(សៀមរាប)៖ នៅយប់ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៧ មានករណីខ្យល់កន្ត្រាក់ និងរន្ទះបាញ់មកលើក្រុងសៀមរាប និង៥ស្រុកទៀត រួមមាន៖ ស្រុកសូទ្រនិគម, ស្រុកជីក្រែង, ស្រុកវ៉ារិន ស្រុកបន្ទាយស្រី និងស្រុកអង្គរជុំបណ្តាលឲ្យដួលរលំផ្ទះ៥ខ្នង រន្ទះបាញ់ស្លាប់មនុស្ស៣នាក់ របួសធ្ងន់ស្រាល៤នាក់ និងងាប់សត្វគោ១១ក្បាល ព្រមទាំងមានការដាច់ចរន្ដអគ្គិសនីផងដែរ។
លោក លីវ សុខុន ប្រធានមន្ទីរព័ត៌មានខេត្តសៀមរាប បានឲ្យដឹងថា នៅក្រុងសៀមរាប មានភ្លៀងធ្លាក់លាយខ្យល់កន្ត្រាក់ និងមានរន្ទះបាញ់ ចំនួន០១ករណី បណ្តាលឲ្យមនុស្សស្លាប់ម្នាក់ និងងាប់សត្វគោ០១ក្បាល នៅចំណុចមុខវត្តដំរីសែនជ័យ ភូមិនគរក្រៅ សង្កាត់គោកចក ដែលជនរងគ្រោះ ឈ្មោះ វ៉ង អ៊ុ ភេទប្រុស អាយុ៥៥ឆ្នាំ មុខរបរកសិករ។
ស្រុកជីក្រែង រន្ទះបាញ់បណ្តាលឲ្យរងរបួសបុរសម្នាក់ ឈ្មោះ ទឹម ថាវ អាយុ២៣ឆ្នាំ នៅភូមិអូរខ្លុង ឃុំពង្រក្រោម ហើយបានបញ្ជូនទៅព្យាបាល នៅមន្ទីរពេទ្យបង្អែកស្រុកសូទ្រនិគម។ ស្រុកសូទ្រនិគម បណ្ដាលឲ្យរលំផ្ទះប្រជាពលរដ្ឋចំនួន៥ខ្នង និងរបួសមនុស្សចំនួន៣នាក់ រួមមាន ទី១៖ឈ្មោះ ឌុច ហ៊ីង ភេទស្រី អាយុ៧០ឆ្នាំ, ទី២៖ឈ្មោះ ចាន់ ឆុន ភេទប្រុស អាយុ៤ឆ្នាំ និងទី៣៖ឈ្មោះ ចាន់ សុឡី ភេទប្រុស អាយុ៧ឆ្នាំ។
ដោយឡែក ស្រុកវ៉ារិន រន្ទះបាញ់បណ្តាលឲ្យងាប់គោចំនួន១០ក្បាល នៅព្រៃខាងត្បូង ភូមិគោកកណ្តាល ឃុំល្វាក្រាំង ដែលសត្វទាំងនេះមានម្ចាស់ ទី១៖ឈ្មោះ សឿម សែ មានគោល១ក្បាល, ទី២៖ឈ្មោះ ម៉ួង ម៉ាប់ មានគោ៤ក្បាល, ទី៣៖ឈ្មោះ ឈិញ ហឿន មានគោ១ក្បាល, ទី៤៖ឈ្មោះ ហែម រាជ មានគោ១ក្បាល, ទី៥៖ឈ្មោះ លី ឡៃ មានគោ១ក្បាល, ទី៦៖ឈ្មោះ ពិន កែម មានគោ១ក្បាល និងទី៧៖ឈ្មោះ វេង វៀត មានគោ១ក្បាល។
ស្រុកបន្ទាយស្រី រន្ទះបាញ់សម្លាប់មនុស្សម្នាក់ ជនរងគ្រោះ ឈ្មោះ គយ ដានី ហៅអ៊ុល ភេទស្រី អាយុ៣២ឆ្នាំ ជាស្ត្រីមេម៉ាយកូន២នាក់ រស់នៅភូមិខ្នារង្វាស ឃុំឃុនរាម ស្រុកបន្ទាយស្រី ហើយរន្ទះបាញ់នេះ ខណៈដែលជនរងគ្រោះ កំពុងដើរទៅឆ្លុះកង្កែបនៅវាលស្រែ។
ស្រុកអង្គរជុំ សម្លាប់មនុស្សម្នាក់ នៅចំណុចចំការដំឡូង ឃុំគោកដូង ជនរងគ្រោះឈ្មោះ មូវ ឈី ភេទប្រុស អាយុ២៩ឆ្នាំ។ បច្ចុប្បន្នសាកសពទាំងអស់ ត្រូវបានក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីខ្មែរ នៅគេហដ្ឋានរៀងៗខ្លួន។
សូមបញ្ជាក់ថា ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង ស្តីពីស្ថានភាពអាកាសធាតុនៅកម្ពុជា ដោយបានអំពាវនាវ សូមឲ្យបងប្អូនប្រជាពលរដ្ឋ បន្តបង្កើនការប្រុងប្រយ័ត្នខ្ពស់បំផុត ចំពោះបាតុភូតរន្ទះ និងខ្យល់កន្ត្រាក់ ជាពិសេសចាប់ថ្ងៃទី២៨ ដល់ថ្ងៃទី៣០ខែមេសា ២០១៧ ខណៈភ្លៀងនឹងបន្តធ្លាក់រាយប៉ាយ ក្នុងក្របខ័ណ្ឌស្ទើរទូទាំងប្រទេស រហូតដល់ថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០១៧៕