(ភ្នំពេញ)៖ បន្ទាប់ពីមានការជូនដំណឹងរបស់ក្រសួងយុត្តិធម៌ថា នឹងរៀបចំកម្មវិធីជួបជុំអ្នកកាសែតដ៏កម្រនិងដ៏សំខាន់មួយ នៅថ្ងៃទី០២ ខែឧសភា ឆ្នាំ២០១៧ ពោលគឺចំថ្ងៃលោក ជុន ច័ន្ទបុត្រ ចូលបំភ្លឺនៅតុលាការតែម្តង ត្រូវបានក្រុមអ្នកវិភាគមួយចំនួនយល់ឃើញថា អាចជាការធ្វើសន្និសីទកាសែត ក្រោយឃាត់ខ្លួនលោក ជុន ច័ន្ទបុត្រ តែប៉ុណ្ណោះ បន្ទាប់ពីរូបលោកចូលខ្លួនទៅបំភ្លឺនៅតុលាការ។
សេចក្តីជូនដំណឹងរបស់ក្រសួងយុត្តិធម៌បានបង្ហាញថា ក្រសួងយុត្តិធម៌ នឹងរៀបចំឱ្យមាន «វគ្គស្វែងយល់ពិសេស អំពីក្រមនីតិវិធីព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា ដល់អ្នកសារព័ត៌មានជាតិ និងអន្តរជាតិ។ ក្នុងគោលបំណងបកស្រាយនូវចម្ងល់នានា របស់អ្នកសារព័ត៌មានជាតិ និងអន្តរជាតិ ទាក់ទងនឹងការអនុវត្តក្រមនីតិវិធីព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីបានស្វែងយល់កាន់តែច្បាស់លាស់អំពីចំណាត់ការនីតិវិធីនានារបស់អយ្យការ និងតុលាការកម្ពុជា ក្នុងដំណើរការសំណុំរឿងព្រហ្មទណ្ឌ នៅម៉ោង ២៖៣០នាទីរសៀល ដល់ម៉ោង៥៖០០នាទីល្ងាច ថ្ងៃទី០២ ខែឧសភា ឆ្នាំ២០១៧»។
ជុំវិញការរៀបចំជួបជុំអ្នកកាសែតដ៏កម្ររបស់ក្រសួងយុត្តិធម៌ ចំថ្ងៃទី០២ ខែឧសភាជាថ្ងៃដែលលោក ជុន ច័ន្ទបុត្រ ចូលបំភ្លឺនៅតុលាការ អ្នកតាមដាន ស្ថានភាពនយោបាយ ឈ្មោះ «បក្សីចាំក្រុង» បានផ្តល់ការវិភាគប្រាប់បណ្តាញព័ត៌មាន Fresh News ថា «សេចក្តីប្រកាសជួបជុំរបស់ក្រសួងយុត្តិធម៌នេះ ហាក់មានអត្ថន័យបង្កប់។
ទី១៖ នេះជាការជួបជុំរវាងអ្នកកាសែត និងអ្នកច្បាប់ បន្ទាប់ពីមាននីតិវិធីតុលាការជុំវិញរឿងលោក ជុន ច័ន្ទបុត្រ មេអ្នកកាសែតនៅអាស៊ីសេរី បន្លំខ្លួនជាមួយបក្សសង្រ្គោះជាតិចូលពន្ធនាគារ។
ទី២៖ ការប្រកាសរបស់ក្រសួងយុត្តិធម៌ហាក់មានការប្រញ៉ាប់ប្រញាល់ ធ្វើឡើងនៅយប់ថ្ងៃសុក្រ មុនថ្ងៃឈប់សម្រាក ដែលត្រូវចូលធ្វើការនៅថ្ងៃទី២ ឧសភា ព្រោះថ្ងៃទី ១ ឧសភា ជាថ្ងៃឈប់សម្រាក។
ទី៣៖ ការជួបជុំនេះ គាប់ជួនពេលវេលាដែលលោក ជុន ច័ន្ទបុត្រ ចូលខ្លួនក្នុងឋានៈជនសង្ស័យនៅចំពោះមុខតុលាការ ហើយការជួបជុំនេះធ្វើក្រោយម៉ោង ចូលខ្លួនរបស់លោក ជុន ច័ន្ទបុត្រ។
ទី៤៖ អ្នកនាំពាក្យក្រសួងយុត្តិធម៌ធ្លាប់បញ្ជាក់ហើយថា តាមផ្លូវច្បាប់ តុលាការមានសិទ្ធិឃាត់ខ្លួនជនសង្ស័យ ដូចករណីអ្នកវិភាគ គឹម សុខ។
ទី៥៖ សាក្សីដាក់បន្ទុក គឺបានចូលខ្លួនអស់ហើយ។ ដូចនេះបើមិនមែនជាសន្និសីទកាសែតដើម្បីពន្យល់អំពីការឃាត់ខ្លួនលោក ជុន ច័ន្ទបុត្រ តើជាអ្វីទៅវិញ?»
អ្នកវិភាគដដែលរូបនេះ ក៏បានបង្ហាញទស្សនៈដែរថា ជារឿងដែលគួរឲ្យស្តាយដែល លោក ជុន ច័ន្ទបុត្រ ភ្លាត់ស្នៀត នៅពេលបន្លំចូលពន្ធនាគារតាម គណៈប្រតិភូបក្សប្រឆាំង ដែលគ្រប់គ្នាយល់ច្បាស់ថា នេះគឺជាការស៊ុគ្រលំនយោបាយ រៀបចំសេណារីយ៉ូមុនពេលបោះឆ្នោត។ កំហុស គឺពិតជាមាន តែជាកំហុសលើកទីមួយ ដែលគួរតុលាការពិចារណា!
សូមជំរាបថា ទាំងលោក ឡុង រី និង លោកស្រី មូរ សុខហួរ ជាតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ បានបំពេញកាតព្វកិច្ចចូលបំភ្លឺ ក្នុងនាមជាសាក្សីចំពោះមុខស្ថាប័នអយ្យការអមសាលាដំបូងរាជធានីភ្នំពេញរួចហើយ។ មជ្ឈដ្ឋានមួយចំនួនរង់ចាំមើលថា តើលោក ហួត ឃីនវុទ្ធី ហៅ ជុន ច័ន្ទបុត្រ អនុប្រធានវិទ្យុអាស៊ីសេរីផ្នែកខេមរភាសា ហ៊ានចូលបំភ្លឺក្នុងនាមជាជនសង្ស័យដែរឬទេ ? អ្នកនាំពាក្យក្រសួងយុត្តិធម៌ ធ្លាប់ព្រមានថា តំណាងអយ្យការអាចឃាត់ខ្លួនជនសង្ស័យបាន ប្រសិនបើរកឃើញធាតុផ្សំនៃបទល្មើសព្រហ្មទណ្ឌ។
កាលពីព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៧ តំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ លោកស្រី មូរ សុខហួរ និងលោក ឡុង រី បាននាំលោក ហួត វុទ្ធី ហៅជុន ច័ន្ទបុត្រ អនុប្រធានវិទ្យុអាស៊ីសេរី ដោយបន្លំខ្លួនជាជំនួយការរបស់ពួកគាត់ចូលទៅពន្ធនាគារព្រៃស ដើម្បីចុះសួរសុខទុក្ខ សកម្មជនរបស់គណបក្ស សង្រ្គោះជាតិ ចំនួន១៦នាក់ ដែលកំពុងជាប់ឃុំ នៅក្នុងពន្ធនាគារព្រៃ។ ចំពោះករណីនេះតុលាការសម្រេចចេញដីកាកោះហៅជនសង្ស័យ ជុន ច័ន្ទបុត្រ មកបំភ្លឺនៅតុលាការនាថ្ងៃទី០២ ខែឧសភា ឆ្នាំ២០១៧ខាងមុខនេះ៕