(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៧នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអញ្ជើញចូលរួមក្នុងពិធីបើក កិច្ចប្រជុំកំពូលអាស៊ានលើកទី៣០ ដែលធ្វើឡើងនៅក្នុងមជ្ឈមណ្ឌល Philippines International Convention Center (PICC) ទីក្រុងម៉ានីល ប្រទេសហ្វីលីពីន។ នេះបើតាមការប្រកាសនៅលើទំព័រ Facebook សម្តេចតេជោ ហ៊ុន សែន នៅវេលាថ្ងៃត្រង់នេះ។
ការអញ្ជើញមកដល់របស់ សម្ដេចតេជោនាយករដ្ឋមន្រ្តី ត្រូវបានទទួលស្វាគមន៍យ៉ាងកក់ក្ដៅពី លោកប្រធានាធិបតីហ្វីលីពីន Rodrigo Duterte ដែលជាប្រធាននៃកិច្ចប្រជុំកំពូលអាស៊ានឆ្នាំ២០១៧នេះ។
នៅក្នុងពិធីបើកកិច្ចប្រជុំកំពូលអាស៊ាន មានការអញ្ជើញចូលរួមពីសំណាក់ប្រមុខរដ្ឋ/រដ្ឋាភិបាល អគ្គលេខាធិការអាស៊ាន មន្ត្រីអាស៊ាន សមាជិកគណ:ប្រតិភូ និងភ្ញៀវកិត្តិយសជាច្រើនរូប។
លោកប្រធានាធិបតី Rodrigo Duterte ប្រធានអាស៊ានបានអានសន្ទរកថាស្វាគមន៍បើកកិច្ចប្រជុំកំពូល ហើយនៅក្នុងនោះក៏មានការសម្ដែងរបាំសិល្បៈ ចម្រៀង អាស៊ាន ដោយសិល្បករ សិល្បការិនីល្បីៗ ជាច្រើនមកពីបណ្ដារប្រទេសអាស៊ាន និងបន្ទាប់មកមានពិធីថតរូបអនុស្សាវរីយ៍រវាងថ្នាក់ដឹកនាំអាស៊ាន និងភរិយាផងដែរ។
បន្ទាប់ពិធីបើកកិច្ចប្រជុំកំពូលជាផ្លូវការរួចហើយ សម្ដេចតេជោ ហ៊ុន សែន ក៏អញ្ជើញចូលរួមកិច្ចប្រជុំពេញអង្គ ជាមួយបណ្ដាមេដឹកនាំអាស៊ានទាំងអស់៕