(ទីក្រុងម៉ានីល, ហ្វីលីពីន)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងថា ការប្រកាន់ខ្ជាប់គោលការណ៍មិនជ្រៀងជ្រែកកិច្ចការផ្ទៃក្នុង របស់ប្រទេសជាសមាជិក និងគោលការណ៍កុងសង់ស៊ីស គឺជាបុព្វហេតុដ៏សំខាន់ក្នុងការកសាងភាពរឹងមាំរបស់អាស៊ានទាំងអតីតកាល និងទៅថ្ងៃមុខបន្តទៀត។
ការគូសបញ្ជាក់របស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងនៅក្នុងសុន្ទរកថា បើកកិច្ចប្រជុំកំពូលអាស៊ានលើកទី៣០ ដែលធ្វើឡើងជាផ្លូវការនៅព្រឹក ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៧នេះ នៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន។
នៅចំពោះមុខមេដឹកនាំអាស៊ាន និងអ្នកចូលរួមរាប់រយនាក់ ដោយមានការផ្សាយផ្ទាល់តាមទូរទស្សន៍ជាតិរបស់ហ្វីលីពីនផងនោះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា «ភាពរឹងមាំនៃអាស៊ានក្នុងពេលកន្លងមក និងតទៅមុខទៀតពឹងផ្អែកចម្បងទៅលើការប្រកាន់ខ្ជាប់លើគោលការណ៍នានា ដែលមានចែង ក្នុងរដ្ឋធមនុញ្ញអាស៊ាន ជាពិសេសគោលការណ៍មិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង និងគោលការកុងសង់ស៊ីស។ ហេតុនេះគ្រប់រដ្ឋជាសមាជិក ត្រូវតែពង្រឹងការ គោរព និងការអនុវត្តន៍វិធានការ និងកតាព្វកិច្ចនានា ដែលមានចែងក្នុងរដ្ឋធមនុញ្ញអាស៊ាន ដើម្បីធានាសមភាពនៃការសម្រេចចិត្តព្រមទាំងការរួមចំណែក របស់ប្រទេសជាសមាជិកអាស៊ាននីមួយៗប្រកបដោយការទទួលខុសត្រូវក្នុងការជំរុញកសាងសហគមន៍អាស៊ានទៅមុខទៀត»។
សម្តេចតេជោ ហ៊ុន សែន ក៏ធ្លាប់បានគូសបញ្ជាក់ជាមួយសំណួររបស់អ្នកព័ត៌មាននៅក្នុងវេទិកាសេដ្ឋកិច្ចពិភពលោកនៅទីក្រុងដាវ៉ូស ប្រទេសស្វីសផងដែរ អាស៊ាន នឹងគ្មានជោគវាសនាបែកបាក់គ្នានៅសហគមន៍អឺរ៉ុបនោះឡើយ ការមិនបែកបាក់គ្នានេះ ដោយសារតែប្រទេសជាសមាជិកអាស៊ានទាំងអស់ មានការរួបរួមមួយដ៏ល្អ ឈរលើស្មារតីនៃកិច្ចសហប្រតិបត្តិការដោយស្មើមុខ ស្មើមាត់ ហើយជាពិសេសប្រទេសសមាជិកអាស៊ាន គ្មានអ្នកធ្វើបងធំនោះឡើយ។
សូមបញ្ជាក់ថា កិច្ចប្រជុំកំពូលអាស៊ានលើកទី៣០ បានបើកជាផ្លូវការនាព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៧នេះ។ ក្នុងពិធីបើកកិច្ចប្រជុំនោះ ប្រធានាធិបតីហ្វីលីពីន លោក Rodrigo Duterte បានស្វាគមន៍ប្រមុខដឹកនាំអាស៊ានទាំងអស់ ដែលបានអញ្ជើញមកចូលរួមក្នុងកិច្ចប្រជុំកំពូលនេះ ដែលផ្តោតលើប្រធានបទរួមគ្នាជាដៃគូ ដើម្បីធ្វើការផ្លាស់ប្តូរ រួមចំណែកជាមួយពិភពលោក។
លោកប្រធានាធិបតីបានបន្តថា «យើងជួបជុំគ្នាថ្ងៃនេះ គឺមានទស្សនៈ និងគោលដៅរួមឆ្ពោះទៅមុខដើម្បីផលប្រយោជន៌រួម។ ទោះបីកិច្ចការយើងមិន ទាន់បានជោគជ័យទាំងស្រុង ហើយកំពុងមានបញ្ហាប្រឈមមួយចំនួន ក៏ប៉ុន្តែយើងពោរពេញដោយក្តីសង្ឃឹមថាអាស៊ាននឹងកាន់តែរីក លូតលាស់ដែលនាំមកនូវផលប្រយោជន៌ទាំងស្ថេរភាពនយោបាយ និង កំណើនសេដ្ឋកិច្ច»។
ក្រោយពីបញ្ចប់កិច្ចប្រជុំមក ប្រមុខដឹកនាំប្រទេសទាំង១០ បានអញ្ជើញពិសារអាហារថ្ងៃត្រង់ ហើយបន្តការពិភាក្សាចង្អៀតបន្ថែមទៀត។ នៅរសៀលថ្ងៃដដែលនេះ ប្រមុខដឹកនាំប្រទេសសមាជិកអាស៊ានទាំង១០ នឹងចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមស្តីពីលទ្ឋផល នៃកិច្ចព្រមព្រៀងមួយចំនួនដែលបានពិភាក្សា និងបានសម្រេច។
កិច្ចប្រជុំកំពូលអាស៊ាន ក៏ត្រូវបានបិទបញ្ចប់នៅថ្ងៃនេះផងដែរ សម្តេចតេជោ ហ៊ុន សែន នឹងដឹកនាំគណៈប្រតិភូអញ្ជើញត្រឡប់មកដល់ប្រទេសកម្ពុជានៅព្រឹកថ្ងៃអាទិត្យ ទី៣០ ខែមេសា ឆ្នាំ២០១៧ស្អែកនេះ៕