(ភ្នំពេញ)៖ ក្រុមអ្នកចិញ្ចឹមសត្វក្នុងស្រុក បានបង្ហាញការគាំទ្រចំពោះចំណាត់ការ របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលបានដាក់ចេញលក្ខខណ្ឌតឹងរឹង ទប់ស្កាត់ការនាំចូលសត្វ និងសាច់សត្វពីក្រៅប្រទេស តែពួកគេក៏ចង់ឃើញការអនុវត្តន៍ លើវិធានការនេះ ឲ្យមានប្រសិទ្ធភាពកាន់តែខ្ពស់ ដើម្បីប្រាកដការនាំចូលសត្វ និងសាច់សត្វត្រូវបានកាត់បន្ថយ និងជួយផ្តល់ដង្ហើម សម្រាប់អ្នកចិញ្ចឹមក្នុងស្រុក។
ដើម្បីទប់ស្កាត់លំហូរសត្វ និងសាច់សត្វពីក្រៅប្រទេស ដែលក្លាយជាប្រធានបទត្អូញត្អែយ៉ាងខ្លាំងពីក្រុមអ្នកចិញ្ចឹម សត្វក្នុងស្រុកនោះ លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទនៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៧ បានដាក់ចេញនូវលក្ខខណ្ឌចំនួន ៦ចំណុច សម្រាប់ឲ្យក្រុមហ៊ុន និងអាជីវករ នាំចូលសត្វរស់ សាច់សត្វ រួមនិងផលិតផលសត្វ ដើម្បីផ្គត់ផ្គង់ទីផ្សារកម្ពុជា។ លក្ខខណ្ឌទាំង ៦នោះរួមមាន៖ ជាក្រុមហ៊ុនស្របច្បាប់ដែលបានចុះបញ្ជីពាណិជ្ជកម្ម និងមានប័ណ្ណប៉ាតង់នៅមានសុពលភាព, ត្រូវមានទីតាំងប្រមូលផ្តុំ សត្វនៅចំណុចដើមទី និងចំណុចចុងទី ដែលទទួលស្គាល់ដោយសមត្ថកិច្ចជំនាញ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, ត្រូវមាន កិច្ចសន្យាផ្គត់ផ្គង់សត្វរស់ ឬ សាច់សត្វ ឬ ផលិតផលសត្វពីកសិដ្ឋាន ឬ ក្រុមហ៊ុនស្របច្បាប់ នៃប្រទេសនាំចេញ, ត្រូវអនុវត្តតាមប្រកាស លេខ២២៧ ប្រក.កសក ចុះថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០០៨ ស្តីពីបែបបទ នៃការត្រួតពិនិត្យអនាម័យសត្វ និងផលិតផលមានដើមកំណើត ពីសត្វក្នុងស្រុក, ត្រូវចុះកិច្ចសន្យាសន្យាបច្ចេកទេសជាមួយអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ និងត្រូវធានាអនុវត្ត កិច្ចសន្យានេះ ឲ្យបានត្រឹមត្រូវតាមស្តង់ដារបច្ចេកទេស និង ត្រូវដាក់ពាក្យស្នើសុំត្រួតពិនិត្យប្រភពដើមនៃសត្វរស់ សាច់សត្វ និង ផលិតផលសត្វ។
ក្រោយពេលឃើញចំណាត់ការក្រុមអ្នកចិញ្ចឹមសត្វក្នុងបានសម្តែងការគាំទ្រ និងរីករាយផងដែរ។ លោក ឆាយ សុខហួ ប្រធានសមាគមន៍ ចិញ្ចឹមសត្វមាន់នៅកម្ពុជា បានថ្លែងប្រាប់អង្គភាព Fresh News នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៧នេះថា ប្រសិនបើអាចធ្វើបានដូចការ ប្រកាសរបស់ក្រសួងមែននោះ វានឹងធ្វើឲ្យអ្នកចិញ្ចឹមសត្វក្នុងស្រុកមានសង្ឃឹមជាថ្មី ហើយក៏នឹងមិនធ្វើឲ្យអ្នកចិញ្ចឹមសត្វក្នុងស្រុក បោះបង់អាជីពរបស់ពួកគាត់ផងដែរ។
លោក ឆាយ សុខហួ ចង់ឃើញចំណាត់ការរបស់ក្រសួងកសិកម្មអនុវត្តន៍បានដោយក្តៅគគុក និងមានប្រសិទ្ធភាព។ «ក្នុងនាមសមាគមន៍ និងកសិករ នៅក្នុងសមាគមន៍ទាំងអស់ សូមគាំទ្រចំពោះចំណាត់ការនេះ ហើយសូមឲ្យចំណាត់ការនេះ ធ្វើឲ្យបានក្ដៅគគុក ហើយសមាគមន៍យើងទាំងអស់គ្នា សូមថ្លែងអំណគុណ ដល់ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន ឯកឧត្តមប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកអគ្គនាយកសុខភាពសត្វ និងផលិតកម្មសត្វ ឲ្យបានជោគជ័យជានិរត្ត»។
លោក ស៊ុន ពៅ ប្រធានសមាគមន៍អ្នកចិញ្ចឹមជ្រូកនៅកម្ពុជា ក៏មើលឃើញថា ចំណាត់ការរបស់ក្រសួងកសិកម្ម ជាចំណាត់ការល្អផងដែរ ព្រោះវាមិនត្រឹមតែផ្តល់ក្តីសង្ឃឹមសម្រាប់អ្នកចិញ្ចឹមសត្វនៅកម្ពុជាប៉ុណ្ណោះទេ តែក៏ចូលរួមការពារសុខភាពប្រជាពលរដ្ឋ ជាអ្នកប្រើប្រាស់ពីជំងឺនានា ដែលបណ្តាលមកពីសត្វនាំចូលគ្មានគុណភាពផងដែរ។
លោក ស៊ុន ពៅ បានបញ្ជាក់ដូច្នេះ «ប្រសិនបើលោករដ្ឋមន្រ្តី គាត់អនុវត្តន៍តឹងរឹង និងធ្វើឲ្យមានប្រសិទ្ធភាព ខ្ញុំគិតថាល្អ ចំពោះអ្នកចិញ្ចឹមជ្រូក និងចំពោះអ្នកហូប ព្រោះថាកត្ដាសំខាន់ គឺអ្នកហូប ប្រសិននាំមកហើយមិនត្រួតពិនិត្យ វាមិនមែនប៉ះពាល់តែអ្នកចិញ្ចឹមនោះទេ គឺវាប៉ះពាល់ទៅដល់អ្នកហូប ថែមទៀតផង»។
លោក សេន វណ្ណា អគ្គនាយកដ្ឋាននៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ បានឲ្យដឹងថា ក្រោយពីក្រសួងដាក់ចេញនូវ លក្ខខណ្ឌថ្មីជាច្រើនចំណុចក្នុងការរឹតបណ្តឹងការ នាំចូលសត្វ និងសាច់សត្វគ្រប់ប្រភេទពីក្រៅប្រទេសនេះ អគ្គនាយកដ្ឋាន របស់លោកអនុវត្តទៅតាមសេចក្ដីបាន៥ចំណុចរួមហើយ នៅសល់តែចំណុចចុងក្រោយមួយប៉ុណ្ណោះ ដែលទុកពេលរយៈឲ្យ ៦០ថ្ងៃ។
លោក សេន វណ្ណា ក៏បានបញ្ជាក់ឲ្យដឹងថា បច្ចុប្បន្នក្រុមហ៊ុនដែលទទួលបានអនុញ្ញានាំចូលជ្រូករស់យកមកបំពេញតម្រូវការ នៅកម្ពុជាមានចំនួន ៤ក្រុមហ៊ុន និងក្រុមហ៊ុននាំចូលមាន់រស់មានចំនួន ៨ក្រុមហ៊ុន។
លោកអគ្គនាយកបានឲ្យដឹងថា កាលពីឆ្នាំ២០១៦កន្លងទៅ ទាំងសត្វ និងសាច់សត្វ នាំចូលកម្ពុជាមានប្រហែលជា ៦០០តោន ក្នុងនោះមានសត្វជ្រូករស់ ៤០ម៉ឺនក្បាល និងគិតជាទឹកប្រាក់មានជាង ១០០លានដុល្លារ។
លោក ឆាយ សុខហួ បានបញ្ជាក់ថា ការនាំចូលសត្វ និងសាច់សត្វ ពីក្រៅប្រទេស គឺជះឥទ្ធិពលអាក្រក់ទៅដល់អ្នកចិញ្ចឹមសត្វក្នុងស្រុក ធ្វើឲ្យឆ្លងជំងឺក្នុងស្រុក និងប៉ះពាល់ដល់សុខភាពប្រជាជន ជាពិសេសមិនបានរួមចំណែកជួយសេដ្ឋកិច្ចដល់រាជរដ្ឋាភិបាលនោះឡើយ។
លោក ឆាយ សុខហួ ក៏បានគូសបញ្ជាក់ដែរថា បើមានការចិញ្ចឹមក្នុងស្រុកច្រើន និងមិនធ្វើឲ្យប្រជាជនធ្វើចំណាកស្រុកនោះទេ ហើយកសិផលក្នុងស្រុក ក៏បានកើតឡើងនិងមានតម្លៃ និងគ្មានបញ្ហាដល់រាជរដ្ឋាភិបាល៕