(ភ្នំពេញ)៖ ការទាមទារឲ្យកូរ៉េខាងត្បូង បង់ប្រាក់១ពាន់លានដុល្លារ ជូនដល់សហរដ្ឋអាមេរិក សម្រាប់កិច្ចការពារពីការវាយប្រហារដោយមីស៊ីល ពីកូរ៉េខាងជើង គឺជាឧស្សាហកម្មសង្គ្រាមរបស់សហរដ្ឋអាមេរិក។ នេះគឺជាទស្សនៈរបស់ លោក ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៧នេះ។
កាលពីម្សិលមិញ និងនៅថ្ងៃនេះ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានទទូចឱ្យរដ្ឋាភិបាលកូរ៉េខាងត្បូង ដែលជាសម្ព័ន្ធមិត្តរបស់ខ្លួន ចេញថ្លៃ១ពាន់លានដុល្លារ សម្រាប់ប្រព័ន្ធខែលការពារមីស៊ីល THAAD ដោយសារវាត្រូវយកទៅប្រើប្រាស់ ដើម្បីការពារប្រទេសនៃតំបន់អាស៊ីខាងកើតមួយនេះ ទោះបីជាទីក្រុងសេអ៊ូល បានលើកឡើងដោយបដិសេធ ចំពោះការទាមទារនោះយ៉ាងណាក្តី។ លោក ផៃ ស៊ីផាន បានបង្ហាញទស្សនៈមួយថា នេះគឺជាឧស្សាហកម្មសង្គ្រាម របស់សហរដ្ឋអាមេរិក។
ខាងក្រោមនេះជាទស្សនៈទាំងស្រុងរបស់ លោក ផៃ ស៊ីផាន៖
«ខ្ញុំជាយុវជន ដែលបានចូលរួមសកម្មភាពចលនាសង្គ្រាម នៃនយោបាយបរទសរបស់សហរដ្ឋក្នុងបុព្វហេតុសង្គ្រាមឥណ្ឌូចិន ប្រឆាំងដាច់ខាតនិងកុម្មុយនីស្ត។ នៅពេលនោះអ្វីដែលខ្ញុំរៀនសូត្រអំពីឥទ្ធិពលនៃមនោគមនវិជ្ជារបស់លោកខាងលិច ដែលជាការតតាំប្រឆាំងជាមួយលោកខាងកើត គឺលោកខាងលិចនិយាយអំពីសិទ្ធិសេរីភាព និងលទ្ធិប្រជាធិបតេយ្យ ដែលជាគោលដៅ នៃយុទ្ធនាការប្រឆាំង និងលោកខាងកើត រីឯមនោគមនវិជ្ជានៃលោកខាងកើត គឺប្រើប្រាស់មូលដ្ឋាននៃយុទ្ធនាការ នៃការតស៊ូវណ្ណៈ ប្រឆាំងនិងចក្រពត្តិ ប្រឆាំងនិងមូលធន និងការជិះជាន់វណ្ណៈ។ កម្ពុជាចាប់ផ្តើមពីទសវត្ស៦០ ដល់៧០ គឺមាននិន្នាការ ក្រោមឥទ្ធិពលនៃមនោគមនវិជ្ជាទាំងពីរនេះ។ សង្គមកម្ពុជា បានញែកចែកគ្នាដាច់ពីក្រោមដល់លើ ក្នុងការភ្ជាប់ខ្លួននិងនិន្នាការខាងលើ ក៏ដូចជាចូលប្រលូកក្នុងភូមិសាស្ត្រ នយោបាយរវាងលោកខាងលិច និងលោកខាងកើត។
ជម្រើសរបស់កម្ពុជានៅពេលនោះ គឺនៅក្នុងក្រុងប្រជាពលរដ្ឋខ្មែរ ជ្រើសរើសភូមិសាស្ត្រយោបាយលោកខាងលិច ដែលមានការគាំទ្រដោយលោកខាងលិច រីឯប្រជាពលរដ្ឋនៅតាមជនបទជ្រើសរើសការប្រឆាំងដាច់ខាត ជាមួយនឹងចក្រពត្តិអាមេរិកាំង វណ្ណៈមូលធនជិះជាន់នៅក្នុងស្រុក ដែលអាចចាត់កថា ស្ថិតនៅក្រោមឥទ្ធិពលនៃមនោគមនវិជ្ជាលោកខាងកើត កុម្មុយនិស្ត ឬសង្គមនិយម និងក្រុមសីហនុនិយម ដែលមាននិន្នាការ នយោបាយ អាព្យាក្រិត និង ឯករាជ្យ។
នៅពេលនោះកម្ពុជាស្ថិតនៅក្នុងឥទ្ធិពលបរិយាកាស នៃយុទ្ធាការផ្សព្វផ្សាយ ញុះញង់ឲ្យកម្ពុជាញែកបែកពីថ្នាក់លើ ដល់ថ្នាក់ក្រោម ដែលម្ខាងជាអ្នកគាំទ្រ វិទ្យុសម្លេងសហរដ្ឋអាមរិក វិទ្យុខ្មែរសេរី ដែលឧបត្ថម្ភដោយសហរដ្ឋអាមេរិក រីឯប្រជាពលរដ្ឋខ្មែរម្ខាងទៀតគាំទ្រ និងជាអតិថិជននៃវិទ្យុផ្សព្វផ្សាយរបស់ប៉េកាំង ដែលវិទ្យុទាំងពីរនេះធ្វើសង្គ្រាមចិត្តសាស្ត្រញុះញង់ខ្មែរ និងជ្រៀតជ្រែកអព្យាក្រិត្យ និងអធិបតេយ្យភាពរបស់ខ្មែរ។ អ្វីដែលខ្ញុំលឺ នៅពេលនោះ គីគេវាយប្រហារសហរដ្ឋអាមេរិក ជាចក្រពត្តិ ប្រជាជាតិជួញសង្គ្រាម និងយោធានិយម។ នេះជាពាក្យសាមញដែលខ្ញុំលឺនៅកម្ពុជា ក៏ប៉ុន្តែនៅពេលខ្ញុំបានភៀសខ្លួនទៅសហរដ្ឋអាមេរិក ខ្ញុំបានរៀន ពាក្យគន្លឹះថ្មីមួយទៀត គឺគោលនយោបាយឧស្សាហកម្មសង្គ្រាម ( War Industry) ដើម្បីកំណើនសេដ្ឋកិច្ចសហរដ្ឋអាមរិក។ នៅពេលនោះគឺទសវត្ស៨០ ពាក្យនេះគឺមានន័យត្រឹមត្រូវ បន្ទាប់ពីឱនភាពសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិក ដែលសហរដ្ឋអាមរិកដកខ្លួនចេញពីសង្គ្រាមឥណ្ឌូចិន ដោយទទួលបរាជ័យ។ នៅពេលនោះ ប្រធានាធិបតីសហរដ្ឋអាមេរិកបានប្រើពាក្យថា "Great American" ឧត្តមភាពអាមេរិកាំង។ នៅបច្ចុប្បន្ននេះ ពាក្យនេះក៏ត្រូវបានប្រើប្រាស់ជាថ្មីដោយ លោក ដូណាល់ ត្រាំ។
ថ្ងៃនេះខ្ញុំទទួលបានព័ត៌មានថា លោក ដូណាល់ ត្រាំ ទាមទារឲ្យកូរ៉េខាងត្បូងបង់ប្រាក់ក្នុងកិច្ចការពារពីការវាយប្រហាររបស់កូរ៉េខាងជើង។ នេះជានិយមន័យ ពិតប្រាកដ ដែលគេហៅថា ឧស្សាហកម្មសង្គ្រាមរបស់សហរដ្ឋអាមេរិក ដែលខុសប្លែកពីឧស្សាហកម្មក្នុងវិស័យឯកជនដទៃទៀត។ នៅក្នុងទសវត្ស៧០ ប្រជាជាតិដែលជាសម្ព័ន្ធមិត្ត របស់សហរដ្ឋអាមេរិក ក៏មានកាតព្វកិច្ចថវិកាចូលរួមក្នុងសង្គ្រាមឥណ្ឌូចិនផងដែរ ដែលខុសគ្នានិងប្រជាពលរដ្ឋកម្ពុជា ដែលបូជាជីវិតរាប់សែននាក់ជាមួយនិងបំណុលរបស់ខ្លួន ដែលសហរដ្ឋអាមេរិកកំពុងតែទាមទារ ។ នេះបង្ហាញពីភាពខុសគ្នារវាងម្ចាស់សង្គ្រាម និងអ្នកចូលរួមបម្រើសង្គ្រាម»៕