(ភ្នំពេញ)៖ ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប លោក ចច អេដហ្គឺ បានបញ្ជាក់ឲ្យដឹងថា សហភាពអឺរ៉ុប (EU) បានដាក់មន្ត្រីបេសកកម្មរមួយក្រុម មកធ្វើការអង្កេតការណ៍បោះឆ្នោតនៅកម្ពុជា ចាប់ពីពេលនេះ រហូតដល់ឆ្នាំ២០១៨។
យោងតាមសេចក្តីប្រកាសរបស់ព័ត៌មានរបស់ គ.ជ.ប ចេញផ្សាយថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៨ ស្តីពីជំនួបពិភាក្សាការងារ រវាងការអគ្គលេខាធិការ គ.ជ.ប លោក ទេព នីថា ជាមួយលោក ចច អេដហ្គឺ ដែលធ្វើឡើងនៅទីស្តីការ គ.ជ.ប បានបញ្ជាក់ថា ក្រុមបេសកកម្ម EU ដែលមកអង្កេតការណ៍បោះឆ្នោតនៅកម្ពុជានេះ ដឹកនាំដោយលោក Stravros Petropoulos ជាប្រធានរដ្ឋបាល និងជាមន្ត្រីទំនាក់ទំនង សេវាខាងក្រៅប្រទេសនៃ EU ប្រចាំនៅកម្ពុជា។
លោក ទេព នីថា បានបញ្ជាក់ឲ្យដឹងថា គ.ជ.ប និងចាត់មន្ត្រីមួយរូប គឺលោក ខន កែវមនោ ប្រធាននាយកដ្ឋានព័ត៌មាន និងទំនាក់ទំនងសាធារណៈ ដើម្បីសម្របសម្រួលជាមួយ ក្រុមបេសកកម្មសង្កេតការណ៍បោះឆ្នោត របស់ EU នេះ។
ជាមួយគ្នានេះដែរ លោកក៏បានថ្លែងអំណរគុណដល់សហភាពអឺរ៉ុប ដែលតែងតែជួយដល់ដំណើរការបោះឆ្នោតនៅកម្ពុជា ហើយសម្ឃឹមថា និងបន្តកិច្ចសហការណ៍បន្ថែមទៀត ដើម្បីឲ្យដំណើរការរៀបចំការបោះឆ្នោត ប្រព្រឹត្តទៅស្របតាមគោលការណ៍លទ្ធិប្រជាធិបតេយ្យ៕