(ភ្នំពេញ)៖ អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) លោក ហង្ស ពុទ្ធា បានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន នៅព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៧នេះថា គណកម្មាធិការជាតិរៀបចំការបោះឆ្នោត នឹងចំណាយទឹកប្រាក់ជាង ២លានដុល្លារអាមេរិក ដើម្បីបោះពុម្ពសន្លឹកឆ្នោតជាង ៩លានសន្លឹក សម្រាប់ការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់នៅអាណត្តិទី៤នេះ។
អ្នកនាំពាក្យរូបនេះ បញ្ជាក់ថា សន្លឹកឆ្នោតដែលត្រូវបោះពុម្ពមានចំនួន ៩,៤២៦,៦០០សន្លឹក (រាប់ទាំងសន្លឹកឆ្នោតបម្រុង) ហើយចំនួនសន្លឹកឆ្នោតត្រូវចំណាយទឹកប្រាក់បោះពុម្ពជាង ២លានដុល្លារ។
លោក ហង្ស ពុទ្ធា បានឲ្យដឹងដែរថា អ្នកបោះឆ្នោតមានចំនួនសរុប ៧,៨៦៥,០៣៣នាក់។
សូមបញ្ជាក់ថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ នឹងឈានមកដល់នៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៧នេះ ពោលគឺនៅសល់តែ៣៧ថ្ងៃទៀតប៉ុណ្ណោះ។ មានបេក្ខភាពក្រុមប្រឹក្សាឃុំ-សង្កាត់ ជាង៩ពាន់រូប មកពីគណបក្សចំនួន១២ បានចុះឈ្មោះចូលរួមប្រកួតប្រជែង លើឃុំ-សង្កាត់ សរុប១,៦៤៦ឃុំ-សង្កាត់៕