(រតនគិរី)៖ អ្នកកាសែតចំនួន៦នាក់ ត្រូវបានកម្លាំងនគរបាលឃាត់ខ្លួន នៅប៉ុស្តិ៍រដ្ឋបាលនគរបាលលំជ័រ ក្នុងស្រុកអូរយ៉ាដាវ ខេត្តរតនគិរី នៅវេលាម៉ោង១២និង៤៩នាទី រំលងអាធ្រាត្រចូលថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៧នេះ បន្ទាប់ពីក្រុមអ្នកកាសែតទាំងនោះ បានទៅថតរូបភាពគោយន្តដឹកបទល្មើសព្រៃឈើ ចូលផ្ទះមួយកន្លែងដែលគេដឹងថា ជាផ្ទះរបស់មន្ត្រីកងរាជអាវុធហត្ថ។
សេចក្តីរាយការណ៍ពីភ្នាក់ងារ Fresh News បានឲ្យដឹងថា នៅពេលអ្នកកាសែត ស្ថិតក្នុងប៉ុស្តិ៍រដ្ឋបាលនគរបាលនោះ ត្រូវនគរបាលសួររកអត្តសញ្ញាប័ណ្ណ លិខិតអត្តសញ្ញាណ លិខិតបេសកម្មរបស់អភិបាលខេត្តជាដើម បើទោះបីជាអ្នកកាសែតថា ការស្នើរសុំខ្លះមិនត្រឹមត្រូវក៏ដោយ។ អ្នកកាសែតដែលអង្គុយនៅក្នុងប៉ុស្តិ៍ ត្រូវនគរបាលថតរូបរបៀបដូចជនល្មើសដូច្នោះដែរ។
នគរបាលប៉ុស្តិ៍ឃុំលំជ័រ ដែលហៅអ្នកកាសែតទៅនោះ បានបញ្ជាឲ្យអ្នកកាសែតត្រូវជ្រើសយកជម្រើសចំនួន២ គឺជម្រើសទី១៖ អ្នកកាសែតត្រូវចូល ទៅដេកនៅក្នុងឡាន ដោយនគរបាលតម្រូវដកសោឡានយកទៅរក្សាទុក គឺមិនអនុញ្ញាឲ្យអ្នកកាសែត បើកបរនៅតាមដងផ្លូវជាតិនោះទេ។ ជម្រើសទី២៖ គឺបានបញ្ជាឲ្យអ្នកកាសែតទាំង៦នាក់ ត្រឡប់រថយន្តទៅក្រោយជាបន្ទាន់ ធ្វើយ៉ាងណាត្រូវចេញឲ្យផុតពីទឹកដីរដ្ឋបាល ស្រុកអូរយ៉ាដាវជាដាច់ខាត។
ពួកគេបានបន្ទោសអ្នកកាសែតថា «សកម្មភាពរបស់អ្នកកាសែតដាច់ខាត ត្រូវជូនដំណឹងមកនគរបាលជាមុន បើទោះបីចង់ធ្វើសកម្មភាពអ្វីក៏ដោយចុះ»។ មន្ត្រីនគរបាលប៉ុស្តិ៍លំជ័រ ដែលកំពុងធ្វើកំណត់ហេតុជាមួយអ្នកកាសែត បាននិយាយថា ការងារនេះគឺពួកគាត់បានធ្វើតាមបញ្ជារបស់មេរបស់ពួកគាត់ទេ។ មន្ត្រីនគរបាលនោះនិយាយថា ទឹកដីរដ្ឋបាលរបស់លោក លោកជាអ្នកគ្រប់គ្រង ដូច្នេះអ្នកកាសែតចង់ធ្វើសកម្មភាពអ្វីមួយ ត្រូវតែជូនដំណឹងមកនគរបាលលោកជាដាច់ខាត។
អ្នកកាសែតទាំង៦នាក់នោះ ត្រូវនគរបាលប៉ុស្តិ៍លំជ័រ បណ្តេញចេញឲ្យផុតពីស្រុកអូរយ៉ាដាវ នៅម៉ោងប្រមាណជាង២រំលងអាធ្រាត្រយប់ដដែលនោះ ប្រសិនបើឃើញរថយន្តបើកបរក្នុងទឹកដីដដែល លោកនឹងទូរស័ព្ទទំនាក់ទំនងទៅថ្នាក់លើបន្ថែមទៀត។
អ្នកកាសែតទាំង៦នាក់ បានត្រឡប់មកទីរួមខេត្តវិញទាំងក្តីសង្ស័យជាច្រើន ទាក់ទិនទៅនឹងបទល្មើសផ្សេងៗដែលអាចនឹងកើតមាននៅក្នុងរាត្រីនោះ។ ពីព្រោះថា មានប្រជាពលរដ្ឋរាយការណ៍ថា មានរថយន្តមិនក្រោយពី៣០គ្រឿងទេ ក្នុង១យប់ៗដែលបានដឹកបទល្មើសព្រៃឈើគួរឲ្យព្រឺសម្បុរ ចេញពីភូមិគង ឆ្ពោះមកតាមផ្លូវខាងក្រោយប៉ុស្តិ៍រដ្ឋបាលនគរបាលឃុំលំជ័រនេះ។
ជាក់ស្តែងដូចនៅក្នុងពេលកំពុងកើតហេតុគោយន្តកែច្នៃមួយគ្រឿង បានដឹកបទល្មើសព្រៃឈើតាមផ្លូវ ដូចដែលមានសេចក្តីរាយការណ៍នោះពិតប្រាកដមែន ហើយឈើនោះត្រូវបានដឹកចូលទៅផ្ទះមន្ត្រីកងរាជអាវុធហត្ថ ដែលមានឈ្មោះគឹម ហួរ នៅក្នុងស្រុកអូរយ៉ាដាវនោះ។ ប៉ុន្តែនៅវេលាម៉ោង៥និង៣០នាទី ព្រឹកមិញនេះ សេចក្តីរាយការណ៍បានបញ្ជាក់ថា គោយន្តដឹកឈើនៅក្នុងផ្ទះមន្ត្រីប៉េអឹមឈ្មោះ គឹម ហួរ នោះបានត្រូវគេជំលៀសបាត់ហើយ។
អភិបាលស្រុកអូរយ៉ាដាវលោក ម៉ា វិចិត្រ នៅព្រឹកថ្ងៃទី២៩ ខែមេសានេះ បានប្រាប់អ្នកកាសែតថា ថារឿងនេះលោកមិនបានបញ្ជាឲ្យធ្វើដូច្នេះទេ។ លោកថា «កន្លងមកនៅក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពស្រុក គឺមិនអនុញ្ញាតឲ្យមានបទល្មើសព្រៃឈើចរាចរទេ នរណាហ៊ានអនុញ្ញាតអ្នកនោះ ជាអ្នកទទួលខុសត្រូវ»៕