(តាកែវ)៖ នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៧នេះ តារាចម្រៀង លោក រិន សាវ៉េត បាននឹងកំពុងរៀបចំបុណ្យសពគម្រប់៧ថ្ងៃ ជូនដល់វិញ្ញាណក្ខន្ធភរិយារបស់លោក ឈ្មោះ គង់ សាវី ដែលបានទទួលមរណភាពក្នុងវ័យ៣៦ឆ្នាំ នាថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៧ នៅមន្ទីរពេទ្យរុស្ស៊ី។

ពិធីបុណ្យសពគម្រប់ ៧ថ្ងៃភរិយាលោក រិន សាវ៉េត ត្រូវបានរៀបចំឡើងនៅភូមិខ្វាវ ឃុំរំចង់ ស្រុកសំរោង ខេត្តតាកែវ ក្រោមការជួយចាត់ចែង ពីអភិបាលខណ្ឌជ្រោយចង្វារ លោក ឃ្លាំង ហួត។ ពិធីបុណ្យនេះ គេឃើញមានការចូលរួមពីមិត្តសិល្បៈរួមអាជីព របស់លោក រិន សាវ៉េត ជាច្រើនកុះករ។

សូមជម្រាបថា សម្តេចកិតិ្តព្រឹទ្ធបណ្ឌិត​ ប៊ុន រ៉ានី ហ៊ុន សែន​ ឧត្តមភរិយាសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានបង្ហាញភាពតក់ស្លុត និងរន្ធត់យ៉ាងខ្លាំង នៅពេលឃើញលោក រិន សាវ៉េត តារាចម្រៀងក្នុងផលិតកម្ម «រស្មី​ហង្សមាស» ឱនថើបសពភរិយារបស់ខ្លួន មុនពេលយកទៅបូជា។ នេះបើតាមការឲ្យដឹងពីលោក ឃ្លាំង ហួត អភិបាលខណ្ឌជ្រោយចង្វារ នៅថ្ងៃទី២៨ ខែមេសាម្សិលមិញ។

លោក ឃ្លាំង ហួត បានប្រាប់អង្គភាព Fresh News នៅរសៀលថ្ងៃនេះថា «បន្ទាប់ឃើញលោក រិន សាវ៉េត បានឱនថើបសពប្រពន្ធរបស់ខ្លួន មុនពេលយកទៅបូជានោះ សម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ពិតជាមានភាពតក់ស្លុត និងរន្ធត់យ៉ាងខ្លាំង ដោយមានការអាណិតអាសូរដល់តារាចម្រៀងរូបនេះ។ ដោយសារបែបនេះហើយ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានទូរស័ព្ទមកខ្ញុំសួរនាំ និងបានសម្រេចទិញផ្ទះមួយល្វែងជូនលោក រិន សាវ៉េត និងកូនប្រុស នៅបុរីរុងរឿងតែម្តង»។

សូមបញ្ជាក់ថា តារាចម្រៀង លោក រិន សាវ៉េត បានចូលប្រឡូកក្នុងវិស័យសិល្បៈ អស់រយៈពេលជាច្រើនឆ្នាំមកហើយ ក្នុងផលិតកម្ម «រស្មី​ហង្សមាស» ប៉ុន្តែបើនិយាយពី កម្រិតជីវភាពរបស់តារារូបនេះវិញ គឺហាក់ដុនដាបខ្លាំង និងមានខ្សែជីវិតកម្សត់ជាងគេ។ ជាពិសេសនៅពេលដែលភរិយា​របស់លោក ធ្លាក់ខ្លួនឈឺ គឺពុំមានប្រាក់គ្រប់គ្រាន់ ដើម្បីព្យាបាលឡើយ រហូតទាល់តែប្រពន្ធឈានដល់ ការទទួលមរណភាព កាលពីពេលថ្មីៗនេះ។ ខ្សែជីវិតរបស់លោក កាន់តែសង្វេគ ក្រោយពីប្រពន្ធស្លាប់ចោល ខណៈដែលមិត្ត​រួមអាជីព ក្នុងទ្រនំតែមួយ ក៏ហាក់​មិនបានយកចិត្តទុកដាក់ និងផ្ដល់កម្លាំងចិត្តដល់រូបទេ រហូតផ្ទុះសំឡេង​រិះគន់ថា តារាចម្រៀងល្បីៗ រួមទ្រនំទាំង​នោះ សុទ្ធតែជាមនុស្ស​អត្មា​និយម​ ព្រោះពេល រិន សាវ៉េត ជួបទុក្ខធំ គឺពួកគេមិនបានយកភ្នែកមើលឡើយ៕