នុងនាមប្រធានមន្ទីសុខាភិបាលខេត្តត្បូងឃ្មុំ ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋមេត្តាមានអនាម័យល្អជានិច្ច និងធ្វើការជ្រើសរើសត្រីសាច់ បន្លែ ដែលមានគុណភាពនិងសុវត្ថិភាពល្អ យកមកទទួលទានដើម្បីទទួលបានសុខភាពល្អ ព្រោះថាបច្ចុប្បន្ននេះម្ហូបអាហារសំបូរទៅដោយសារធាតុគីមី។ ជាងនេះទៅទៀត រដូវភ្លៀងជិតចូលមកដល់ហើយសូមបងប្អូន ធ្វើការសំអាតបរិស្ថានជុំវិញផ្ទះ អោយបានស្អាត កុំអោយមានដក់ទឹក ព្រោះថាវាជាប្រភពមូសខ្លា មូសដែកគោល ដែកជាប្រភព ជម្ងឺគ្រុនឈាម គ្រុនចាញ់ នៅពេលដែលខាំលើមនុស្ស ជាពិសេសកូនៗរបស់បងប្អូន៕ ។