(សៀមរាប)៖ លោក ឃឹម ប៊ុនសុង អភិបាលខេត្តសៀមរាប បានថ្លែងឲ្យដឹងថា វិស័យអប់រំជាគន្លឹះមួយយ៉ាងសំខាន់បំផុត ដែលសង្គមទាំងមូលត្រូវតែចូលរូមឲ្យបានខ្លាំងក្លា និងប្រើប្រាស់ពេលវេលាយូរអង្វែង ហើយនឹងភាពហ្មត់ចត់ និងស្មារតីទទួលខុសត្រូវខ្ពស់។ ការធ្វើកំណែទម្រង់វិស័យអប់រំយុវជន និងកីឡាបានធ្វើឲ្យវិស័យមួយនេះ មានការប្រែប្រួលមុខមាត់ និងមានការទទួលស្គាល់ពីសំណាក់មហាជនគ្រប់ស្រទាប់វណ្ណៈ។
ក្រៅពីវិស័យអប់រំ និងវិស័យទេសចរណ៍របស់ខេត្ត ក៏មានការរីកចម្រើនជាបន្តបន្ទាប់ ដែលបាននឹងកំពុងធ្វើការទាក់ទាញភ្ញៀវទេសចរពីគ្រប់មជ្ឈដ្ឋាន ឲ្យចូលមកទស្សនាខេត្តទេសចរណ៍មួយនេះ មានការកើនឡើងឥតឈប់ឈរពីមួយឆ្នាំទៅមួយឆ្នាំ ជាមួយនោះវិស័យកសិកម្ម សេវាកម្ម សិប្បកម្មដ៏ទៃទៀត ក៏មានសក្តានុពលជម្រុញឲ្យសេដ្ឋកិច្ចមានការរីកចម្រើនប្រកបដោយចីរភាពផងដែរ។
ការលើកឡើងរបស់អភិបាលខេត្តសៀមរាប បានធ្វើឡើងនៅក្នុងពិធីចែកកង់ ៥០០គ្រឿង និងភួយ៥០០ ជូនដល់សិស្សានុសិស្សក្រីក្រ ជួបការលំបាកក្នុងខេត្តសៀមរាប ដែលជាអំណោយរបស់ក្រុមរ៉ុតារីអង្គរ និងក្រុមរ៉ុតារីសាំងហ្គាពួ នៅសាលាគរុកោសល្យ និងវិក្រឹត្តការខេត្ត ដែលរៀបចំធ្វើនៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៧នេះ។
អភិបាលខេត្តបានថ្លែងអំណរគុណ កោតសរសើរចំពោះក្រុមរ៉ុតារីអង្គរ ដែលមាន លោកស្រី សៀ អាណា និងក្រុមរ៉ុតារីសាំងហ្គាពួ ដែលមានលោក រ៉ូបីន តាន់ ព្រមទាំងសហការី ដែលបានកៀគរសប្បុរសជននានា ផ្តល់អំណោយមនុស្សធម៌ជូនដល់ប្រជាជន ក៏ដូចជាសិស្សានុសិស្សក្រីក្រក្នុងខេត្តសៀមរាប ។
ជាមួយគ្នានេះ លោក ឃឹម ប៊ុនសុង បានកោតសសើរ និងវាយតម្លៃខ្ពស់ ចំពោះថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា ដែលបានកែទម្រង់វិស័យអប់រំ ដើម្បីធានាឲ្យការកសាង និងអភិវឌ្ឍធនធានមនុស្ស ស្របតាមបែបផែនផលិតកម្មទំនើប និងដំណាក់កាលនៃការរីកចម្រើន របស់ពិភពលោក។ លោកបានបន្តថា អាជ្ញាធរខេត្តបានយកចិត្តទុកដាក់ សហការយ៉ាងជិតស្និទ្ធជាមួយមន្ទីរ-អង្គភាព ជំនាញពាក់ព័ន្ធនានា ក្នុងខេត្ត ធ្វើការជម្រុញ និងស្ថាបនាបន្ថែមនូវហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ ស្ពាន ការផ្គត់ផ្គង់ទឹកស្អាត អគ្គិសនី ភ្លើងបំភ្លឺសាធារណៈ ការកែលម្អសោភ័ណភាពក្រុង និងជាពិសេសកិច្ចការពារសន្តិសុខ សណ្តាប់ធ្នាប់ជូនគណៈប្រតិភូជាន់ខ្ពស់ និងភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលអញ្ជើញចូលរួមកិច្ចប្រជុំថ្នាក់តំបន់ និងពិភពលោក និងទស្សនាកម្សាន្តសប្បាយតំបន់រមណីយដ្ឋានធម្មជាតិ ប្រវត្តិសាស្រ្តនានាក្នុងខេត្ត។
នាពេលថ្មីកន្លងទៅនេះ អាជ្ញាធរខេត្ត បានសហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជា និងស្ថាប័នពាក់ព័ន្ធ បានរៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ២០១៧ ដែលមានរយៈពេល ៣ថ្ងៃ នានាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ហើយបានទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិប្រមាណ ១លាន ៦៣ម៉ឺននាក់ ចូលមកទស្សនានៅលើទីតាំងផ្សេងៗជាច្រើនកន្លែង ក្នុងតំបន់រមណីយដ្ឋានអង្គរ និងក្នុងក្រុងសៀមរាបទាំងមូល។ ឥទ្ធិពលនៃការផ្សព្វផ្សាយវប្បធម៌អង្គរសង្រ្គាន្ត មិនគ្រានតែជាឧបករណ៍សំរាប់ទាក់ទាញភ្ញៀវឲ្យមកកំសាន្ត ក្នុងឱកាសបុណ្យចូលឆ្នាំនេះប៉ុណ្ណោះទេ តែភ្ញៀវទេសចរដែលមកកំសាន្តសប្បាយទាំងនោះ នឹងក្លាយជាឃោសនិកទេសចរ យ៉ាងសំខាន់ក្នុងការជំរុញឲ្យមានកំណើនភ្ញៀវ នៅខេត្តសៀមរាប ក៏ដូចជាកម្ពុជាផងដែរ៕