(ព្រះសីហនុ)៖ ស្នងការនគរបាលខេត្តព្រះសីហនុ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បានថ្លែងជម្រុញឲ្យថ្នាក់ដឹកនាំទាំងអស់ ត្រូវធ្វើផែនការសកម្មភាព ការងារជាក់ស្តែង ទៅតាមភូមិសាស្ត្រ ដែលអស់លោកគ្រប់គ្រង និងធ្វើផែនទីជាក់ស្ដែង កំណត់ទីតាំងធ្លាប់កើតមានបទល្មើស និងងាយរងគ្រោះ ព្រមទាំងខិតខំប្រឹងប្រែងធ្វើការងារប្រចាំថ្ងៃឲ្យបានល្អ ដើម្បីទប់ស្កាត់ ការពារសន្តិសុខសណ្តាប់ធ្នាប់ ជូនប្រជាពលរដ្ឋនៅតាមមូលដ្ឋាន កាន់តែល្អប្រសើរឡើង។
នៅព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៧នេះ ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានបើកកិច្ចប្រជុំបូកសរុបការងារ ប្រចាំខែមេសា ឆ្នាំ២០១៧ និងសម្រួលភារកិច្ច បំពាក់ឋានន្តរស័ក្តិជូនមន្ត្រីនគរបាលជាតិ ក្រោមអធិបតីភាពលោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ។
របាយការណ៍បូកសរុបសភាពការណ៍ និងកិច្ចប្រតិបត្តិការ ថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គមប្រចាំខែមេសា ដែលអានដោយលោកវរសេនីយ៍ឯក សៅ ស៊ាន ស្នងការរងទទួលផែនសេនាធិការ បានកត់សម្គាល់ឃើញថា «បទល្មើសព្រហ្មទណ្ឌមានការថយចុះច្រើន»។
តាមប្រកាសរបស់ក្រសួងមហាផ្ទៃ ត្រូវបានសម្រួលភារកិច្ចជូនមន្រ្តីនគរបាលចំនួន១៨នាក់ តែងតាំងមុខតំណែង១៨ បំពាក់ឋានន្តរស័ក្តិ ថ្នាក់អនុសេនីយ៍ឯក៤នាក់ ថ្នាក់អនុសេនីយ៍ទោ៥នាក់ និងថ្នាក់អនុសេនីយ៍ត្រី២នាក់ សរុបចំនួន៤៧នាក់។
ក្នុងការសម្រួលភារកិច្ចខាងលើនេះ ក៏មានការផ្លាស់ប្តូរនាយនគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់លេខ២ ឲ្យមកកាន់នាយប៉ុស្តិ៍សង្កាត់លេខ៤ រីឯនាយប៉ុស្តិ៍សង្កាត់លេខ៤ មកកាន់សង្កាត់លេខ២វិញ។
បន្ទាប់ពីធ្វើពិធីបំពាក់ឋានន្តរស័ក្តិ រួចមកលោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បានណែនាំឲ្យអស់លោកជាថ្នាក់ដឹកនាំទាំងអស់ ត្រូវធ្វើការកែសម្រួលរបៀបរបបការងារ ការដឹកនាំ ការគ្រប់គ្រងកងកម្លាំង និងបែងចែកភារកិច្ចទទួលខុសត្រូវឲ្យបានច្បាស់លាស់ ដោយ ត្រូវមានការត្រួតពិនិត្យ តាមដានផែនការ ដែលបានដាក់ចុះ ព្រមទាំងធ្វើការប្រជុំវាយតម្លៃ លើកសរសើរ និងស្នើសុំតម្លើងឋានន្តរស័ក្តិ ចំពោះបុគ្គលដែលមានស្នាដៃ៕