(កណ្ដាល)៖ លោកស្រី ឃួន សុដារី ជាប្រធានគណៈពង្រឹងមូលដ្ឋាន ស្រុកលើកដែក ខេត្ដកណ្ដាល នៅថ្ងៃទី២៩មេសានេះ បានថ្លែងជំរុញដល់ មន្ដ្រីមូលដ្ឋានរបស់ខ្លួន ក្នុងស្រុកលើកដែក ពង្រឹងការងារ និងឲ្យបន្ដយកចិត្ដទុក្ខដាក់ ដឹងទុក្ខធុរៈ រួមទាំងរក្សាទឹកចិត្ដស្រលាញ់ ជូនដល់ប្រជាពលរដ្ឋ ឲ្យបានគ្រប់ពេលវេលា ។
លោកស្រី ឃួន សុដារី បានថ្លែងបែបនេះ ក្នុងឱកាសលោកស្រី អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំពិភាក្សារៀបចំ ផែនការសកម្មភាពជាក់ស្តែង ត្រូវអនុវត្តមុន និងក្នុងយុទ្ឋនាការឃោសនាបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សា ឃុំសង្កាត់អាណត្តិទី៤ ដែលប្រព្រឹត្ដទៅនៅថ្ងៃទី០៤ ខែមិថុនា ខាងមុខនេះ ។
ទន្ទឹមនឹងនោះ លោកស្រី ឃួន សុដារី បានថ្លែងថា «គណបក្សប្រជាជនកម្ពុជា បានកសាងសមិទ្ធផល ជាច្រើននៅតាមូលដ្ឋាន ដើម្បីកាត់បន្ថយភាពក្រីក្រជូនប្រជាពលរដ្ឋ។ ក្នុងនោះលោកស្រីក៏បានថ្លែងផ្តាំផ្ញើរការសួរសុខទុក្ខ ពីសម្តេចតេជោប្រធានគណបក្ស និងរំលឹកដាស់តឿនបងប្អូនត្រូវដឹងគុណគណបក្សធ្វើឲ្យបក្សឈ្នះឆ្នោត ដូចឈ្នះខ្លួនឯង និងពិសេស គឺដណ្តើមប្រជាប្រិយ៍ភាព ជូនគណបក្ស ដើម្បីបន្តថែរក្សា សន្តិភាព និងការអភិវឌ្ឍ»។
លោកស្រីបន្ថែមថា «សមាជិកម្នាក់ ជាសន្លឹកឆ្នោតរបស់គណបក្សប្រជាជន១សន្លឹក នេះជាចំណុចសំខាន់ដែល យើងត្រូវធ្វើដើម្បីបក្ស ដូច្នេះ ត្រូវពង្រឹងសាមគ្គីភាព ឯកភាពគ្នា ក្នុងជួរបេក្ខជន ដើម្បីគណបក្សឈ្នះឆ្នោត ពិសេសត្រូវការ ផ្សារភ្ជាប់មនោសញ្ចេតនា រវាងថ្នាក់ដឹកនាំបក្សថ្នាក់កណ្តាល និងថ្នាក់ដឹកនាំនៅមូលដ្ឋាន ព្រមទាំងបងប្អូន ប្រជាពលរដ្ឋដើម្បីរក្សាទឹកចិត្តស្រឡាញ់»។
ជាការកត់សំគាល់ លោកស្រី ឃួន សុដារី ជាប្រធានគណៈពង្រឹងមូលដ្ឋាន ស្រុកលើកដែក និងសមាជិក សមាជិការប្រចាំ ស្រុកនេះ តែងតែចុះសួរសុខទុក្ខ និងសំណេះសំណាលជាមួយមន្រ្តីរបស់ខ្លួន និងប្រជាពលរដ្ឋ នៅតាមមូលដ្ឋានជាប្រចាំ ដើម្បីជាការពង្រឹងបន្ថែម លើការងារ និងបានពិនិត្យមើលការរស់នៅរបស់ប្រជាពលរដ្ឋ ដោយផ្ទាល់ផងដែរ៕