(ទីក្រុងម៉ានីល, ហ្វីលីពីន)៖ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានស្នើក្រុមប្រឹក្សាពិគ្រោះយោបល់ ធុរកិច្ចអាស៊ាន និងសមាជិក ពិនិត្យលទ្ធភាពជួយអភិវឌ្ឍន៍ និងពង្រឹងសមត្ថភាពសហគ្រាសធុនតូច និងធម្យមនៅកម្ពុជា ដើម្បីធានានិរន្តភាពប្រតិបត្តិការក្នុងរយៈពេលវែង។
លោករដ្ឋមន្ត្រី បានលើកសំណើនេះ នៅពេលចូលរួមជាតំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា សម្រាប់វេទិកាតុមូលក្រោមប្រធានបទស្តីពី «អំពាវនាវឲ្យធ្វើសកម្មភាព៖ ការផ្តួចផ្តើមពិគ្រោះយោបល់អាស៊ានសម្រាប់បណ្តាញសហគ្រិន» (Call for Action: Initiating ASEAN Mentorship for Entrepreneurs Network (AMEN) ដែលរៀបចំឡើងដោយក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន នៃប្រទេសហ្វីលីពីន។
នៅក្នុងឱកាសនោះ លោករដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ បានសង្កត់ធ្ងន់ពីសារៈសំខាន់នៃការចូលរួមរបស់រដ្ឋជាសមាជិកអាស៊ាន ដែលមានសេដ្ឋកិច្ចលូតលាស់ខ្លាំង ក្នុងការចែករំលែកបទពិសោធន៍ និងផ្ទេរចំណេះដឹងស្តីពីការគ្រប់គ្រងសហគ្រាសធុនតូច និងមធ្យម ដល់ប្រទេសកម្ពុជា ដើម្បីឈានទៅសម្រេចបានចក្ខុវិស័យរបស់សហគមន៍អាស៊ាន ឆ្នាំ២០២៥ គឺនាំយកការរីកចម្រើនសម្រាប់ទាំងអស់គ្នា។
«យើងចង់បានការចូលរួម និងការជួយគាំទ្រពីវិស័យឯកជនរបស់រដ្ឋជាសមាជិកអាស៊ាន តាមរយៈភាពជាដៃគូរវាងរដ្ឋាភិបាល និងវិស័យឯកជន ដើម្បីកសាងនូវបទដ្ឋានគតិយុត្ត និងបង្កើតគម្រោងបណ្តុះបណ្តាលវិជ្ជាជីវៈ ផ្សេងៗ ដើម្បីលើកកម្ពស់ចង្វាក់ផលិតកម្ម និងសមត្ថភាពនាំចេញសហគ្រាសធុនតូច និងមធ្យមរបស់កម្ពុជា»។ លោករដ្ឋមន្ត្រីបានគូសបញ្ជាក់។
យោងតាមរបៀបវារៈនៃកិច្ចប្រជុំកំពូលអាស៊ានឆ្នាំ២០១៧ ការផ្តួចផ្តើមពិគ្រោះយោបល់អាស៊ានសម្រាប់បណ្តាញសហគ្រិន (AMEN) គឺជាកម្មវិធីចុងក្រោយ ដែលមានគោលដៅជួយសម្រួលដល់ការពង្រីកវិសាលភាពនៃសហគ្រាសធុនតូច និងមធ្យមនៅតាមប្រទេសក្នុងតំបន់។ កម្មវិធីនេះ ត្រូវបានបង្កើតឡើងក្នុងទម្រង់ភាពជាដៃគូរវាងរដ្ឋាភិបាល និងវិស័យឯកជន ដើម្បីផ្តល់ជាវេទិកាសម្រាប់អ្នកនយោបាយ អ្នកការទូត សេដ្ឋវិទូ និងធុរជនល្បីៗក្នុងពិភពលោក ធ្វើការចែករំលែកចំណេះដឹង និងបទពិសោធន៍ល្អៗដល់តំណាងវិស័យឯកជនរបស់រដ្ឋជាសមាជិកអាស៊ាន៕