(កណ្តាល)៖ ប្រជាពលរដ្ឋឃុំឫស្សីជ្រោយ ដែលរងគ្រោះដោយសារទឹកជំនន់ និងពិបាកក្នុងការធ្វើដំណើរនៅតាមដងផ្លូវ ពេលនេះអស់ក្តីបារម្ភហើយ ក្រោយទទួលបានផ្លូវបេតុងប្រវែង៩៥៨ម៉ែត្រ លូបេតុងបុកចូលទន្លេប្រវែង ១,២៥០ ម៉ែត្រ និងអណ្តូងលូរំដោះទឹកជាផ្លូវការ ស្ថិតក្នុងឃុំឫស្សីជ្រោយ ស្រុកមុខកំពូល ខេត្តកណ្តាល។

ផ្លួវបេតុង លូបេតុង និងអណ្តូងលូខាងលើនេះ បានដាក់សម្ពោធឲ្យប្រើប្រាស់នៅព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៧ ក្រោមវត្តមានលោក វង្សី វិស្សុត រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អនុប្រធានឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ និងជាប្រធានក្រុមការងារថ្នាក់ជាតិ ប្រចាំស្រុកមុខកំពូល ខេត្តកណ្តាល។

គម្រោងស្ថាបនាផ្លូវបេតុង និងប្រព័ន្ធដោះទឹកនេះ ត្រូវចំណាយអស់ថវិកាប្រមាណ ៥០ម៉ឺនដុល្លារអាមេរិក ដែលអនុវត្តការសាងសង់ ដោយកងវិស្វកម្មនៃក្រសួងការពារជាតិ។

ផ្លូវបេតុងនេះ នឹងបានជាគុណប្រយោជន៍ ក្នុងការសម្រួលការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋឃុំឫស្សីជ្រោយ ហើយប្រព័ន្ធលូ និងអណ្តូងរំដោះទឹក នឹងធ្វើឲ្យប្រជាពលរដ្ឋអស់ក្តីបារម្ភរឿងជំនន់ទឹកភ្លៀង ដែលធ្លាប់តែធ្វើឱ្យជនលិចគេហដ្ឋាន និងដំណាំពេលមានភ្លៀងម្តងៗ ដោយពុំចាំបាច់លំបាកចំណាយថវិកា ក្នុងការបូមទឹកចេញដូចរាល់ឆ្នាំ។

លោក វង្សី វិស្សុត បានឲ្យដឹងថា សមិទ្ធផលខាងលើនេះ គឺជាចំណងដៃថ្មីមួយទៀតរបស់រាជរដ្ឋាភិបាល ដើម្បីជាការដឹងគុណដល់បងប្អូនប្រជាពលរដ្ឋ ឃុំឫស្សីជ្រោយ នៃស្រុកមុខកំពូលផង និងដើម្បីជាការគិតគូរទៅដល់ជីវភាពរបស់បងប្អូនប្រជាពលរដ្ឋផង។

លោកបន្តលើកឡើងថា សមិទ្ធផលទាំងឡាយ ដែលរាជរដ្ឋាភិបាលបានខិតខំកសាងកន្លងមកនៅទូទាំងប្រទេស ទោះបីតូចក្តី ធំក្តី គឺមិនមែនធ្លាក់មកពីលើមេឃ ឬអាចជប់បាននោះទេ តែវាកើតចេញពីការខិតខំប្រឹងជាក់ស្តែង និងពិតប្រាកដរបស់រាជរដ្ឋាភិបាល ហើយរាជរដ្ឋាភិបាលនឹងបន្តស្តារ និងកសាងប្រទេសឱ្យរីកចម្រើនទៅមុខឥតឈប់ឈរ ។

លោក វង្សី វិស្សុត បានគូសបញ្ជាក់ថា គ្មានគណបក្សនយោបាយណាមួយបានគិតគូរ និងធ្វើកិច្ចការខាងលើនេះទេ ក្រៅតែ ពីរាជរដ្ឋាភិបាល និងគណបក្សប្រជាជនកម្ពុជាតែប៉ុណ្ណោះ។ នៅក្នុងឱកាសនោះដែរ លោកបានធ្វើការអំពាវនាវ ដល់បងប្អូន ប្រជាពលរដ្ឋទាំងអស់រួមដៃគ្នា ដើម្បីបុព្វហេតុនៃការអភិវឌ្ឍន៍ប្រទេស និងចូលរួមថែរក្សាសមិទ្ធផលទាំងឡាយ ដែលបានកសាងរួច រួមទាំងការថែរក្សាធនធានធម្មជាតិឱ្យបានគង់វង្ស ជាពិសេសរួមគ្នាលុបបំបាត់ នូវសកម្មភាពអសកម្មផ្សេងៗនៅមូលដ្ឋាន ដូចជាការប្រើប្រាស់ និងជួញដូរគ្រឿងញឿន និងល្បែងស៊ីសងគ្រប់ប្រភេទ។

ជាមួយគ្នានោះដែរ លោកក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ សូមកុំភ្លេចអញ្ជើញទៅបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំសង្កាត់ នៅថ្ងៃទី០៤ ខែមិថុនា ខាងមុខនេះឱ្យបានគ្រប់ៗគ្នា និងត្រូវគិតគូរឱ្យបានម៉ត់ចត់ មុននឹងធ្វើការសម្រេចចិត្ត ប្រយ័ត្ន ចាញ់បោក​ការឃោសនា និងការសន្យាខ្យល់របស់គណបក្សនយោបាយខ្លះ៕