(ភ្នំពេញ)៖ បន្ទាប់ពីមានភ្លៀងមួយមេធំនៅយប់មិញនេះ ធ្វើឲ្យមានទឹកជន់លិចក្នុងផ្ទះ ហើយបុរសម្នាក់ រួមជាមួយប្រពន្ធ បានយកម៉ូទ័រដោតភ្លើងដើម្បីបូមទឹកចេញពីក្នុងផ្ទះ ក៏បណ្ដាលឲ្យឆក់ស្លាប់ទាំង២នាក់ភ្លាមៗតែម្ដង ដោយបន្សល់ទុកកូន៥នាក់ ឲ្យនៅកំព្រា។
ហេតុការណ៍នេះ កើតឡើងនៅវេលាម៉ោងប្រមាណ២រសៀលថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៧នេះ តាមបណ្ដាយផ្លូវលំ ស្ថិតក្នុងភូមិជ្រៃកោង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។
ភ្នាក់ងារ Fresh News បានរាយការណ៍ពីកន្លែងកើតហេតុមកថា មុនពេលកើតហេតុ បុរសរងគ្រោះជាមួយប្រពន្ធ បានយកម៉ូទ័របូមទឹកដែលជន់លិច កាលពីយប់មិញ ចេញពីក្នុងផ្ទះ ប៉ុន្ដែអកុសលពេលកំពុងបូមនោះ ស្រាប់តែឆ្លងចរន្ដអគ្គិសនីភ្លាមទាំង២នាក់ភ្លាមៗ ដោយបន្សល់ទុកកូនស្រីប្រុស៥នាក់ ឲ្យនៅកំព្រាឯការ។
ក្រោយកើតហេតុសមត្ថកិច្ចជំនាញ បានចុះទៅកន្លែងកើតហេតុដើម្បីពិនិត្យសព ហើយរកឃើញថាពិតជាស្លាប់ដោយសារឆក់ចរន្ដអគ្គិសនីប្រាកដមែន។ បច្ចុប្បន្នសពត្រូវបានក្រុមគ្រួសារ រៀបចំធ្វើបុណ្យតាមប្រពៃណី៕