(ភ្នំពេញ)៖ តើសង្គ្រាមកើតឡើងយ៉ាងម៉េច បើភាគីម្ខាងទៀតគ្មានទាហាន គ្មានកាំភ្លើងផងហ្នឹង? បើទាហាននិងកាំភ្លើងមានតែបក្សកាន់អំណាចម្នាក់ឯង លើសនេះទៀតមានតែអ្នកមានទាហាន និងមានកាំភ្លើងជាអ្នកបង្កសង្គ្រាមតែម្តង។ ការលើកឡើងខាងលើនេះ ជាទស្សនពេញនិយមវែកញែក ច្រើននាពេលនេះ។
តាមទិដ្ឋភាព និងបទពិសោធន៍ជាក់ស្តែង ដើមចមនៃសង្គ្រាមមិនមែន មកពីមានមូលដ្ឋានសម្ភារៈសឹក និងកំលាំងប្រដាប់អាវុធតែមួយមុខនោះទេ ដើមចមនៃ សង្គ្រាម គឺចេញមកពីគោលនយោបាយនិងអ្នកដឹកនាំ ជាពិសេសប្រភពក្រុមមនុស្សដែលមានទស្សនៈជ្រុលនិយមដូចជា មានភាពជាតិនិយមជ្រុល (National Extremist) អ្នកវោហាសាស្ត្រសេ្នហាជាតិនិយមជ្រុល (Language Chauvinists) ភាពប្រកាន់ពូជសាសន៍និយមជ្រុល (Racism) ប្រកាន់សាសនានិយមជ្រុល (Religious Extremists) និងជាពិសសការអនុវត្តគោលនយោបាយបែបគំនុំសងសឹក ការច្រណែនឈ្នានីស (រវាងវណ្ណៈ អ្នកមានអ្នកក្រ មន្ត្រីនិងរាស្ត្រ) កំហឹងឈឺចាប់ អយុតិ្តសង្គម និយមជ្រុលជាដើម។ល។ ករណីសង្គ្រាមនៅកម្ពុជា អាចកើតឡើងជាថ្មី អាចបណ្តាល មកពីដើមចម ដូចខាងលើ និងការវិវត្តន៍សភាពការណ៍ដូចខាងក្រោម៖
១៖ ការបង្កើនភាពស្អប់ប្រកាន់ពូជសាសន៍ (ស្អប់យួនៗៗ!!)៖ កត្តានេះអាចចាប់ផ្តើមកាប់សម្លាប់គ្នា តាមមូលដ្ឋានមួយចំនួន ប្រសិនជាគ្មានការដឹកនាំ និងគ្រប់គ្រងស្ថានការណ៍បានទេនោះ ជំលោះអាចរាលដាល ទៅជាបដិវត្តន៍បណ្តេញយួនចេញ (ដែលវិធានការនេះទាំងរបប លន់ នុល និង ប៉ុល ពត ធ្លាប់ប្រើរួចហើយ)។
២៖ បញ្ហាខែ្សបន្ទាត់ និងបង្គោលព្រំដែន៖ មានអ្នកខ្លះសន្យាថា នៅពេលជាប់ឆ្នោតនឹងវាយកំទេចបង្គោលព្រំដែន និងប្រឆាំងទាមទារទឹកដីពីយួនមកវិញ។ វិធានការកន្លងមករបស់ក្រុមខ្លះ ឃើញមានកេណ្ឌប្រមូលបាតុករទៅព្រំដែន ដើម្បីតវ៉ានិងប្រយុទ្ធជាមួយសន្តិសុខវៀតណាម ហើយករណីបែបនេះបើគ្មានការគ្រប់គ្រង ស្ថានការណ៍បានល្អទេ វាអាចប្រែក្លាយទៅជាសង្គ្រាម។
៣៖ ករណីមានក្រុមចលនាដើរចាប់ដីក្រុមហ៊ុន ដីរដ្ឋ និងដីអ្នកមាន ដើម្បីចែកគ្នាដោយអនាធិបតេយ្យ នោះបដិវត្តដីធ្លីនឹងកើតឡើង ហើយបើគ្មានវិធានការ និងការគ្រប់គ្រងសភាពការណ៍ ឱយបានរឹងមាំទេនោះ សង្គ្រាមស៉ីវិលអាចនឹងចាប់ផ្តើមពីទំនាស់នេះ។ ធ្លាប់កើតនិងចាប់ផ្តើមនៅតំបន់ស្រុកសំឡូត ភ្នំវាយចាបនៅឆ្នាំ១៩៦២។
៤៖ ករណីបញ្ហាកំហឹងនឹងអយុតិ្តធម៌សង្គម ហើយជះមកលើមន្ត្រីរាជការ តុលាការ កងយោធពលខេមរភូមិន្ទ កងនគរបាលជាតិ ក្រុមហ៊ុន អ្នកមាន ដោយធ្វើការរុះរើ បណ្តេញចេញ វិធានការវាយបក ស្រាវជ្រាវដាក់គុកជាដើម។ ចលនានេះបើគ្មានការគ្របគ្រងស្ថានកាណ៍បានទេ សង្គ្រាមស៉ីវិលនឹងអាចផ្ទុះឡើង។
សូមកុំភ្លេចពាក្យចាស់ពោលថា «កំទេចភ្លើងចំបើង អាចឆេះព្រៃទាំងមូលបាន» ករណីដូចគ្នា វិបត្តិសង្គមផ្នែកណានោះ បើគ្មានសមត្ថភាពគ្រប់គ្រង អាចចាប់ផ្តើមជំលោះពីបាតុកម្ម ឈានទៅរកកូដកម្ម ឈានទៅរកភេរវកម្ម និងឈានសង្គ្រាមស៉ីវិលបាន»។
ឧទាហណ៍ជាក់ស្តែងសង្គ្រាមបដិវត្តពណ៌នៅស៉ីរី លីបី យ៉េមែន ទុយនេស៉ី អ៉ីរ៉ាក់ ជាដើម គឺចេញពីក្រុមអ្នកនយោបាយជ្រុលនិយម និងការជ្រៀតចូលរបស់ មហាអំណាច ចាប់ផ្តើមពីបាតុកម្មតវ៉ាជាបែបផែន ប្រឆាំងអំពើពុករលួយ អត់ការងារធ្វើ និងការគាបសង្កត់សិទិ្ធសេរីភាព បានក្លាយជាការបំពាក់អាវុធក្លាយ ជាសង្គ្រាមពេញបន្ទុកមកដល់សព្វថ្ងៃនេះ។
ដូចនេះអំណះអំណាងរបស់អ្នកខ្លះ ដែលលើកឡើងថា ក្រុមខ្លួនគ្មានកងកំលាំងប្រដាប់អាវុធ គ្មានសម្ភារៈសឹក និងគ្មានអ្នកដឹកនាំជាទាហាន ដូចនេះ គ្មានសង្គ្រាមកើតចេញពីក្រុមខ្លួនទេ អាចជាប្រការមិនពិតទេ! ព្រោះថា សង្គ្រាមអាចកើតចេញពីគោលនយោបាយ និងអ្នកដឹកនាំអនុវត្តការ ផ្លាស់ប្តូរបែបជ្រុលនិយម។
ជាក់ស្តែ្តងបាតុកម្មក្នុងឆ្នាំ២០១៣ បានក្លាយជាហឹង្សា និងអាចឈានដល់ចលនាសង្គមទាំងមូល ព្រមទាំងអាចឈានដល់សង្គ្រាមស៉ីវិលជាថ្មីផងដែរ។
ដូចនេះសង្គ្រាមអាចជាវិញ្ញាសារ ដែលលទ្ធផលពិប្រាកដ មិនមែនជាការគំរាមទេ។ សំខាន់ត្រូវមានគោលនយោបាយច្បាស់លាស សមត្ថភាពបង្រួប បង្រួមជាតិ និងសមត្ថភាពដឹកនាំប្រកប ដោយឧត្តមភាពដែលអាចគ្រប់គ្រង កងកំលាំងប្រដាប់អាវុធ គណបក្ស និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ជាពិសេស ថែរក្សាបានល្អ នយោបាយអន្តរជាតិ និងកិច្ចសហប្រតិបតិ្តការល្អជាមួយប្រទេសជិតខាង៕
ដោយ៖ លោក ហេង រតនា អគ្គនាយកស៉ីម៉ាក់