(កំពង់ធំ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងសម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ប៉ុន រ៉ានី​ ហ៊ុនសែន បានផ្ដល់អគារទីស្នាក់​ការបក្សចំនួន១ខ្នង ជូនដល់ប្រជាពលរដ្ឋក្នុង ស្រុកសន្ទុក ខេត្តកំពង់ធំ ដើម្បីមានភាពងាយស្រួល ដល់មន្ត្រីមានកន្លែងធ្វើការបំរើប្រជាពលរដ្ឋបានសមរម្យ។

ការផ្ដល់ជូនអគារទីស្នាក់ការបក្សប្រជាជនកម្ពុជានេះ ត្រូវបានផ្ដល់ជូនតាមរយៈលោក ជា ចាន់តូ សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការកណ្ដាល គណបក្សប្រជាជនកម្ពុជា អនុប្រធានក្រុមថ្នាក់ចុះជួយខេត្តកំពង់ធំ និងជាប្រធានក្រុមការងារ ចុះជួយស្រុកសន្ទុក និងបានដា​ក់សម្ពោធឲ្យប្រើប្រាស់ហើយ នាថ្ងៃទី​២៨ ខែមេសា ឆ្នាំ២០១៧។

អគារទីស្នាក់ការគណបក្សប្រជាជនកម្ពុជានេះ សាងសង់ពីថ្ម ប្រក់ក្បឿង មានទំហំ១១ម៉ែត្រគុណនឹង ទទឹង៩ម៉ែត្រ សង់នៅលើផ្ទៃដី ទំហំ៤៧៨៥ម៉ែត្រក្រឡា ក្នុងនោះក៏មានការសង់របង ក្លោងទ្វារ និងការបំពាក់សម្ភារៈបរិក្ខាប្រើប្រាស់គ្រប់គ្រាន់ផងដែរ ដែលបានចំណាយអស់ថវិកាចំនួន ១៧០០០ដុល្លាអាមេរិក។

លោក ជា ចាន់តូ បានថ្លែងឲ្យដឹងថា «សមិទ្ធិផលដែល​កើតមាននៅលើទឹកដីកម្ពុជា នា​បច្ចុប្បន្ន​នាពេលនេះ គឺបាន​បង្ហាញយ៉ាងច្បាស់ នូវ​​ភាព​រីក​ចំរើន​របស់​ប្រទេសជាតិ ពី១ថ្ងៃទៅ១ថ្ងៃ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា និងគោលនយោបាយដ៏ត្រឹមត្រូវរបស់គណបក្សប្រជាជនកម្ពុជា ដែលមានសម្ដេចតេជោ ហ៊ុន សែន ជាប្រមុខ ហេតុដូច្នេះប្រជា​ពល​រដ្ឋ​យើងត្រូវតែផ្តល់នូវ ការជឿ​ជាក់ទ្វេឡើងទៀតទៅលើ ការដឹកនាំប្រកបដោយកិត្តិបណ្ឌិត របស់សម្ដេចតេជោ ហ៊ុន សែន»។

លោកក៏បានជម្រុញឲ្យមន្ត្រីបក្សទាំងអស់ ត្រូវបន្តធ្វើអំពើល្អឲ្យបានច្រើនថែមទៀត និងត្រូវរួមគ្នាថែរក្សាសមិទ្ធផលទាំងឡាយ ដែលរាជរដ្ឋាភិបាល និងគណបក្សប្រជាជនកម្ពុជា សម្រេចឲ្យបានគង់វង្ស ពិសេសសុខសន្តិភាព ដើម្បីឲ្យកូនចៅជំនាន់ក្រោយៗរស់នៅដោយសុខសាន្ត ក្នុងភាពសម្បូរុងរឿង។

លោក លន់ សុខលីន ប្រធានគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជា ស្រុកសន្ទុក ខេត្តកំពង់ធំ បានឲ្យដឹងថា សម្រាប់ការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ អាណត្តិទី៤ ឆ្នាំ២០១៧នេះនៅឃុំកំពង់ថ្ម ស្រុកសន្ទុក ខេត្តកំពង់ធំ ប្រជាជនកម្ពុជាដែលមានអាយុចាប់ពី១៨ឆ្នាំឡើងមានចំនួន ៦៩៩២នាក់ ក្នុងនោះស្រីមាន ៣៦០៩នាក់ ដោយឡែកសមាជិកបក្សដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតមានចំនួន ៧០៥៧នាក់។

ក្នុងឱកាសនេះផងដែរ លោក ជា ចាន់តូ បានជំរាបជូនប្រសាសន៍ផ្តាំផ្ញើសារសួរសុខទុក្ខ ពីសម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃកម្ពុជា និង​សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនដល់ក្រុមប្រឹក្សាឃុំ និងមន្ត្រីបក្សឃុំ ផងដែរ ហើយលោក ក៏បានអញ្ជើញទៅកាន់វត្តធម្មនាថ ស្ថិតក្នុងឃុំតាំងក្រសាំង ដើម្បីពិនិត្យមើលទីតាំងសម្រាប់សាងសង់ អគារសាលាបាលីមួយខ្នង សម្រាប់ប្រគេនព្រះសង្ឃ បានបន្ដការសិក្សារៀនសូត្រធម៌វិន័យ និងចំណេះផ្សេងៗបន្ថែមផងដែរ៕